មន្ត្រីជាន់ខ្ពស់នគរបាលជាតិ បានឱ្យដឹងថា សមត្ថកិច្ចនឹងដាក់ពង្រាយនៅតាមគោលដៅត្រួតពិនិត្យសរុបជិត ៦០០ទីតាំងនៅទូទាំងប្រទេសនៅពេលអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យបទល្មើសចរាចរណ៍ នឹងត្រូវចាប់ផ្ដើមអនុវត្តនៅដើមខែក្រោយនេះ។
សមត្ថកិច្ចកម្ពុជាគ្រោងចាប់ផ្ដើមអនុវត្តតាមអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យធ្ងន់ធ្ងរលើបទល្មើសចរាចរណ៍ផ្លូវគោកចាប់ពីថ្ងៃម៉ោង ១២យប់ឈានចូលថ្ងៃទី១ ខែឧសភាខាងមុខនេះ។
អ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់វីអូឌីនៅល្ងាចថ្ងៃនេះថា សមត្ថកិច្ចនឹងដាក់ពង្រាយកម្លាំងសរុប ៣,៩១៦រូប នៅតាមគោលដៅត្រួតពិនិត្យចរាចរណ៍សរុប ៥៦៨ទីតាំងនៅទូទាំងប្រទេស។
បើតាមអនុក្រឹត្យថ្មី អ្នកបើកបរល្មើសគំនូសសញ្ញា ភ្លើង និងច្បាប់ចរាចរណ៍ នឹងត្រូវមន្ត្រីនគរបាលផាកពិន័យយ៉ាងទាបបំផុត ៦ម៉ឺនរៀល រហូតដល់ចំនួន ៨០ម៉ឺនរៀលសម្រាប់អ្នកបើកបរទោចក្រយានយន្ត ឬម៉ូតូ។ សម្រាប់អ្នកប្រើប្រាស់រថយន្ត ពួកគេនឹងត្រូវរងការផាកយ៉ាងទាបបំផុត ៧ម៉ឺន ៥ពាន់រៀល រហូតដល់ខ្ពស់បំផុត ២លាន ៤សែនរៀល។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានឱ្យដឹងថា សមត្ថកិច្ចចម្រុះជាង ១,២០០រូប រួមមានមន្ត្រីនគរបាលចរាចរណ៍ និងកម្លាំងអន្តរាគមន៍ផងដែរ នឹងត្រូវដាក់ពង្រាយនៅតាមគោលដៅត្រួតពិនិត្យចរាចរណ៍សរុប ៦១ទីតាំងនៅទូទាំងរាជធានីភ្នំពេញ។
លោក ស ថេត បន្ថែមថា សមត្ថកិច្ចចម្រុះនឹងអនុវត្តការត្រួតពិនិត្យបទល្មើសចរាចរណ៍ទាំងពេលថ្ងៃ ហើយនៅពេលយប់ចន្លោះពីម៉ោង ១១យប់ដល់ម៉ោង ២កន្លះរំលងអធ្រាត្រ។
លោក ស ថេត ប្រាប់ថា៖ «[អនុវត្តពី]ម៉ោង ១១[យប់]ដល់ម៉ោង ២កន្លះ [រំលងអាធ្រាត្រ] ដោយសារពួកហ្នឹង[អ្នកបើកបរយានយន្ត] ពេលស្រវឹង វាដើរលេង ហើយគ្រោះថ្នាក់[ចរាចរណ៍]វាច្រើនតែជួបពេលហ្នឹង ម៉ោងហ្នឹង គន្លាក់ហ្នឹង ភាគច្រើន»។
នៅថ្ងៃនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវតាមទំព័រហ្វេសប៊ុករបស់លោកទៅប្រជាពលរដ្ឋ ជាពិសេសយុវជន មុននឹងបើកបររថយន្ត ត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញ ត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗឱ្យបានត្រឹមត្រូវ មុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ៕