នាយករដ្ឋមន្ត្រីរបស់ប្រទេសបារាំង លោក Jean Castex បានឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីមានការបញ្ជាក់ពីលទ្ធផលតេស្តវិជ្ជមាននៃវីរុសនេះ ហើយបច្ចុប្បន្ន លោកកំពុងតែដាក់ខ្លួនឱ្យនៅដាច់ដោយឡែក។ នេះបើតាមការិយាល័យរបស់លោកដែលបានឱ្យដឹងកាលពីថ្ងៃចន្ទម្សិលមិញ។
លោក Jean Castex ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ បានទទួលដំណឹងថា កូនស្រីរបស់ខ្លួនបានឆ្លងវីរុសនេះ បន្ទាប់ពីលោកវិលត្រលប់មកពីប្រទេសបែលហ្ស៊ិកវិញ ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្ដី Alexander De CROO។ បន្ទាប់មក លោក Jean Castex ក៏ទទួលបានតេស្តវិជ្ជមានវីរុសកូវីដ-១៩ផងដែរ។
ទោះជាយ៉ាងណា ការិយាល័យរបស់លោកបានបន្ថែមឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីរូបនេះនឹងបន្តបំពេញកិច្ចការងាររបស់ខ្លួន ដោយលោកនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់រយៈពេល១០ថ្ងៃ។
ករណីវិជ្ជមានវីរុសកូវីដ-១៩របស់លោក Jean Castex គឺកើតមានឡើងស្របពេលដែលបណ្ដាប្រទេសនៅអឺរ៉ុបមួយចំនួនបាននិងកំពុងរឹតបន្តឹងវិធានការនានា ដើម្បីកាត់បន្ថយករណីឆ្លងនិងចំនួនមនុស្សសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺរាតត្បាត។
ជាមួយគ្នានេះ ប្រទេសអូទ្រីស កាលពីថ្ងៃចន្ទ ក៏បានសម្រេចបិទខ្ទប់ប្រទេសរបស់ខ្លួនឡើងវិញផងដែរ។
គិតរហូតមកដល់ពេលបច្ចុប្បន្ន បារាំងមានការឆ្លងវីរុសកូវីដ-១៩ សរុបនៅក្នុងប្រទេសជាង៧លានករណី និងអ្នកស្លាប់ជាង១០ម៉ឺននាក់ ខណៈដែលក្នុងចំណោមប្រជាជនសរុបរបស់ប្រទេសនេះ ក្នុងនោះមានប្រមាណជា ៦៩% ហើយដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ៕