ទិដ្ឋភាពនៃអគារខ្ពស់ៗជាច្រើនកំពុងតែបង្ហាញខ្លួននៅតាមច្រាំងទន្លេមេគង្គ ដែលស្ថិតនៅក្បែរតំបន់កោះពេជ្រ។
បច្ចុប្បន្ន រូបភាពផ្សព្វផ្សាយជាច្រើនត្រូវបានមើលឃើញ ក្នុងនោះរួមមានការអភិវឌ្ឍរបស់ Vue Aston ជាគម្រោងមួយដែលកំពុងដំណើរការនៅលើច្រាំងទន្លេបាសាក់។ មុខមាត់នៃអគារខុនដូប្រើប្រាស់ចម្រុះរបស់ខ្លួន ត្រូវបានបង្ហាញតាមរយៈគំរូប្លាស្ទិកនៅការិយាល័យតាំងបង្ហាញ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ទៅទៀតនោះ គឺទីតាំងនេះក៏គ្របដណ្ដប់ចូលទៅក្នុងតំបន់ច្រាំងទន្លេដែលជាប់ទៅនឹងគម្រោងអភិវឌ្ឍន៍កោះនរាដ៏ធំផងដែរ។
តំណាងផ្នែកលក់របស់ក្រុមហ៊ុនមួយរូប បានពន្យល់តាមរយៈការចង្អុលបង្ហាញលើផែនទីនៃចំណុចប្រសព្វគ្នារវាងទន្លេបាសាក់ និងទន្លេមេគង្គ ដែលមានការអភិវឌ្ឍ៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត យើងនឹងអាចឃើញកោះថ្មីនៅទីនេះ ដែលដូចទៅនឹងកោះពេជ្រដែរ។ យើងកំពុងតែរៀបចំផែនការរយៈពេលវែង ដែលជាផ្នែកមួយនៃការអភិវឌ្ឍទីក្រុង»។
គម្រោងរបស់ Vue Aston មិនមែនជាគម្រោងតែមួយគត់នៅក្នុងការអភិវឌ្ឍនេះនោះទេ។ គម្រោងកោះនរា ទំហំ១២៥ហិកតា គ្រប់គ្រងដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ក៏គ្រោងនឹងដាក់ទឹកប្រាក់វិនិយោគចំនួន២,៥ពាន់លានដុល្លារអាមេរិក ដើម្បីប្រែក្លាយចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេបាសាក់នេះផងដែរ។ ការអភិវឌ្ឍដើម្បីពង្រីកទំហំកោះធម្មជាតិតូចមួយដែលស្រដៀងទៅនឹងកោះពេជ្រ ដោយក្រុមហ៊ុន OCIC នេះ ត្រូវបានរំពឹងថា នឹងប្រែក្លាយរូបភាពនៃតំបន់ក្នុងខណ្ឌច្បារអំពៅ។
ករណីនេះបានធ្វើឱ្យតម្លៃដីនៅក្នុងតំបន់នោះមានការហក់ឡើងរួចទៅហើយ ដែលក្នុងនោះ ក្រុមហ៊ុនអចលនទ្រព្យ CBRE បានរាយការណ៍ពីការកើនឡើងយ៉ាងឆាប់រហ័សចាប់ពីឆ្នាំ២០១៨ សម្រាប់តម្លៃដីក្នុងមួយម៉ែត្រការ៉េ នៅតាមបណ្ដោយផ្លូវជាតិលេខ១។
ជាមួយគ្នានេះ ការអភិវឌ្ឍដ៏ធំមួយដែលជាប់ទាក់ទងជាមួយគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទំហំទឹកប្រាក់ចំនួន២០០លានដុល្លារ ក៏គ្រោងនឹងសាងសង់នៅក្នុងតំបន់នោះផងដែរ។
