អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ បានរកឃើញថា ការបៀតបៀនតាមប្រព័ន្ធអនឡាញជាផ្នែកមួយដ៏សំខាន់កំពុងជំរុញឱ្យមនុស្សជាច្រើនឈប់ទាំងស្រុងឬឈប់ដោយផ្នែកក្នុងការប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាបន្តទៀត។
ការរកឃើញរបស់លីកាដូនេះ ធ្វើឡើងតាមរយៈការចេញផ្សាយជាសាធារណៈនូវរបាយការណ៍ថ្មីមួយរបស់ខ្លួនស្ដីពី «បច្ចុប្បន្នភាពស្ថានភាព៖ ការបៀតបៀនតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជា» នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។
លីកាដូ បានឱ្យនិយមន័យ «ការបៀតបៀនតាមប្រព័ន្ធអនឡាញ» ថាជាសកម្មភាពទាំងឡាយដែលស្ដែងចេញ ឬនាំឱ្យមានការប៉ះពាល់ឬរងគ្រោះផ្នែករូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្នែកសង្គម ដែលត្រូវបានប្រព្រឹត្តដោយការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ដូចជា ប្រព័ន្ធផ្សព្វផ្សាយសង្គម ទូរសព្ទចល័តនិងទូរសព្ទឆ្លាតវៃ ឬការប្រើប្រាស់អ៊ីនធឺណិតបែបទូលំទូលាយផ្សេងទៀត។
របាយការណ៍ដែលមានកម្រាស់៥៣ទំព័រនេះ លីកាដូ អះអាងថា ក្រុមហ៊ុនហ្វេសប៊ុក រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមផ្សេងទៀត មិនអាចការពារអ្នកប្រើប្រាស់បានគ្រប់គ្រាន់ ហើយថែមទាំងរួមចំណែកធ្វើឱ្យមានការរំលោភបំពានសិទ្ធិមនុស្សលើប្រព័ន្ធអ៊ីនធឺណិតថែមទៀតផង។
របាយការណ៍ដដែលបន្តថា អាជ្ញាធររដ្ឋមួយចំនួនក៏ជាអ្នកប្រព្រឹត្តសកម្មភាពរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិតលើអ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាផងដែរ ដោយភាគច្រើនតែងតែគំរាមកំហែង ចាប់និងឃុំខ្លួនសកម្មជនសិទ្ធិមនុស្សនិងអ្នកប្រើប្រាស់បណ្ដាញសង្គម គ្រាន់តែអ្នកទាំងនោះបញ្ចេញមតិរបស់ពួកគេលើបណ្ដាញសង្គមប៉ុណ្ណោះ។
ជាមួយគ្នានេះ លីកាដូ រកឃើញថា ការបៀតបៀតនតាមប្រព័ន្ធអនឡាញទាំងនោះកំពុងជំរុញឱ្យមនុស្សជាច្រើនឈប់ប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាថែមទៀតផង។
របាយការណ៍បញ្ជាក់ថា៖ «៣៦% នៃអ្នកចូលរួមស្ទង់មតិ ដែលធ្លាប់ជួបបទពិសោធន៍នៃការបៀតបៀនតាមប្រព័ន្ធអនឡាញ បានកាត់បន្ថយការប្រើប្រាស់បណ្ដាញផ្សព្វផ្សាយសង្គម ឈប់ប្រើប្រាស់ទាំងស្រុង ឬលុបចោលគណនីរបស់ពួកគេ ក្រោយពីត្រូវបានធ្វើទុក្ខបុកម្នេញ ដោយក្នុងនោះ ស្ត្រីទំនងមានអត្រាឈប់ប្រើប្រាស់ច្រើនជាងបុរស។ ជាពិសេស យុវជនទំនងដកខ្លួនពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយសារការបៀតបៀនតាមប្រព័ន្ធអនឡាញ។ ក្នុងចំណោមយុវជនចូលរួមស្ទង់មតិដែលរងបៀតបៀនតាមប្រព័ន្ធអនឡាញ ៥៣%នៃពួកគេបានរាយការណ៍ថាបានកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម»។
