យ៉ាងហោចណាស់ សំឡេងផ្ទុះចំនួន២លើកដោយស្នូរកាំភ្លើងត្រូវបានលាន់ឮនៅជិតមន្ទីរពេទ្យយោធាមួយ (Sardar Mohammad Daud Khan military hospital) ក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះ។ នេះបើតាមការរាយការណ៍ឱ្យដឹងពីសាក្សីម្នាក់ដែលរស់នៅក្បែរទីតាំងកើតហេតុនោះ។
រូបថតនានាដែលបានចែករំលែកដោយប្រជាពលរដ្ឋ ក៏បានបង្ហាញឱ្យឃើញពីផ្សែងហុយចេញពីតំបន់ដែលលាន់ផ្ទុះដោយស្នូរកាំភ្លើងនោះផងដែរ។
ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចធ្វើការទំនាក់ទំនងភ្លាមៗ ដើម្បីសុំការអត្ថាធិប្បាយពីមន្ត្រីតាលីបង់ទាក់ទងនឹងករណីនេះនោះទេ ហើយក៏មិនទាន់មានការអះអាងពីភាគីណាមួយដែលចេញមកទទួលខុសត្រូវលើការផ្ទុះស្នូរកាំភ្លើងនេះផងដែរ។
គួរបញ្ជាក់ថា ក្រុមរដ្ឋអ៊ីស្លាម (Islamic State) ដែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់មកលើវិហារអ៊ីស្លាម និងគោលដៅផ្សេងទៀត គិតចាប់តាំងពីក្រុមតាលីបង់ដណ្ដើមកាន់កាប់ទីក្រុងកាប៊ុលយកមកគ្រប់គ្រងក្នុងខែសីហាកន្លងទៅ ក៏ធ្លាប់បានវាយប្រហារទៅលើមន្ទីរពេទ្យមួយកន្លែងក្នុងឆ្នាំ ២០១៧ ដែលបានបង្កឱ្យមនុស្សជាង៣០នាក់ស្លាប់បាត់បង់ជីវិតផងដែរ៕