ការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា បុគ្គលិកដែលមកធ្វើការក្នុងការិយាល័យនៅក្នុងប្រទេសទាំងអស់ គឺតម្រូវឱ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឬធ្វើតេស្តជាប្រចាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃករណីជំងឺរាតត្បាតដ៏អាក្រក់មួយនេះ។
គិតរហូតមកដល់ពេលនេះ ប្រជាជនហ្វីលីពីនប្រមាណជាង ៣០% ហើយដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងចំណោមប្រជាជនសរុបចំនួន១១០លាននាក់ ស្របពេលដែលរដ្ឋាភិបាលរបស់ប្រទេសនេះលើកឡើងថា ខ្លួនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ផ្ដល់ជូនបន្តទៀត។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដីអ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Harry Roque ដែលបានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ច្បាប់ថ្មីសម្រាប់បុគ្គលិកធ្វើការនៅក្នុងការិយាល័យនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែធ្នូតទៅ ខណៈដែលបុគ្គលិកដែលមិនទាន់បានចាក់វ៉ាក់សាំង នឹងតម្រូវឱ្យឆ្លងកាត់ការធ្វើតេស្តជាប្រចាំ ដោយត្រូវចំណាយថវិកាផ្ទាល់ខ្លួនរបស់ពួកគេ។
លោក Harry Roque បន្តថា សេវាដឹកជញ្ជូនសាធារណៈនានាក៏នឹងត្រូវតម្រូវឱ្យបុគ្គលិករបស់ពួកគេចាក់វ៉ាក់សាំងឱ្យបានពេញលេញផងដែរ ដែលនេះគឺជាលក្ខខណ្ឌមួយដើម្បីអាចបន្តប្រតិបត្តិការរបស់ពួកគេបាន។
ជាមួយគ្នានេះ លោកបន្ថែមថា គ្រឹះស្ថានសាធារណៈនិងឯកជននានាក៏អាចនឹងបដិសេធចំពោះការចូលមកកាន់ទីតាំង និងផ្ដល់សេវាទាំងឡាយដល់បុគ្គលដែលមិនបានចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនពេញលេញផងដែរ លើកលែងតែក្នុងករណីមានអាសន្ន។
យោងតាមការលើកឡើងរបស់មន្រ្តីនានា ល្បឿននៃការចាក់វ៉ាក់សាំងយឺតក៏កំពុងតែបង្កជាភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការបើកសេដ្ឋកិច្ចពេញលេញ និងទទួលបានកំណើនឡើងវិញផងដែរ ខណៈដែលមនុស្សមួយចំនួននៅក្នុងខេត្តឆ្ងាយៗហាក់នៅស្ទាក់ស្ទើរក្នុងការមកទទួលវ៉ាក់សាំង។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនមានការឆ្លងវីរុសកូវីដ-១៩ សរុបនៅក្នុងប្រទេសជាង២លានករណី និងអ្នកស្លាប់ជាង៤ម៉ឺននាក់ ដែលត្រូវបានចាត់ទុកថាជាតួលេខខ្ពស់បំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