អ្នកនៅក្នុងវិស័យអចលនទ្រព្យនានាបានលើកឡើងថា «គម្រោងកោះនរា» គឺទាមទារឱ្យមានការវិនិយោគច្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ ក្រុមហ៊ុន OCIC បច្ចុបប្បនកំពុងតែធ្វើកិច្ចការងារជាមួយក្រុមហ៊ុនចិនមួយដែលមានឈ្មោះថា «Cana Sino Construction» ដើម្បីភ្ជាប់កោះទាំងពីរតាមរយៈស្ពានខ្សែកាបប្រវែង៨២៤ម៉ែត្រ ដែលត្រូវចំណាយថវិកាប្រមាណជា៣៩,៦លានដុល្លារ។
ក្រុមហ៊ុនអភិវឌ្ឍន៍ដដែលនេះក៏កំពុងតែរៀបចំលើការសាងសង់ស្ពានទី២ ដើម្បីភ្ជាប់ពីទីតាំងកោះទៅកាន់ផ្លូវជាតិលេខ១ ក៏ដូចជាតភ្ជាប់ខណ្ឌច្បារអំពៅ ទៅកាន់កណ្ដាលរាជធានីភ្នំពេញផងដែរ។
ទោះជាយ៉ាងណា ទស្សនៈត្រូវបានលើកឡើងខុសៗគ្នាសម្រាប់ប្រជាពលរដ្ឋមួយចំនួនដែលបានប្រាប់ វីអូឌី ថាគម្រោងនេះកំពុងតែឈានទៅរកចំណុចនៃការផ្លាស់ប្ដូរថ្មីមួយ រួមនឹងការកើនឡើងនៃតម្លៃជួល ខណៈម្ចាស់អចលនទ្រព្យនានាសម្លឹងបោះទុនលើទីផ្សារក្នុងវិស័យមួយនេះ។
ក្នុងចំណោមប្រជាពលរដ្ឋដែលបានថ្លែងប្រាប់ វីអូឌី ពួកគេភាគច្រើនហាក់សម្ដែងជាការមិនពេញចិត្តចំពោះរាល់អ្វីដែលគម្រោងនេះនឹងផ្ដល់ជូន រួមទាំងការពង្រីកផ្លូវដែលអាចនឹងប៉ះពាល់ចូលដល់អចលនទ្រព្យបច្ចុប្បន្នរបស់ពួកគេប្រមាណជា២ម៉ែត្រ។
ពលរដ្ឋមួយចំនួនបានឱ្យដឹងទៀតថា គ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធដោយផ្ទាល់ក្នុងការអភិវឌ្ឍតំបន់នេះ ទាំងនៅក្នុងតំបន់កោះនរា និងទីតាំងបន្ថែមទៀតនៅជាប់ផ្លូវជាតិលេខ១ផងដែរ។
ស្ត្រីម្នាក់ដែលជាម្ចាស់ហាងតូចមួយតាមមាត់ទន្លេ បានបង្ហាញអារម្មណ៍អស់សង្ឃឹមនៅពេលដែលរៀបរាប់អំពីបទពិសោធន៍របស់ខ្លួនជាមួយនឹងការអភិវឌ្ឍនេះ។ អាជីវកម្មរបស់អ្នកស្រីពឹងផ្អែកលើអតិថិជនដែលមានបំណងចង់គយគន់ទេសភាពមាត់ទន្លេ និងកន្លែងធម្មជាតិសម្រាប់អង្គុយទទួលទានអាហារក្នុងកញ្ចុះឈើ។
ចាប់តាំងពីវិបត្តិជំងឺកូវីដ-១៩ បានចាប់ផ្ដើមកាលពីឆ្នាំមុន អតិថិជនរបស់អ្នកស្រីបានធ្លាក់ចុះយ៉ាងខ្លាំង ហើយស្របពេលដែលមានសកម្មភាពចាក់ខ្សាច់បំពេញដែលលុបទិដ្ឋភាពទេសភាពទន្លេទៀតនោះ ការទទួលបានអតិថិជនរបស់អ្នកស្រីក៏កាន់តែធ្លាក់ចុះខ្លាំង។
អ្វីដែលកាន់តែធ្ងន់ធ្ងរនោះ គឺតម្លៃជួលប្រចាំខែសម្រាប់ទីតាំងនៅតាមមាត់ទន្លេក៏មានការកើនឡើងទ្វេដងផងដែរ ដោយកើនឡើងដល់ប្រមាណ៣០០ដុល្លារ បើប្រៀបធៀបនឹង១៥០ដុល្លារកាលពីពេលកន្លងទៅ។
