មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹងថា រឿងក្តីទាក់ទិននឹងអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី ត្រូវបានចៅក្រមបន្តដាក់ឱ្យមានការស៊ើបអង្កេតរកអ្នកនៅពីក្រោយឬជនសមគំនិតនៃការបាញ់ប្រហារនេះ ខណៈបុណ្យខួបគម្រប់៥ឆ្នាំនៃអំពើឃាតកម្ម នឹងត្រូវគេរៀបចំនៅថ្ងៃទី១០ ខែកក្កដា ខាងមុខ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បញ្ជាក់តាមសារអេឡិចត្រូនិចថា សំណុំរឿងលោកបណ្ឌិត កែម ឡី ដែលត្រូវបានបំបែកចេញជាពីរនេះ គឺមិនទាន់បានបិទបញ្ចប់នៅឡើយទេ ដោយបច្ចុប្បន្ន ចៅក្រមស៊ើបសួរបានស្នើឱ្យសមត្ថកិច្ចបន្តនីតិវិធីសួរនាំអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ។
ប៉ុន្តែលោក អ៊ី រិន្ទ មិនបានបញ្ជាក់ថាតើមានជនសង្ស័យប៉ុន្មាននាក់ហើយដែលសមត្ថកិច្ចកំពុងសួរនាំ ហើយនីតិវិធីនេះបន្តដល់ណាហើយនោះទេ។
បន្ថែមលើសារអេឡិចត្រូនិចនេះ លោក អ៊ី រិន្ទ ឱ្យដឹងថា មូលហេតុដែលនាំឱ្យតុលាការមិនអាចបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យ ឬការបន្តនីតិវិធីបែបណានោះ ព្រោះនេះជាដំណាក់កាលនៃការស៊ើបអង្កេត។ លោកបន្ថែមថា ការទម្លាយពីចំណាត់ការនៃការស៊ើបអង្កេត វានឹងនាំឱ្យប៉ះពាល់ដល់នីតិវិធីសម្ងាត់នៃការបំពេញការងាររបស់សមត្ថកិច្ច។
លោកថា៖ «ទាក់ទងទៅនឹងនីតិវិធីស៊ើបសួរនៅក្នុងការរក្សាការសម្ងាត់។ ខ្ញុំជម្រាបជូនបានតែប៉ុណ្ណឹងទេ»។
ពាក់ព័ន្ធនឹងចំណាត់ការរបស់សមត្ថកិច្ចវិញ វីអូឌី មិនអាចសុំការបំភ្លឺបន្ថែមពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានទេ នៅថ្ងៃនេះ។
លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់ប្រហារទាំងព្រឹកព្រលឹម និងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងម៉ាតនៃបរិវេណហ្គារ៉ាស់សាំងកាល់តិច ស្តុបបូកគោ។ ក្រោយមក សមត្ថកិច្ចចាប់ខ្លួនឃាតករម្នាក់ដែលបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ ប៉ុន្តែគេស្គាល់ឈ្មោះពិតថា អឿត អាង។ ទាំងក្នុងដំណាក់កាលយកចម្លើយនៅចំពោះមុខនគរបាលយុត្តិធម៌ និងថ្ងៃជំនុំជម្រះអំពើបាញ់ប្រហារនេះ លោក អឿត អាង បញ្ជាក់ថា មានតែរូបគេម្នាក់ប៉ុណ្ណោះជាជនដៃដល់នៃអំពើឃាតកម្មនេះ ហើយមូលហេតុដោយសារលោកបណ្ឌិត កែម ឡី ជំពាក់លុយគាត់ចំនួន៣ ០០០ដុល្លារ មិនព្រមសង។
កាលពីខែមីនា ឆ្នាំ២០១៧ តុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមបទចោទ «ឃាតកម្មគិតទុកជាមុន» និងបទចោទមួយទៀត «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។
នៅក្នុងដំណាក់កាលនៃដំណើរក្តី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត់ បានបែងចែកសំណុំរឿងនេះជាពីរ ក្នុងនោះ សំណុំរឿងទី១ ពាក់ព័ន្ធការកាត់ទោសឃាតករឈ្មោះ អឿត អាង និងសំណុំរឿងទី២ ផ្តោតលើការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធឬអ្នកនៅពីក្រោយខ្នងនៃអំពើបាញ់ប្រហារនេះ។
ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ រឿងក្តីដែលបានញែកជាពីរនេះហាក់នៅទ្រឹងមិនដំណើរការរហូតមកដល់បច្ចុប្បន្ន។
ភរិយាលោកបណ្ឌិត កែម ឡី គឺអ្នកស្រី បូ រចនា ប្រាប់ វីអូឌី ពីប្រទេសអូស្រ្តាលី ជាទីដែលអ្នកស្រីនិងកូនៗទាំង៥នាក់សុំសិទ្ធិជ្រកកោនផ្នែកនយោបាយ នៅថ្ងៃទី៥ ខែកក្កដានេះថា អ្នកស្រីមិនជឿលើការរកយុត្តិធម៌របស់តុលាការនិងសមត្ថកិច្ចកម្ពុជាទេ។