របាយការណ៍លីកាដូនេះបានស្ទង់មតិទៅលើពលរដ្ឋជាង៧០០នាក់ ហើយជាងមួយភាគបី (៣៨%) នៃអ្នកចូលរួមស្ទង់មតិ ធ្លាប់ទទួលការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត ជាពិសេសក្រុមអ្នកស្រឡាញ់ភេទដូចគ្នា យុវជន និងសកម្មជនសិទ្ធិមនុស្ស ជាក្រុមមនុស្សដែលទទួលការរំលោភបំពានខ្លាំងជាងគេ។ លើសពីនេះ ២០% នៃស្ត្រីដែលបានចូលរួមស្ទង់មតិ បាននិយាយថា អ្នកទាំងនោះធ្លាប់ទទួលរងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត។
របាយការណ៍ដដែលនេះត្រូវបានចេញផ្សាយនៅថ្ងៃទីមួយនៃ «យុទ្ធនាការ១៦ថ្ងៃនៃការបញ្ឈប់អំពើហិង្សាផ្អែកលើនិន្នាការភេទ» ដោយបង្ហាញថា ស្ត្រីតែងតែជាគោលដៅនៃអំពើរំលោភបំពាននិងរើសអើងដោយផ្អែកនិន្នាការភេទតាមប្រព័ន្ធអ៊ីនធឺណិត ហើយជាលទ្ធផល ភាគច្រើនតែងតែបង្ខំចិត្តនៅស្ងាត់ស្ងៀម។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស លោក អំ សំអាត បានលើកឡើងក្នុងរបាយការណ៍នោះថា បណ្ដាញទំនាក់ទំនងសង្គមគួរតែជាកន្លែងដែលមានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាក្នុងការបញ្ចេញគំនិត ទទួលបានព័ត៌មាន និងភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា។ លោកបន្តថា ការបៀតបៀនតាមអនឡាញអាចធ្វើឱ្យប៉ះពាល់ដល់សង្គមនិងសិទ្ធិរបស់ពលរដ្ឋ ខណៈពួកគាត់ភាគច្រើនបានប្រើប្រាស់បណ្ដាញសង្គម ដើម្បីសន្ទនា ប្រជុំ បញ្ចេញមតិ ជាដើម។
លោកថា បើមានការបៀតបៀនតាមរយៈអនឡាញនេះ នឹងធ្វើឱ្យពលរដ្ឋមានការភ័យខ្លាច មិនហ៊ានប្រើប្រាស់បណ្ដាញសង្គមបន្តទៀត ធ្វើឱ្យខាតបង់ដល់សង្គមនិងសិទ្ធិនៃការបញ្ចេញមតិរបស់ពលរដ្ឋ។
លោក អំ សំអាត បន្ថែមថា៖ «បើយើងនិយាយអំពីការបញ្ចេញមតិរបស់ពលរដ្ឋតាមប្រព័ន្ធសារព័ត៌មាន វាមានតិចណាស់ ដែលហៅថា សារព័ត៌មានឯករាជ្យ ដែលពលរដ្ឋជឿទុកចិត្តក្នុងការបញ្ចេញមតិ ឬអាចប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញគំនិតរបស់ខ្លួនបាន។ អ៊ីចឹងប្រសិនបើពួកគាត់ឈប់ប្រើប្រព័ន្ធអនឡាញបណ្ដាញសង្គមទៀត អាហ្នឹងវាជារឿងមួយធ្ងន់ធ្ងរសម្រាប់សេរីភាពក្នុងការបញ្ចេញមតិ ក៏ដូចជាការចូលរួមក្នុងការកែលម្អនិងការអភិវឌ្ឍនៅសង្គមយើង»។
