រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់បានប្រកាសប្ដេជ្ញាចិត្តនៅមុខមហាជនថា វិបត្តិផ្លូវថ្នល់នៅកម្ពុជានឹងលែងចោទជាបញ្ហាទៀតហើយ ពិសេសនឹងលែងឮពាក្យថា «ចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើង» ឬ «ផ្លូវសំបុកមាន់» ឬ «ការធ្វើផ្លូវមុខខូចក្រោយ ធ្វើក្រោយខូចមុខ» ឬ «ផ្លូវគ្មានគុណភាព» ជាដើម។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន កំណត់ថា ផ្លូវថ្នល់នៅកម្ពុជាសំដៅដល់ទំហំផ្លូវទាំងមូល រួមមាន តួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ ឬចិញ្ចើមផ្លូវ ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរូង និងកំពង់ចម្លងតភ្ជាប់ពីផ្លូវថ្នល់ ជាដើម។ ផ្លូវថ្នល់នៅកម្ពុជាត្រូវបានគេបែងចែកជា៦ប្រភេទ រួមមាន ផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ ផ្លូវទីក្រុង ឬទីប្រជុំជននានា និងប្រភេទផ្លូវផ្សេងៗទៀត ដែលកំណត់ដោយរដ្ឋាភិបាល។
យោងតាមគេហទំព័រអង្គការទិន្នន័យអភិវឌ្ឍន៍កម្ពុជា ដែលធ្វើបច្ចុប្បន្នភាពចុងក្រោយ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ឱ្យដឹងថា ប្រវែងផ្លូវសរុបនៅកម្ពុជាមានជិត៥ម៉ឺនគីឡូម៉ែត្រ (៤៧ ២៦៣គីឡូម៉ែត្រ) ក្នុងនោះ ៧៤% ជាផ្លូវខេត្តនៅទីជនបទ។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងដែរថា កាលពីឆ្នាំមុន កម្ពុជាបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង បណ្ដាលឱ្យផ្លូវថ្នល់ចំនួន១២៣ខ្សែ ស្មើនឹង៣០៨កំណាត់ និងមានប្រវែងសរុបចំនួន៤០០គីឡូម៉ែត្រ រងការលិចលង់និងបំផ្លាញ។
យ៉ាងណា ក្រៅពីកត្តាធម្មជាតិដែលអាចបំផ្លាញដល់ផ្លូវថ្នល់កម្ពុជា ក្រុមអ្នកឃ្លាំមើលសង្កេតឃើញថា គុណភាពផ្លូវថ្នល់នៅតែជាបញ្ហាប្រឈមដែលមិនទាន់ដោះស្រាយបាន ក្នុងនោះមានបញ្ហាធំមួយដែលធ្វើឱ្យការកសាងផ្លូវថ្នល់មិនសូវមានគុណភាពនិងមិនបានជាប់យូរអង្វែង នោះគឺបញ្ហានៃអំពើពុករលួយ។
តើវិបត្តិផ្លូវថ្នល់នៅកម្ពុជាអាចនឹងដោះស្រាយបានដោយរបៀបណា?
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា អំពើពុករលួយជាផ្នែកមួយដ៏សំខាន់ដែលបង្កផលប៉ះពាល់ដល់ដំណើរការសាងសង់ផ្លូវថ្នល់និងគុណភាពផ្លូវ។ លោកបន្តថា អំពើពុករលួយបានបង្កឱ្យមានការគប់គិតគ្នាលួចស៊ីលើស៊ីក្រោម ឬកសាងផ្លូវមិនត្រូវតាមស្តង់ដារបច្ចេកទេស។ លើសពីនេះ លោកថា អំពើពុករលួយទៀតសោតក៏ជាកត្តាបណ្ដោយឱ្យមានរថយន្តលើសទម្ងន់អាចចរាចរនៅលើដងផ្លូវសាធារណៈបានដោយល្មើសច្បាប់ បង្កជាគ្រោះមហន្តរាយដល់ផ្លូវថ្នល់ផងដែរ។
លោកមានប្រសាសន៍ថា៖ «បានន័យថា យើងធ្វើផ្លូវខ្វះគុណភាពទៅហើយ ដោយសារអំពើពុករលួយហ្នឹង! យើងបាត់បង់គុណភាពផ្លូវ ឧទាហរណ៍ថា ផ្លូវដែលយើងត្រូវធ្វើមានអាយុ១០ឆ្នាំ ដោយសារលួចគុណភាពទៅមក នៅតែ៥ឆ្នាំ។ ទីពីរ អ្នកដឹកជញ្ជូន ពិសេសអ្នកដឹកអីវ៉ាន់ធ្ងន់ ដឹកដី ដឹកអីហ្នឹង តាមពិតគេកំណត់ចំនួនឱ្យគាត់ដឹក ដើម្បីធានាថាផ្លូវហ្នឹងមិនខូច ដល់ពេលអាជ្ញាធរខ្លះអនុវត្តច្បាប់ចរាចរណ៍ហ្នឹង គាត់យកលុយគេទៅទៀត ដល់អ៊ីចឹងទៅរឹតតែធ្វើឱ្យគុណភាពផ្លូវហ្នឹងឆាប់ខូចទៅទៀត»។
