កម្ពុជាស្នើឲ្យភាគីថៃជួយបង្កើតយន្តការថ្មីបន្ថែមក្នុងការជួយការពារសិទ្ធិនិងផលប្រយោជន៍ផ្សេងៗរបស់ពលរដ្ឋខ្មែរ ដែលទៅបម្រើការងារជាកម្មករនេសាទនៅលើទូកថៃ ហើយកំពុងប្រឈមមុខនិងបញ្ហាជាច្រើន។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាស្ថាប័នរបស់រដ្ឋាភិបាល លោក កែវ រ៉េមី បានផ្ញើលិខិតមួយច្បាប់ទៅកាន់គណៈកម្មាធិការសិទ្ធិមនុស្សថៃកាលពីថ្ងៃទី៩ខែសីហា។ ក្នុងលិខិតនោះលើកឡើងថា ពលរដ្ឋខ្មែរដែលកំពុងធ្វើការជាអ្នកនេសាទនៅថៃរងការបង្ខំឲ្យធ្វើការនិងបង្ខំឲ្យប្រើប្រាស់គ្រឿងញៀន ដើម្បីឲ្យធ្វើការងារដោយ មិនមានពេលសម្រាក។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានស្នើឲ្យភាគីថៃចុះបញ្ជីកម្មករនេសាទនិងបង្កើតយន្តការ ដើម្បីតាមដានបញ្ហាសិទ្ធិមនុស្សក្នុងវិស័យឧស្សាហកម្មនេសាទ។
តាមរបាយការណ៍របស់ក្រសួងការងារថៃនិងមន្ត្រីសង្គមស៊ីវិលនៅកម្ពុជាគឺពលរដ្ឋខ្មែរកំពុងបម្រើការងារនៅក្នុងប្រទេសថៃមានជាង១លាននាក់ ក្នុងនោះជាង៨០ម៉ឺនាក់ជាពលករខុសច្បាប់៕