លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ពលករខ្មែរប្រមាណ៥២ ០០០នាក់ដែលកំពុងធ្វើការនៅប្រទេសថៃបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩រួចហើយ ខណៈពលករខ្មែរមួយចំនួនបាននាំគ្នាត្រលប់មកកម្ពុជាវិញ ដោយសារបារម្ភពីសុវត្ថិភាព បន្ទាប់ពីថៃកំពុងឆ្លងរាលដាលវីរុសប្រភេទ ”ដែលតា” ខ្លាំង។
ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កន្លងមក កម្ពុជាមានការព្រួយបារម្ភចំពោះការវិលត្រលប់របស់ពលករខ្មែរដែលមកពីថៃ ដោយសារតែថៃកំពុងឆ្លងរីករាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ ”ដែលតា” ហើយពលករខ្មែរដែលវិលត្រលប់មកពីថៃភាគច្រើនរកឃើញមានផ្ទុកជំងឺកូវីដ-១៩ថ្មីនោះ។
លោកថា៖ «មុននេះ យើងព្រួយបារម្ភធំណាស់ គឺពលករមកពីថៃ! ប៉ុន្តែដោយសារមានកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលកម្ពុជានិងរដ្ឋបាលថៃ ធ្វើឱ្យការវិលត្រលប់ដោយមានរបៀបរៀបរយរបស់ពលករយើងនៅក្នុងប្រទេសថៃ បូកជាមួយនឹងវិធានការដែលបានប្រកាន់យកនៅក្នុងប្រទេសថៃ»។
ដោយឡែក ចំពោះពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា រហូតមកដល់ពេលនេះ មានជាង៧ ០០០នាក់ប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា៖ «នៅក្នុងមណ្ឌលចត្តាឡីស័កតាមព្រំដែន សល់ដែលជាង៧ ០០០នាក់ទេ។ កាលមុន ឡើងជិតដល់១៥ ០០០នាក់ តែឥលូវនៅសល់តែជាង៧ ០០០នាក់ទេ។ ប៉ុន្តែឱ្យតែមកថៃភាគច្រើនឆ្លងសុទ្ធតែ”ដែលតា”ទាំងអស់។ អ៊ីចឹងការប្រឹងប្រែងរបស់យើងក្នុងការទប់ស្កាត់ការនាំចូលនិងទប់ស្កាត់ការរីករាលដាល តាមរយៈធ្វើចត្តាឡីស័កនិងការធ្វើតេស្តរហ័ស។ ហើយការធ្វើតេស្តផ្ដល់ឱកាសឱ្យយើងគ្រប់គ្រងបានមុខសញ្ញានិងកាត់បន្ថយការចម្លង»។
ពលករខ្មែរដែលធ្វើការនៅខេត្តឈុនបូរី ប្រទេសថៃ លោក កុយ ម៉េងលី ប្រាប់ វីអូឌី ថាចាប់តាំងពីថៃផ្ទុះជំងឺកូវីដ-១៩មក ពួកគាត់បានទទួលស្បៀងអាហារនិងការផ្ដល់ថ្នាំព្យាបាលជំងឺតែពីខាងអង្គការប៉ុណ្ណោះ សម្រាប់ខាងរដ្ឋាភិបាលកម្ពុជាវិញ លោកថាមិនទាន់ទទួលបានឡើយ។ លោកស្នើទៅរដ្ឋាភិបាលនិងមន្ត្រីស្ថានទូតឱ្យជួយផ្ដល់ស្បៀងអាហារ និងជួយធ្វើយ៉ាងណាឱ្យពួកគាត់បានទទួលវ៉ាក់សាំង ខណៈបច្ចុប្បន្នពួកគាត់មិនមានការងារធ្វើនោះទេ។
លោកថា៖ «ខ្ញុំចង់ឱ្យខាងរដ្ឋាភិបាលជួយជាថ្នាំនិងស្បៀងអាហារខ្លះៗអ៊ីចឹង។ ពលករឥលូវខ្វះច្រើន ជាប់កូវីដ-១៩ រាប់ខែ មិនទាន់ទទួលបានវ៉ាក់សាំងទេ តែអង្គការសង់ត្រាល់បានស្នើសុំទៅហើយ តែមិនដឹងពេលណាបានទេ បើឆាប់បាន គឺល្អ។ ខាងខ្ញុំអត់មានការងារច្រើនដែលគាត់ស្រង់ឈ្មោះ ខ្លះទៀតអត់មានលុយបង់បន្ទប់ទៀតផង»។
វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានទេ។
មន្ត្រីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក លឹង សុផុន សង្កេតឃើញថា ពលករដែលទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ភាគច្រើនពួកគេទៅស្របច្បាប់ ដោយមានថៅកែធានានិងនាំទៅចាក់វ៉ាក់សាំង ប៉ុន្តែពលករដែលមិនមានឯកសារគ្រប់គ្រាន់នោះ នឹងមិនបានទទួលវ៉ាក់សាំងនិងការព្យាបាលជំងឺឡើយ ខណៈការផ្ដល់ស្បៀងអាហារដល់ពួកគាត់នោះ អ្នកខ្លះបាន និងអ្នកខ្លះមិនទទួលបានទេ។
លោកថា៖ «កន្លងមក អង្គការសង្គមស៊ីវិលគាត់បានចុះជួយដែរ ដោយជួយជាស្បៀងអាហារអ៊ីចឹង។ ផ្ទុយទៅវិញ រឿងការចាក់វ៉ាក់សាំងសម្រាប់ពួកគាត់អត់មានឯកសារត្រឹមត្រូវ អត់ទាន់មានខាងណាមួយដើម្បីឱ្យពួកគាត់បានចាក់វ៉ាក់សាំងទេ»។
បើតាមរបាយការណ៍របស់អង្គការសង់ត្រាល់ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឱ្យដឹងថា ពលករខ្មែរនៅថៃចំនួនជាង២៤ ០០០នាក់បានត្រលប់មកស្រុកកំណើតវិញ នៅអំឡុងខែមិថុនា និងកក្កដា ឆ្នាំ២០២១ ដែលជាពេលវេលាប្រទេសថៃកំពុងផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី ដែលតា៕