លោក ប៉ិច ពិសី បន្ថែមថា អំពើពុករលួយដែលធ្វើឱ្យប៉ះពាល់ដល់គុណភាពផ្លូវនេះ សូម្បីតែមន្ត្រីរដ្ឋាភិបាលខ្លួនឯងពេលខ្លះក៏ទទួលស្គាល់ដែរ ពិសេសការទទួលស្គាល់ថាពិតជាមានករណីចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើងនោះមែន។
កាលពីខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល អះអាងថា វាគ្រប់គ្រាន់ហើយ និងទទួលយកមិនបានទៀតឡើយ ចំពោះការលើកឡើងអំពីផ្លូវសំបុកមាន់ ការធ្វើផ្លូវគ្មានគុណភាព គ្មានបច្ចេកទេស ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬផ្លូវចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើង ជាដើម។ ជាមួយគ្នានេះ លោកប្តេជ្ញាថា នឹងកែលម្អនិងស្ថាបនាផ្លូវថ្នល់ដោយគោរពតាមយន្តការគុណភាពនិងបច្ចេកទេសជាសំខាន់ ដើម្បីជាតម្រូវការយូរអង្វែងរបស់ពលរដ្ឋ និងចៀសវាងការខាតបង់ថវិកាជាតិលើបញ្ហានេះ។
លោកមានប្រសាសន៍ថា៖ «ត្រូវធ្វើផ្លូវឱ្យមានគុណភាព ធ្វើផ្លូវឱ្យរឹងមាំ។ ដូច្នេះ យើងបានបង្កើតក្រុមពិសេស អត់ប្រាប់មុនទេ! ពីរក្រុមនេះនឹងចុះទៅដោយគ្មានប្រាប់មុន ដោយត្រូវខួងៗ តែមិនគ្រប់លក្ខណៈបច្ចេកទេសទេ ត្រូវទទួលខុសត្រូវ ដូចជាត្រូវពិន័យរដ្ឋបាល។ល។ យើងត្រូវធ្វើអីចឹង! យើងពង្រឹងបច្ចេកទេសក្នុងការកសាងផ្លូវរបស់យើង មិនអនុញ្ញាតឱ្យសាងសង់ផ្លូវដែលគ្មានគុណភាពទៀតទេ»។
ជាង១ឆ្នាំក្រោយមក ពោលគឺនៅខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានបង្ហាញការសោកស្ដាយចំពោះការធ្វើផ្លូវជាតិលេខ៣ ពីកំពត ទៅវាលរេញ ខេត្តព្រះសីហនុ ដែលមានប្រវែងជាង៥០គីឡូម៉ែត្រ ធ្វើឡើងដោយមិនមានគុណភាព។
ក្រៅពីថ្លែងសុំទោសទៅកាន់អ្នកប្រើប្រាស់ផ្លូវពេលនោះ រដ្ឋមន្ត្រីដដែលក៏បានអះអាងថា លោកបានដឹងពីមូលហេតុដែលធ្វើឱ្យការសាងសង់ ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ៣ដែលគ្មានគុណភាពនេះ ហើយលោកក៏បានបញ្ចប់គម្រោងរបស់ក្រុមហ៊ុនមុនកំណត់ ព្រមទាំងដកមន្ត្រីក្រសួងសាធារណការដែលជាម្ចាស់គម្រោងមួយនេះចេញទៀតផង ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំណាត់ការពិន័យរដ្ឋបាលឬផ្លូវច្បាប់ទៅលើពួកគេនោះទេ។
លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ «ពេលយើងខ្ញុំចុះមកត្រួតពិនិត្យ [កំណាត់ផ្លូវជាតិលេខ៣] ក៏ឃើញមានការខ្វះខាតរបស់ក្រុមហ៊ុនបច្ចេកទេស KCRI ដែលអ្នកត្រួតពិនិត្យគុណភាពការសាងសង់ ការស្ដារផ្លូវលេខ៣នេះ ពីកំពត ទៅវាលរេញ។ ឃើញដូច្នេះ ខ្ញុំបានបញ្ចប់ បានសុំឱ្យក្រុមហ៊ុន KCRI ដកប្រធានរបស់គាត់ចេញ ដកមន្ត្រីរបស់គាត់៦នាក់ឱ្យចេញពីគម្រោងនេះ ដោយសារធ្វើការមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ទីពីរ រដ្ឋលេខាធិការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាម្ចាស់គម្រោង