របាយការណ៍លីកាដូ និយាយទៀតថា ពលរដ្ឋដែលធ្លាប់ទទួលរងការំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត បានលើកឡើងពីផលអវិជ្ជមានជាច្រើន ដូចជា ការបាត់បង់ទំនុកចិត្តលើខ្លួនឯង មានបញ្ហាជាច្រើនជាមួយមិត្តភក្តិឬសហគមន៍ អំពើហិង្សារូបរាងកាយ ការមានគំនិតចង់សម្លាប់ខ្លួន និងផលវិបាកផ្សេងៗទៀត។ លើសពីនេះ ជាងមួយភាគប្រាំនៃពលរដ្ឋដែលធ្លាប់ទទួលរងការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត មានអារម្មណ៍ភ័យខ្លាចអំពីសុវត្ថិភាពរូបរាងកាយរបស់ខ្លួន ឬសុវត្ថិភាពអ្នកដែលស្និទ្ធនឹងខ្លួនជាដើម។
យុវជនមួយរូបថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព ធ្លាប់បានសរសេររិះគន់ពីប្រតិបត្តិការពន្លត់អគ្គិភ័យក្នុងខមិន (comment) អំឡុងពេលទស្សនាការផ្សាយផ្ទាល់របស់សារព័ត៌មានមួយ។ លោកថា នៅថ្ងៃជាមួយគ្នានោះ លោកត្រូវបានជនមិនស្គាល់អត្តសញ្ញាណទូរសព្ទមកដោយអះអាងថាជាសមត្ថកិច្ច ហើយសួររកទីតាំងដែលលោកស្នាក់នៅ។
លោកបន្តថា ២ថ្ងៃក្រោយមក ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះឈ្មោះគណនីហ្វេសប៊ុករបស់លោកជាសាធារណៈ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ មិនតែប៉ុណ្ណោះ សមត្ថកិច្ចបានហៅលោកឱ្យចូលខ្លួនទៅបំភ្លឺជុំវិញការបញ្ចេញមតិរបស់លោក ក្នុងនោះ សមត្ថកិច្ចបញ្ជាក់ថា បើមិនចូលខ្លួន នឹងអនុវត្តទៅតាមច្បាប់។
កាលនោះ លោកប្រាប់ វីអូឌី យ៉ាងដូច្នេះថា៖ «ពេលដែលគេផុស [គណនីខ្ញុំជាសាធារណៈ] ខ្ញុំក៏ឆ្ងល់ដែរ នេះជាមតិរបស់មហាជនទូទៅ មានសិទ្ធិបញ្ចេញមតិ ឬក៏ការរិះគន់ដើម្បីស្ថាបនាអីផ្សេងៗអ៊ីចឹង។ អ៊ីចឹងខ្ញុំឆ្ងល់ដែរ ហេតុអីគាត់យកជាគណនីនិងរូបរបស់ខ្ញុំផ្ទាល់ផុសលើបណ្ដាញសង្គមជាសាធារណៈ? ខ្ញុំក៏មានចម្ងល់ហ្នឹងដែរ ប៉ុន្តែម៉្យាងទៀត ដោយយើងខ្លាចប៉ះពាល់ដល់កិត្តិយសយើង ណាមួយនិយាយត្រង់ទៅវារាងភ័យដែរអ៊ីចឹង យើងអត់ដឹងថាវាធ្ងន់ធ្ងរខ្លាំងប៉ុនណាចំពោះការិយាល័យរបស់គេហ្នឹង»។
ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ លោក ជា ពៅ អះអាងប្រាប់ វីអូឌី នៅថ្ងៃទី២៤ ខែវិច្ឆិកា ថាការចាប់ខ្លួនឬកោះហៅបុគ្គលណាម្នាក់ លុះត្រាតែបុគ្គលនោះបានប្រព្រឹត្តខុសច្បាប់។ ដោយឡែក ចំពោះអ្នកដែលបញ្ចេញមតិដើម្បីជាប្រយោជន៍រួមដល់សង្គមជាតិ ដោយមិនរំលោភច្បាប់នោះ លោកថា ពុំមានការចាប់ខ្លួននោះទេ។
