លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេសមកលើអធិបតេយ្យកម្ពុជា។
ក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងនៅថ្ងៃទី៦ ខែតុលានេះ ទំនងជាឌឺដងឱ្យអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនៅឯក្រៅប្រទេស បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញលិខិតឆ្លងដែន និងបានទទួលសញ្ជាតិពីប្រទេសសាយប្រឹស (Cyprus) ដែលជាកោះមួយនៅទ្វីបអឺរ៉ុប។
ករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបឌឺដងថា បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ជាពិសេសតំណែងនាយករដ្ឋមន្ត្រី ព្រោះកម្ពុជានឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬច្បាប់អង្គការ ត្រូវការសំឡេង ២ភាគ៣ ទើបអាចអនុម័តបាន។
ទាក់ទិននឹងករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាទៅលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីរដ្ឋសភានិងព្រឹទ្ធសភា ដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេសមកលើអធិបតេយ្យកម្ពុជា។
ខ្លឹមសារលើហ្វេសប៊ុកលោក ហ៊ុន សែន សរសេរថា៖ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។ ខ្ញុំបានប្រគល់ការងារជូនឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្ដីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្ដីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា»។
វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានទេ នៅថ្ងៃនេះ។
ប៉ុន្តែក្រសួងយុត្តិធម៌បានចេញសេចក្ដីប្រកាសព័ត៌មានមួយភ្លាមៗ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ ដោយប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលពាក់ព័ន្ធ ក្នុងការកំណត់ឱ្យនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
ក្រសួងយុត្តិធម៌បញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះជាការធានាខាងផ្លូវច្បាប់ ខាងនយោបាយ ឱ្យឥស្សរជនជាន់ខ្ពស់ដែលកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំង៤របស់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដើម្បីប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិនិងមាតុភូមិកម្ពុជា ហើយដឹកនាំដោយគិតប្រយោជន៍ជាតិជាធំ មិនឱ្យមានការជ្រៀតជ្រែកពីក្រៅប្រទេសមកលើកម្ពុជាផងដែរ។
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍គាំទ្រនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់កំណត់ឱ្យនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភា ព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។
លោកបណ្ឌិត សេក សុជាតិ បញ្ជាក់ថា បើអ្នកនយោបាយឬថ្នាក់ដឹកនាំកំពូលៗរបស់ជាតិមានសញ្ជាតិច្រើន អាចធ្វើឱ្យកម្ពុជាជួបវិបត្តិ ដូចជា បញ្ហាផ្ទៃក្នុង ឬសន្តិសុខរបស់ជាតិ។
លោកបណ្ឌិតមានប្រសាសន៍ដូច្នេះថា៖ «នៅក្នុងសង្គមកម្ពុជា ក៏យើងជួបបញ្ហានេះច្រើនដែរនៅពេលដែលប្រទេសយើងមានវិបត្តិផ្នែកនយោបាយ វិបត្តិសង្គម យើងឃើញមេដឹកនាំនៅក្នុងគណបក្សនយោបាយខ្លះមួយចំនួនដែលមានបញ្ហានយោបាយរកាំរកូសនៅក្នុងការប្រកួតប្រជែងរបស់ពួកគាត់ យើងឃើញមានការរត់ចេញទៅក្រៅប្រទេស ពីព្រោះប្រទេសរបស់គាត់មិនមែនមានតែកម្ពុជា គាត់មានសញ្ជាតិពីរ អ៊ីចឹងគាត់អាចរត់ទៅខាងក្រៅប្រទេសបាន»។
លោកមានប្រសាសន៍បន្ថែម៖ «ទី២ ដូចនៅក្នុងករណីនេះខ្លះ បើយើងពិចារណាឱ្យដិតដល់ទៅ ទាក់ទងនឹងអំពើមួយចំនួនដែលវាធ្ងន់ធ្ងរប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិ គឺយើងពិបាកក្នុងការរៀបចំសណ្ដាប់ធ្នាប់សង្គមនិងប្រទេសជាតិយើង ដោយសារពួកគាត់ដែលមានសញ្ជាតិមួយផ្សេង អ៊ីចឹងត្រូវបានប្រទេសនោះការពារគាត់ ឬប្រទេសដទៃអាចនឹងបញ្ជូនអ្នកដែលមានសញ្ជាតិដទៃមកកម្ពុជា ដើម្បីប្រជែងយកតួនាទីដឹកនាំក្នុងស្ថាប័នកំពូលរបស់កម្ពុជា ហើយសន្តិសុខជាតិរបស់កម្ពុជាក៏មិនមានអ្វីសម្ងាត់ដែរ»៕