សហរដ្ឋអាមេរិកបានសំដែងក្ដីព្រួយបារម្ភជាថ្មីអំពីវត្តមានយោធាចិនក្នុងដែនសមុទ្រកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបានបដិសេធជំនួយរបស់ខ្លួន ដែលចង់អភិវឌ្ឍតំបន់មូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។
ក្នុងលិខិតមួយចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដែល VOD ទើបតែទទួលបាននៅថ្ងៃនេះ ឧបការីរងរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកភូមិភាគអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង លោក Joseph Felter បានស្នើសុំឲ្យរដ្ឋមន្ដ្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បកស្រាយអំពីមូលហេតុដែលកម្ពុជាបដិសេធលែងចង់បានជំនួយរបស់ខ្លួនក្នុងការកែលម្អមូលដ្ឋានទ័ពជើងទឹករាម ដូចជា ការជួសជុលអគារបណ្ដុះបណ្ដាល និងឃ្លាំងជួសជុលកាណូត ដែលត្រូវបានកសាងឡើងក្រោមការឧបត្ថម្ភរបស់អាមេរិក កាលពីឆ្នាំ២០១៧។
លោក Joseph Felter បានបញ្ជាក់ក្នុងលិខិតនោះថា ភាគីកម្ពុជាបានស្នើសុំជំនួយនេះ កាលពីខែមករាកន្លងទៅ ហើយលោកក៏បានស្នើសុំ និងទទួលបានកញ្ចប់ថវិកាពីរដ្ឋាភិបាលអាមេរិក កាលពីខែមេសា ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍មូលដ្ឋានទ័ពជើងទឹករាមនេះ។ ប៉ុន្ដែ នៅថ្ងៃទី៦ ខែមិថុនា លោកបែរជាទទួលបានលិខិតមួយរបស់ក្រសួងការពារជាតិកម្ពុជា ដែលបានច្រានចោលជំនួយនេះ និងឆ្លើយតបថា «លែងមានភាពចាំបាច់»។
លោក Joseph Felter ឲ្យ VOD ដឹងបន្ថែមតាមរយៈសារអេឡិចត្រូនិចនៅថ្ងៃអង្គារនេះថា អាមេរិកពិតជាមានក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពមិនច្បាស់លាស់នៃការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាមនេះ បន្ទាប់ពីគេសង្កេតឃើញឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ចិនបានគ្របដណ្ដប់ខ្លាំងក្នុងប្រទេសកម្ពុជា។
លោកបន្ដថា សហរដ្ឋអាមេរិកជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ និងការពារឯករាជ្យភាពរបស់ខ្លួន ដោយកុំអនុញ្ញាតឲ្យមានវត្តមានយោធាបរទេសណាមួយនៅក្នុងប្រទេសនេះ។
លោក Joseph Felter ប្រាប់ VOD តាមរយៈសារអេឡិចត្រូនិចថា៖ «ជំហានដែលធ្វើឲ្យចុះខ្សោយឯករាជ្យភាពរបស់កម្ពុជា ឬបើកផ្លូវឲ្យមានវត្តមានយោធាបរទេសនៅក្នុងប្រទេសកម្ពុជានោះ គឺជាក្ដីកង្វល់របស់សហរដ្ឋអាមេរិក ហើយអាចគំរាមកំហែងដល់ជំនឿទុកចិត្ដ និងគោលជំហររបស់អាស៊ាន។ យើងទទូចឲ្យរដ្ឋាភិបាលកម្ពុជារក្សាការប្ដេជ្ញាចិត្តតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន ជាមួយនឹងគោលនយោបាយការបរទេសដែលឯករាជ្យ និងការពារឯករាជ្យភាពរបស់កម្ពុជា»។
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក លោក ទៀ វិញ ប្រាប់ VOD ផងដែរថា ក្រសួងការពារជាតិកម្ពុជាបានសម្រេចផ្លាស់ប្ដូរ និងអភិវឌ្ឍតំបន់មូលដ្ឋានទ័ពជើងទឹករាមនេះ ប៉ុន្ដែ លោកក៏មិនដឹងច្បាស់ដូចគ្នា ថាតើការអភិវឌ្ឍនាពេលខាងមុខនឹងក្លាយជាបែបណានោះទេ។
យ៉ាងណាក៏ដោយ លោកបន្ដថា ក្រសួងការពារជាតិមានបំណងផ្លាស់ប្ដូរឃ្លាំងជួសជុលកាណូត និងអគារបណ្ដុះបណ្ដាលរបស់អាមេរិកទៅតំបន់មួយទៀតឈ្មោះ «ទំនប់រលក» ដែលស្ថិតនៅមិនឆ្ងាយពីមូលដ្ឋានទ័ពជើងទឹករាមនោះទេ។