លោក ជា ពៅ ថ្លែងថា៖ «ក្រែងលោខាងណាផ្សេងអី ខ្ញុំអត់ មិនដឹងទេ! សមត្ថកិច្ចខ្ញុំអត់ដែលទេ! ធាតុពិត ខ្ញុំអត់ដែលប្រតិបត្តិការទៅចាប់អ្នកទាំងអស់ដែលនិយាយដើម្បីអភិវឌ្ឍន៍ទេ លើកលែងតែអ្នកទាំងអស់ហ្នឹងគឺគាត់និយាយខុសច្បាប់។ តែនិយាយខុសច្បាប់ អាហ្នឹងគឺច្បាប់ចែងមក គេអនុវត្តច្បាប់ តែគឺយើងអត់ដែលទៅចាប់អ្នកដែលគេនិយាយត្រូវច្បាប់ទេ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងកាលពីរសៀលថ្ងៃពុធថា នៅកម្ពុជាមិនមាននរណាដែលត្រូវបានទទួលទោសឬជាប់ពន្ធនាគារដោយសារការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិតាមផ្លូវច្បាប់នោះទេ។ លោកថា មានតែអ្នកជាប់ពន្ធនាគារ និងរងបទចោទប្រកាន់ពាក់ព័ន្ធការសម្ដែងមតិដោយបំពានច្បាប់ រំលោភបំពានសិទ្ធិសេរីភាពអ្នកដទៃ ប៉ះពាល់ដល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈតែប៉ុណ្ណោះ។
លោកគូសបញ្ជាក់ថា៖ «ការអនុវត្តច្បាប់ទៅលើអ្នកសម្ដែងមតិដែលបំពានច្បាប់ ប៉ះពាល់ទៅដល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពរបស់អ្នកដទៃហ្នឹង គឺមិនមែនជាការធ្វើទុក្ខបុកម្នេញដល់ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ ពីព្រោះសកម្មភាពទាំងនោះគឺជាបទល្មើស មិនមែនជាការអនុវត្តសិទ្ធិសេរីភាពតាមផ្លូវច្បាប់នោះទេ»។
យ៉ាងណា លីកាដូផ្ដល់អនុសាសន៍ជាច្រើនក្នុងរបាយការណ៍របស់ខ្លួន ដោយជំរុញអាជ្ញាធរកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ព្រមទាំងដោះលែងឱ្យបានឆាប់រហ័សនិងដោយគ្មានលក្ខខណ្ឌនូវសកម្មជននិងអ្នកផ្សេងទៀតដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ដោយសារតែពួកគេប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិលើបណ្ដាញសង្គម។
លើសពីនេះ បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើស្រ្តីភេទ ដោយសារតែជម្រើស សម្លៀកបំពាក់ ឬការសម្ដែងមតិរបស់ពួកគេលើប្រព័ន្ធអនឡាញ ព្រមទាំងបញ្ឈប់ការតាមដានលើសលុបនិងគ្មានតម្លាភាពជាដើម។
បើតាមលីកាដូ ច្បាប់មួយចំនួនដែលទើបអនុម័តបានផ្ដល់អំណាចដល់អាជ្ញាធររដ្ឋកាន់តែខ្លាំង ក្នុងការត្រួតពិនិត្យចាប់ពិរុទ្ធ និងរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត ។
ស្ថាប័នមួយនេះស្នើរដ្ឋាភិបាលនិរាករណ៍ ឬធ្វើវិសោធនកម្មមាត្រាច្បាប់មួយចំនួនដែលមានលក្ខណៈទូលំទូលាយនិងស្រពេចស្រពិល ព្រមទាំងទាមទារអនុវត្តក្រមព្រហ្មទណ្ឌឱ្យស្របតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសមាត្រាពាក់ព័ន្ធបទបរិហារកេរ្តិ៍ បទជេរប្រមាថជាសាធារណៈ បទប្រមាថចំពោះអង្គព្រះមហាក្សត្រ បទរួមគំនិតក្បត់ និងបទញុះញង់ ជាដើម៕