អ្នកស្រីបានបន្តឱ្យដឹងដោយទឹកមុខស្រងូតស្រងាត់ថា៖ «អ្នកមានគឺកាន់តែមាន ហើយអ្នកក្រគឺកាន់តែក្រខ្សត់ទៅៗ»។
អ្នកស្រី និងអ្នកភូមិផ្សេងទៀត បានប្រាប់ វីអូឌី ឱ្យដឹងថា ពួកគេបានទទួលព័ត៌មានភាគច្រើនអំពីគម្រោងកោះនរានេះ តាមរយៈកិច្ចប្រជុំមួយដែលរៀបចំឡើងកាលពីប្រមាណជា២ឆ្នាំមុនដោយមន្ត្រីមូលដ្ឋាន។
ការទទួលបានដំណឹងនេះមិនបានផ្ដល់ជាអ្វីដែលកាន់តែងាយស្រួលសម្រាប់អ្នកស្រីនោះទេ។ អ្នកស្រីបានបន្ថែមថា គ្រួសាររបស់អ្នកស្រីបច្ចុប្បន្នមិនអាចគេងលក់បានស្កប់ស្កល់នោះទេ ដោយសារតែមានសំឡេងរំខាននៃសកម្មភាពអភិវឌ្ឍន៍ក្នុងតំបន់។
ទាក់ទងនឹងគម្រោងពង្រីកផ្លូវ ប្រជាពលរដ្ឋមួយរូប ឈ្មោះ គឹម ឡេង ដែលកំពុងអង្គុយនៅទីធ្លាមុខផ្ទះ បានលើកឡើងឱ្យដឹងផងដែរថា៖ «វាគឺជារឿងដ៏ល្អ ប្រសិនបើពួកគេផ្ដល់សំណងដល់យើង។ ប្រសិនបើពួកគេធ្វើការពង្រីកចូលមកក្នុងទីតាំងយើង២ម៉ែត្រ យើងប្រហែលជាអាចនៅសល់តែកន្លែងសម្រាប់ដាក់គ្រែរបស់យើងប៉ុណ្ណោះ»។
លោក គឹម ឡេង ទទួលបានដំណឹងថា ផ្ទះដែលនៅក្បែរនោះអាចលក់បានក្នុងតម្លៃជាង១០ម៉ឺនដុល្លារ ជាចំនួនដែលអាចទទួលយកបានសម្រាប់តំបន់នេះ ខណៈលោកជឿថា រូបលោកប្រហែលជាអាចនឹងទទួលបានច្រើនជាងនេះ ប្រសិនបើលោកសម្រេចលក់ផ្ទះរបស់ខ្លួន។
បុរសរូបនេះបន្តថា រូបលោកបានរស់នៅក្នុងតំបន់នេះអស់រយៈពេលប្រមាណជា៣០ឆ្នាំមកហើយ ខណៈប្រពន្ធរបស់លោកគឺជាប្រជាពលរដ្ឋក្នុងតំបន់នេះដោយផ្ទាល់តែម្ដង។ លោកបានកត់សម្គាល់ឃើញថា រូបភាពនៃតំបន់នេះមានការប្រែប្រួលច្រើនជាបន្តបន្ទាប់ ដោយសារតែការបាក់ច្រាំងទន្លេ។
លោកបន្ថែមទៀតថា កន្លងមក អ្នកភូមិអាចដាំដំណាំនានានៅលើដីមាត់ទន្លេបាន ប៉ុន្តែដោយសារតែដីត្រូវបានបាត់បង់ជាបន្តបន្ទាប់ចូលទៅក្នុងទន្លេ អ្នកប្រកបរបរទាំងនេះជាច្រើនគ្រួសារ មិនអាចរកចំណូលពីការដាំដំណាំនេះបានទៀតទេ។ បញ្ហាប្រឈមទាំងនេះបានបង្ខំឱ្យមនុស្សជាច្រើនសម្រេចចិត្តលក់ដីរបស់ពួកគេឱ្យទៅអ្នកដទៃផ្សេងទៀតដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។
