អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងអំណរគុណរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ដោយលោកថាបានផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធទៅនឹងរបាយការណ៍នៃការតាំងមូលដ្ឋានកងទ័ពចិននៅក្នុងទឹកដីខេត្តព្រះសីហនុ។
លោក ផៃ ស៊ីផាន បានលើកឡើងបែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសថ្នាក់តំបន់មួយ នៅទីក្រុង បាងកក ស្វាគមន៍ការបដិសេធរបស់កម្ពុជា ចំពោះរបាយការណ៍សម្ងាត់ នៃការតាំងមូលដ្ឋានយោធាចិន នៅក្នុងឈូងសមុទ្ររាម ខេត្តព្រះសីហនុ។
លោក ផៃ ស៊ីផាន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២ខែសីហានេះថា៖ «ខ្ញុំបាទសូមអបអរ និងថ្លែងអំណរគុណដល់ ឯកឧត្តម MIKE POMPEO រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងការផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតេជោតែងតែលះបង់ និងពលីគ្រប់បែបយ៉ាងក្នុងកិច្ចការពារជាតិ ព្រមជាមួយអធិបតេយ្យជាតិ និងកិច្ចប្រឹងប្រែង រក្សាមិត្ត មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង ជាដៃគូសហការគ្រប់វិស័យ ជាមួយនឹងប្រជាជាតិទាំងអស់នៅលើពិភពលោក ដោយមិនរើសអើង។»
វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA បានចុះផ្សាយនៅថ្ងៃនេះថាក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាមេរិក-អាស៊ាន នាទីក្រុងបាងកក ប្រទេស ថៃ នៅថ្ងៃទី០១ ខែសីហា ២០១៩ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានសរសើរដល់កម្ពុជាដែលបង្ហាញការប្តេជ្ញាក្នុងការការពារបូរណភាពទឹកដីដោយច្រានចោលពីវត្តមានមូលដ្ឋានយោធាចិននៅកម្ពជា។
លោក មានប្រសាសន៍ថា៖«ខ្ញុំចង់ថ្លែងបញ្ជាក់រឿងរ៉ាវខ្លះដែលបានកើតឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាមេរិក-អាស៊ាន។ ប្រទេសកម្ពុជា បានបដិសេធរបាយការណ៍ដែលថា កម្ពុជា អនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិនបង្កើតឡើងនៅលើទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកស្វាគមន៍ការការពារអធិបតេយ្យភាព (បូរណភាពដែនដី) ដ៏ខ្លាំងក្លារបស់កម្ពុជា ហើយលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតក្នុងតំបន់ឲ្យធ្វើតាមលំនាំរបស់កម្ពុជា។»
អ្នកជំនាញគោលនយោបាយ និងជាសាស្ត្រាចារ្យផ្នែកការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental នៅសហរដ្ឋអាមេរិក លោក អៀ សុផល យល់ឃើញថាការថ្លែងរបស់លោក Mike Pompeo បង្កប់នូវសារដាក់គំនាបឱ្យរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តចំពោះអ្វីដែលខ្លួនបានបដិសេធ។ លោក បន្តថាប្រសិនបើកម្ពុជាធ្វើផ្ទុយ នោះវាបង្ហាញថាកម្ពុជារំលោភច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន ក៏ដូចជាបំផ្លាញនូវទំនុកចិត្តពីសហគមន៍អន្តរជាតិផងដែរ។
លោក សុផល បង្ហាញការយល់ឃើញបន្ថែមទៀតថា ការស្វាគមន៍នោះ មិនប្រាកដជាសញ្ញាទន់ភ្លន់ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងអាមេរិក និងកម្ពុជានោះទេ ប៉ុន្តែ វាគ្រាន់តែជាល្បែងការទូតប៉ុណ្ណោះ។
លោក អៀ សុផល បានលើកឡើងថា៖«មិនប្រាកដទេ! នោះគ្រាន់តែជាល្បែងមួយដែលអ្នកការទូតលេងប៉ុណ្ណោះ។ រឿងសំខាន់គឺថា ប្រសិនបើមានសកម្មភាពណាមួយដែលស្តែងឱ្យឃើញថា ចិនកំពុងតាំងមូលដ្ឋាន [យោធា] នៅឈូងសមុទ្ររាមមែននោះ អ្នកនឹងឃើញព័ត៌មានបែកធ្លាយលេចឡើងបន្ថែមទៀត ជាក់ជាមិនខាន។»
កាសែត The Wall Street Journal របស់អាមេរិកកាលពីថ្ងៃទី២១ ខែកក្កដា បានចុះផ្សាយថា កម្ពុជា បានចុះហត្ថលេខាជាសម្ងាត់ជាមួយចិន អំឡុងត្រីមាសទី២ ឆ្នាំ ២០១៩ ដើម្បីផ្ដល់សិទ្ធិឱ្យប្រទេសចិន ប្រើប្រាស់មូលដ្ឋានជើងទឹកមួយកន្លែងក្នុងឈូងសមុទ្រកម្ពុជា រយៈពេល ៣០ឆ្នាំ។
ប៉ុន្តែ ការចុះផ្សាយនេះ ត្រូវបានភាគីកម្ពុជា និងចិន ធ្វើការទាត់ចោលជាបន្តបន្ទាប់។
ភ្លាមៗដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបដិសេធចំពោះការចុះផ្សាយនោះ និងថា ជាព័ត៌មានប្រឌិតដែលមានចេតនាដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ កាលពីថ្ងៃទី ២៦ កក្កដា រដ្ឋាភិបាលកម្ពុជា បាននាំអ្នកសារព័ត៌មានជាង ៧០ នាក់ មកពី៣៦ អង្គភាព ទៅចុះទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីជាការបង្ហាញដល់សាធារណជនទូទៅថាមិនមានមូលដ្ឋានកងទ័ពចិននៅតំបន់នោះឡើយ៕