អ្នកស្រីបន្តថា មានសំណុំរឿងធំៗជាច្រើន ដូចជា ករណីឃាតកម្មលើលោក ឈុត វុទ្ធី និងលោក ជា វិជ្ជា ជាដើម ត្រូវបានកប់ចោលនិងនៅបន្តអូសបន្លាយរាប់ឆ្នាំ គ្មានបានផលអ្វី រហូតមកដល់ពេលនេះ។ អ្នកស្រីបន្តថា ការលើកឡើងនៅពេលនេះរបស់តុលាការ វាគ្រាន់តែធ្វើឱ្យល្អមើលនិងដើម្បីកុំឱ្យព័ត៌មាននេះស្ងប់ស្ងាត់ប៉ុណ្ណោះ។
អ្នកស្រីបន្តថា៖ «យើងក៏ដឹងហើយ គ្រប់គ្នាថាគាត់បំបែកសំណុំរឿងជាពីរអីហ្នឹង គឺវាសុទ្ធតែជាលេសទេ។ គាត់វាគ្មានចំណាត់ការ ហើយក៏គ្មានស៊ើបសួរខាងណាខាងណីបានមួយតង់ពីរតង់អីទេ។ គាត់និយាយកុំឱ្យតែស្ងាត់ព័ត៌មាន ពេលសួរទៅ អត់មានអីទៅ។ ខ្ញុំអត់មានជំនឿជឿជាក់ក្នុងចិត្តអីសូម្បីតែបន្តិចសោះហ្មង»។
នៅមុនថ្ងៃបុណ្យរម្លឹកខួប៥ឆ្នាំ នឹងមកដល់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេសង្កេតឃើញមានយុវជន បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងអ្នកគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី បានប្តូររូបថតនៅលើប្រូហ្វាល់របស់ពួកគេជាហូរហែ។
លោក ឃី ពិសី អ្នកសិក្សាផ្នែកវិទ្យាសាស្រ្តនយោបាយនៅរាជធានីភ្នំពេញ មានប្រសាសន៍ថា ហេតុផលដែលលោកសម្រេចចិត្តប្តូររូបប្រូហ្វាល់ដែលមានរូបលោកបណ្ឌិត កែម ឡី ដោយសារតែលោកស្រឡាញ់វីរភាពលោកបណ្ឌិត និងចូលចិត្តការវិភាគសង្គមរបស់លោក។ ជាងនេះទៀត លោកបណ្ឌិតនិយាយនិងវិភាគមានលក្ខណៈបែបវិទ្យាសាស្រ្ត ហើយរាល់ការវិភាគរបស់លោកបណ្ឌិតតែងតែឆ្លុះបញ្ចាំងការពិតក្នុងសង្គមកម្ពុជា។
ពាក់ព័ន្ធនឹងរឿងការប្តូររូបប្រូហ្វាល់នេះដែរ អ្នកស្រី សាក់ កន្និការ បុគ្គលិកអង្គការសង្គមស៊ីវិលម្នាក់ទៀត បាននិយាយថា ការសម្រេចចិត្តប្តូររូបប្រូហ្វាល់ដាក់រូបលោកបណ្ឌិត កែម ឡី ជាការរម្លឹកគុណនូវអ្វីដែលលោកបានធ្វើសម្រាប់ប្រទេសកម្ពុជា ដោយសារលោកបណ្ឌិតជាបុគ្គលគំរូម្នាក់ដែលលោកបានបន្សល់ទុកនូវវីរភាពជាច្រើន ដូចជា ហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍រួម ហ៊ាននិយាយការពិតដែលអ្នកផ្សេងមិនហ៊ាននិយាយ។
អ្នកស្រីបន្តថា៖ «កម្រងនៃទស្សនៈនយោបាយនិងការវិភាគបញ្ហាសង្គមរបស់លោកបណ្ឌិត កែម ឡី នៅតែមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋនិងយុវជនខ្មែរគួរយកអនុវត្តតាម»។
ដោយឡែក នាយករងអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត យល់ឃើញថា ការព្យាយាមបំបែកសំណុំរឿងជាពីររបស់តុលាការនេះ អាចមានហេតុផលដើម្បីបង្ហាញថា រឿងក្តីនេះនៅតែបន្តនីតិវិធីក្នុងការស៊ើបអង្កេតរបស់តុលាការឬសមត្ថកិច្ច។
លោកបន្តថា ការទទួលបានយុត្តិធម៌កម្រិតណាពីការញែកសំណុំរឿងព្រហ្មទណ្ឌមួយនេះ គឺត្រូវរង់ចាំមើលបន្តទៀត។
លោកបន្តថា៖ «បើយើងមើលទៅលើការបំបែកសំណុំរឿងនេះ គ្រាន់តែបង្ហាញថា សំណុំរឿងលោកបណ្ឌិត កែម ឡី ហ្នឹងគឺមិនទាន់ចប់ទេ គឺគេកំពុងតែដំណើរការ។ បើយើងមើលទៅលើភាពជាក់ស្តែងមកដល់ពេលនេះ មិនទាន់មានអ្វីដែលជាការវិវត្តនៃសំណុំរឿងទាំង២នេះទេ»។
សម្រាប់ម្តាយលោកបណ្ឌិត កែម ឡី គឺអ្នកស្រី ភោគ សេ ថ្លែងថា សម្រាប់បុណ្យរម្លឹកខួប៥ឆ្នាំ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ពុំមានការរៀបចំពិធីធំដុំអ្វីទេ ដោយគ្រាន់តែនិមន្តព្រះសង្គ៥អង្គ សូត្រមន្ត រាប់បាត្រ និងមានការចូលរួមតិចតួចពីសាច់ញាតិប៉ុណ្ណោះ ដើម្បីចៀសវាងមានបញ្ហាជាមួយអាជ្ញាធរ និងដើម្បីបង្ការកូវីដ-១៩៕