តាមរយៈការវិវត្តនេះ តំបន់ផ្នែកខាងមុខ ដែលភាគច្រើនគ្របដណ្ដប់ដោយភោជនីយដ្ឋានជាលក្ខណៈគ្រួសារ បានក្លាយជាអចលនទ្រព្យដែលមានតម្លៃរាប់លានដុល្លារ មុនគម្រោងកោះនរាចាប់ផ្ដើម។
លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា តម្លៃដីនៅក្នុងតំបន់ច្បារអំពៅ តាមបណ្ដោយផ្លូវជាតិ បានហក់ឡើងខ្ពស់កាលពីឆ្នាំមុន ដែលបានកើនឡើងជាមធ្យមប្រមាណជា២ ០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈអំឡុងឆ្នាំ២០១៨ មានតម្លៃប្រមាណ១ ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ការកើនឡើងនៃតម្លៃនេះ គឺចាប់ផ្ដើមនៅក្នុងឆ្នាំដែលក្រុមហ៊ុន OCIC ត្រូវបានរដ្ឋាភិបាលផ្ដល់សម្បទានជាលើកដំបូង ដើម្បីធ្វើសកម្មភាពចាក់បំពេញទន្លេ។
លោកបន្តថា ការកើនឡើងនៃតម្លៃនេះក៏ជាប់ពាក់ព័ន្ធនឹងហេតុផលមួយចំនួនផងដែរ ក្នុងនោះរួមមានការពង្រីកនៃសកម្មភាពពាណិជ្ជកម្មនិងការអភិវឌ្ឍ ខណៈគម្រោងចុងក្រោយនេះត្រូវបានបោះទុនដោយគម្រោងបុរីធំៗរបស់ក្រុមហ៊ុន ប៉េង ហួត។
លោក James Hodge ថ្លែងថា៖ «ការផ្លាស់ប្ដូរបានកើតមានឡើង បន្ទាប់ពីមានការប្រកាសនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានរំពឹងថា នឹងជួយសម្រួលដល់ការធ្វើដំណើរ និងបង្កើតផ្លូវកាន់តែងាយស្រួលបន្ថែមទៀតទៅកាន់តំបន់កណ្ដាលទីក្រុង។ សកម្មភាពនេះបានផ្លាស់ប្ដូរសក្ដានុពលនៃតំបន់ ជាពិសេសនៅពេលដែលស្ពានតភ្ជាប់បញ្ចប់ការសាងសង់ ដែលយើងអាចស្រមៃឃើញពីការអភិវឌ្ឍនៃអគារខ្ពស់ៗ និងសំណង់ធំៗកាន់តែច្រើនជាងនេះបន្ថែមទៀត»។
ត្រលប់មកកាន់លោក គឹម ឡេង វិញ លោកសង្ឃឹមថា អាចលក់ទ្រព្យសម្បត្តិរបស់ខ្លួនបាននៅក្នុងថ្ងៃណាមួយនោះ បើទោះលោកមិនមានប្លង់កម្មសិទ្ធិ សូម្បីតែប្លង់ទន់ក៏ដោយ។
លោកថា មន្ត្រីរដ្ឋាភិបាលនានាក៏ធ្លាប់បានមកកាន់ផ្ទះរបស់លោកកាលពីប្រមាណ១ឆ្នាំមុន ដើម្បីកំណត់ទំហំជាក់ស្ដែងក្នុងការទទួលបានបណ្ណកម្មសិទ្ធិផងដែរ ប៉ុន្តែដំណើរការនោះមិនទាន់ចេញជាលទ្ធផលនោះទេ។
ទោះជាយ៉ាងណា បុរសរូបនេះលើកឡើងថា វាមិនមានភាពខុសគ្នាច្រើននោះទេចំពោះការមានបណ្ណកម្មសិទ្ធឬក៏អត់។
លោកបន្ថែមថា៖ «រាល់កន្លែងណាដែលការអភិវឌ្ឍចូលមកដល់ បើទោះបីជាយើងមាន [ប្លង់ទន់] ឬអត់នោះ វាដូចតែគ្នានោះទេ ខណៈដែលពួកគេអាចយកអ្វីៗទាំងអស់ដែលពួកគេចង់បាន»។
