រដ្ឋាភិបាលតាលីបង់ កាលពីថ្ងៃអាទិត្យម្សិលមិញ បានអំពាវនាវឱ្យជើងហោះហើរអន្តរជាតិនានាបន្តដំណើរការនៅក្នុងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ ដោយសន្យាថានឹងផ្ដល់កិច្ចសហការពេញលេញជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ ខណៈដែលពួកគេលើកឡើងថា បញ្ហានៅអាកាសយានដ្ឋានកាប៊ុលត្រូវបានដោះស្រាយរួចរាល់ហើយ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនេះ បានធ្វើឡើងស្របពេលដែលរដ្ឋបាលថ្មីបានបង្កើនកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីបើកប្រទេសជាតិឡើងវិញ និងទទួលបានការទទួលស្គាល់ពីអន្តរជាតិ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិចកាលពីខែមុន។
គួរបញ្ជាក់ថា សេវាកម្មជើងហោះហើរមួយចំនួនត្រូវបានបិទ បន្ទាប់ពីមានភាពវឹកវរក្នុងសកម្មភាពជម្លៀសជនបរទេសនិងជនជាតិអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ដែលងាយរងគ្រោះចេញពីប្រទេស។
ទោះជាយ៉ាងណា អាកាសយានដ្ឋានដែលរងការខូចខាតក្នុងអំឡុងពេលជម្លៀសនោះ ត្រូវបានបើកដំណើរការឡើងវិញ ដោយមានជំនួយពីក្រុមបច្ចេកទេសមកពីប្រទេសកាតា និងតួកគី។
ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រសួងការបរទេស លោក Abdul Qahar Balkhi បានថ្លែងឱ្យដឹងដែរថា ការផ្អាកជើងហោះហើរអន្តរជាតិបានធ្វើឱ្យជនជាតិអាហ្វហ្គានីស្ថានជាច្រើនជាប់គាំងនៅបរទេស ហើយថែមទាំងរាំងស្ទះដល់ការធ្វើដំណើរត្រលប់មកបំពេញការងារឬសិក្សារបស់ប្រជាជនផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដីអ្នកនាំពាក្យរូបនេះយកមកចុះផ្សាយថា៖ «ស្របពេលដែលបញ្ហានៅអាកាសយានដ្ឋានអន្តរជាតិកាប៊ុលត្រូវបានដោះស្រាយរួចរាល់ ហើយអាកាសយានដ្ឋាននេះមានដំណើរការពេញលេញសម្រាប់ការហោះហើរក្នុងស្រុកនិងអន្តរជាតិ រដ្ឋអេមីរ៉ាតអ៊ីស្លាមអាហ្វហ្គានីស្ថាន [IEA] ធានាផ្ដល់កិច្ចសហប្រតិបត្តិការពេញលេញរបស់ខ្លួនសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់»។
គិតចាប់តាំងពីឡើងកាន់អំណាច ក្រុមតាលីបង់បានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថាន កាលពីពេលកន្លងទៅ ក៏ធ្លាប់បានអំពាវនាវដល់ម្ចាស់ជំនួយអន្តរជាតិនានាឱ្យចាប់ផ្តើមផ្ដល់ជំនួយឡើងវិញដល់ប្រទេសនះផងដែរ៕