ក៏ខ្ញុំផ្អាកគាត់ លែងឱ្យគាត់កាន់គម្រោងនេះតទៅទៀត»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា វិបត្តិផ្លូវថ្នល់នៅកម្ពុជា មានកត្តាច្រើនដែលធ្វើឱ្យការកសាងផ្លូវមិនសូវមានគុណភាព ដូចជា កត្តាខ្វះតម្លាភាពនៃការគ្រប់គ្រងថវិកាអនុវត្តគម្រោង និងបញ្ហាអំពើពុករលួយ ជាដើម។ លើសពីនេះ ការជ្រើសរើសប្រភេទផ្លូវសម្រាប់សាងសង់នៅកម្ពុជា ច្រើនតែយកកម្រិតកណ្ដាលឬកម្រិតអន់ ដើម្បីបានចម្ងាយវែង ហើយត្រូវកាត់បន្ថយគុណភាពវិញ។
លោកបន្តថា បញ្ហាគ្រោះទឹកជំនន់ ពិសេសជំនន់ដោយសារការលុបបឹង ស្ទឹងធម្មជាតិ និងកង្វះផែនការមេ ព្រមទាំងកង្វះការចូលរួមថែទាំផ្លូវ ទាំងរាជការ និងពលរដ្ឋ ក៏ជាមូលហេតុធ្វើឱ្យផ្លូវថ្នល់កម្ពុជានៅតែជួបបញ្ហាប្រឈមដែរ។
លោកផ្ដល់អនុសាសន៍ថា៖ «សំខាន់ការរៀបចំប្រព័ន្ធសង្គម ជាពិសេសអំពើពុករលួយហ្នឹង ប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានប្រសិទ្ធភាព។ ទន្ទឹមការដោះស្រាយបញ្ហាផ្លូវឱ្យពលរដ្ឋជាបណ្ដោះអាសន្ន មានន័យថា យើងធ្វើអាល្មម ឱ្យពលរដ្ឋប្រើប្រាស់១០ឬ២០ឆ្នាំអ៊ីចឹងទៅ។ ទន្ទឹមហ្នឹង យើងធ្វើម៉េចពង្រឹងគុណភាពផ្លូវ Premium quality ឱ្យកាន់តែយូរ វែងទៅៗ»។
ច្បាប់ស្ដីពីផ្លូវថ្នល់ ឆ្នាំ២០១៤ ក៏បានចែងដាក់ទោសទណ្ឌឬពិន័យចំពោះបុគ្គលឬក្រុមហ៊ុនសាងសង់ផ្លូវដែលគ្មានបច្ចេកទេស ព្រមទាំងបុគ្គលដែលធ្វើឱ្យប៉ះពាល់ឬខូចខាតផ្លូវថ្នល់ថែមទៀតផង។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ច្បាប់ស្ដីពីផ្លូវថ្នល់នោះហាក់មិនត្រូវបានគេយកមកប្រើឱ្យបានទូលំទូលាយនោះឡើយ។
លោកបន្ថែមថា នៅពេលការកសាងផ្លូវមួយដែលគ្មានគុណភាពដោយសារកត្តាផ្សេងៗ ពិសេសអំពើពុករលួយនោះ នឹងធ្វើឱ្យកម្ពុជាបន្តខាតបង់ថវិកាលើការកសាងនិងជួសជុលផ្លូវនោះឥតស្រាកស្រាន្ត។
លោកមានប្រសាសន៍ថា៖ «អ្វីដែលជាផលប៉ះពាល់ ទី១ យើងធ្វើម៉េច? ដោយសារយើងពឹងផ្អែកទៅលើជំនួយ។ អ៊ីចឹងបើគុណភាពផ្លូវរបស់យើងធ្វើមិនបានល្អ ហើយយើងខ្ចីគេមកធ្វើម្ដង ខ្ចីគេមកថែទាំមកជួសជុលទៀត។ អាហ្នឹងហើយដែលគេហៅថា បំណុលយើងកាន់តែកើន បាទ! រឿងទីពីរទៀត ធ្វើឱ្យពលរដ្ឋមានការធុញថប់ មានការមិនសប្បាយចិត្ត ធ្វើឱ្យគាត់ពិបាកក្នុងការធ្វើដំណើរ»។
ក្រុមអ្នកតាមដានសង្គមទាំងនេះយល់ថា ដើម្បីដោះស្រាយនូវវិបត្តិផ្លូវថ្នល់កម្ពុជា រដ្ឋាភិបាលត្រូវបង្ហាញឆន្ទៈពិតប្រាកដក្នុងការលុបបំបាត់អំពើពុករលួយ ហើយបើកទូលាយឱ្យពលរដ្ឋបានដឹងពីចំណូលនិងចំណាយលើគម្រោងសាងសង់ផ្លូវទាំងនោះប្រកបដោយតម្លាភាព បង្កើនយន្តការត្រួតពិនិត្យតាមដានផ្លូវថ្នល់ឱ្យបានជាប់ជាប្រចាំ ដោយបើកទូលាយឱ្យពលរដ្ឋចូលរួមផ្ដល់យោបល់ និងដោះស្រាយនូវអ្វីដែលជាកង្វល់របស់ពួកគាត់។ បន្ថែមពីនេះ ការរៀបចំប្លង់មេក្នុងការរៀបចំសង្គមឱ្យបានប្រសើរ ហើយអ្វីដែលសំខាន់នោះ គឺការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនិងស្មើភាពគ្នា៕