លោក បន្ដថា៖ «តាមនយោបាយរបស់រដ្ឋាភិបាល គឺត្រូវផ្លាស់ប្ដូរខាងហ្នឹងទៅនៅកន្លែងថ្មីវិញ ដើម្បីងាយស្រួលក្នុងការធ្វើការបន្ដិច។ […] ត្រង់នេះ ខ្ញុំមិនច្បាស់ទេ ខ្ញុំមិនទាន់អាចឆ្លើយបានទេ គាត់សម្រេចយ៉ាងម៉េចស្រេចតែក្រសួងការពារជាតិ គាត់មានគម្រោងយ៉ាងម៉េច ខ្ញុំក៏មិនទាន់ច្បាស់ដែរ។ នោះជាការផ្លាស់ប្ដូរទីតាំងទេ រាល់កិច្ចការដែលឃ្លាំងគាត់ធ្វើ និងអគារដែលគាត់ឲ្យហ្នឹង យើងក៏ធ្វើឲ្យមួយនៅ«កក់ព្រៀត»ហ្នឹងដែរ។ យើងធ្វើថ្មី យើងដាក់ឈ្មោះឲ្យគាត់»។
អ្នកជំនាញគោលនយោបាយ និងជាសាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក លោក អៀ សុផល មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាអាចបដិសេធ ឬព្យាយាមលាក់បាំងអំពីការអភិវឌ្ឍតំបន់មូលដ្ឋានទ័ពជើងទឹករាមនេះ។ ប៉ុន្ដែ លោកថា រឿងរ៉ាវទាំងអស់នេះមិនអាចភូតកុហកភាពវ័យឆ្លាតរបស់មនុស្ស ឬរូបភាពពីផ្កាយរណបបាននោះទេ។
លោក អៀ សុផល យល់ថា ច្បាស់ណាស់ ចិននឹងចូលមកកាន់កាប់ និងទាញយកផលប្រយោជន៍ពីតំបន់មូលដ្ឋានទ័ពជើងទឹកមួយនេះ ហើយថា វារឹតតែធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់កម្ពុជាជាមួយអាមេរិកថែមទៀត បើសិនអ្វីដែលអាមេរិកជួយនោះ បម្រើឲ្យផលប្រយោជន៍របស់ចិនទៅវិញ។
អ្នកជំនាញផ្នែកនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថា ការជំរុញឲ្យកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសអព្យាក្រឹត្យ និងឯករាជ្យនេះ លោកថា អាចមកពីផលប្រយោជន៍យុទ្ធសាស្ដ្ររបស់អាមេរិក នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការទប់ស្កាត់ឥទ្ធិពលរបស់ចិនក្នុងតំបន់អាស៊ាន។
ប៉ុន្ដែ លោក ឯម សុវណ្ណារ៉ា យល់ថា ការជំរុញរបស់អាមេរិកនេះមិនបានធ្វើឲ្យខាតបង់ដល់កម្ពុជានោះទេ ហើយផ្ទុយទៅវិញ វាជាការក្រើនរំឭកដល់កម្ពុជាអំពីសោកនាដកម្មនៃប្រវត្តិសាស្ដ្រ ដែលបានរុញច្រានកម្ពុជាឲ្យធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងបនប្រល័យពូជសាសន៍ ដោយសារតែការលម្អៀងផ្នែកនយោបាយការបរទេសរបស់ខ្លួន។
លោក បន្ដថា៖ «យុទ្ធសាស្ដ្រឥណ្ឌូប៉ាស៊ីហ្វិក ដែលយុទ្ធសាស្ដ្រនេះ គឺសហរដ្ឋអាមេរិកចង់ឲ្យប្រទេសនៅមហាសមុទ្រឥណ្ឌា និងសមុទ្រប៉ាស៊ីហ្វិក ឲ្យមានភាពឯករាជ្យលែងទៅពឹងពាក់ចិន ហើយ«ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ»របស់ចិន ក៏លែងអត់ដំណើរការបានជោគជ័យដែរ។ យុទ្ធសាស្ដ្ររបស់អាមេរិកបែបនេះក៏ល្អសម្រាប់កម្ពុជាដែរ ពីព្រោះបើកម្ពុជាយើងចាប់ចិន យើងមានបទពិសោធន៍របបខ្មែរក្រហម យើងចាប់អាមេរិកសុទ្ធនៅទសវត្សន៍៦០ ក៏យើងរងគ្រោះ រុស្ស៊ីសុទ្ធក៏យើងរងគ្រោះ»។
កម្ពុជា និងអាមេរិកបានប្រឈមមុខដាក់គ្នាច្រើនដងរួចមកហើយ ពាក់ព័ន្ធការចោទប្រកាន់ថា កម្ពុជាបានអនុញ្ញាតឲ្យមានវត្តមានយោធាចិននៅក្នុងដែនសមុទ្រកម្ពុជា ដូចជាការលើកឡើងរបស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence អនុរដ្ឋមន្ត្រីការបរទេស លោក John Sullivan និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលចប់អាណត្តិ លោក William Heidt។
ប៉ុន្ដែ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានច្រានចោលចំពោះការលើកឡើងនេះ ដោយថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមានទ័ព ឬមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួនឡើយ វាលែងតែការចូលរួមនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ៕