ទាក់ទិននឹងករណីនេះ លោកស្រី ទេព ព្រហ្មមុន្នី ចៅសង្កាត់និរោធ បានបញ្ជាក់ប្រាប់ វីអូឌី ថាផ្លូវទាំងសងខាងនៅក្នុងតំបន់នេះ ត្រូវពង្រីកនៅក្នុងកម្រិតណាមួយដើម្បីដំឡើងប្រព័ន្ធលូ ប៉ុន្តែបច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួនហាក់នៅមិនទាន់យល់ព្រមកាត់ដីរបស់ពួកគេខ្លះសម្រាប់កិច្ចការងារនេះនោះទេ។
លោកស្រីបន្តថា សម្រាប់គម្រោងកោះនរាទាំងមូល គឺមិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនោះទេ ខណៈដែលពួកគេអាចនឹងទទួលបានការវាស់វែងដីរបស់ពួកគេ ដើម្បីកំណត់ព្រំដែនច្បាស់លាស់សម្រាប់ការចុះបញ្ជី ដែលជាផ្នែកមួយជួយសម្រួលដល់ការអភិវឌ្ឍដែលកំពុងបន្ត។
លោកស្រីថា៖ «បើទោះបីជាមានផលប៉ះពាល់ គឺវាមានតិចតួចណាស់ ដែលពួកគេអាចសម្របសម្រួលគ្នាបាន។ ខាងភាគីក្រុមហ៊ុន OCIC ក៏ធ្លាប់បានចុះទៅជួបនិងពិភាក្សាជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេផងដែរ»។
បន្ទាប់ពីបានអនុវត្តជំហានបឋមទាំងនោះ ក្រុមហ៊ុន OCIC បានជំរុញសកម្មភាពចាក់ដីបំពេញរបស់ខ្លួនទៅមុខ បើទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។
ប្រតិបត្តិការចាក់បំពេញនេះ កាលពីពេលកន្លងទៅ បានដំណើរការស្ទើរតែគ្រប់ពេលវេលាទាំងអស់ ខណៈដែលកាលពីខែកញ្ញា ក្រុមហ៊ុន OCIC បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សកម្មភាពនៃការចាក់បំពេញនេះនឹងត្រូវបញ្ចប់នៅខែធ្នូខាងមុខ។
យោងតាមការបង្ហោះកាលពីខែធ្នូ ឆ្នាំ២០២០ នៅលើគេហទំព័ររបស់សមាគមអ្នកសាងសង់កម្ពុជា (CCA) បានឱ្យដឹងថា គម្រោងនេះនឹងត្រូវការចាក់បំពេញដីប្រមាណជា៦០លានម៉ែត្រគូបបន្ថែមទៀត ដើម្បីបញ្ចប់កិច្ចការងារនេះទាំងស្រុង។
តាមការវាស់វែងលើផែនទីផ្កាយរណប ផ្ទៃដីកោះនរាមានទទឹងប្រមាណជា៤២០ម៉ែត្រ។ គិតត្រឹមដើមខែវិច្ឆិកា ការចាក់បំពេញក៏បានបង្រួមច្រកសំខាន់នៃទន្លេមេគង្គប្រមាណជាមួយភាគបី (១/៣) ក្នុងចំណុចនោះផងដែរ ហើយនឹងកាន់តែរួមតូចបន្ថែមទៀតនាពេលអនាគត ដោយសារតែការចាក់បំពេញច្រាំងទន្លេក្នុងតំបន់ដែលលោកឧកញ៉ា ឃុន សៀ កំពុងត្រៀមទុកសម្រាប់ការអភិវឌ្ឍគម្រោងទីក្រុងរណបដាច់ដោយឡែកមួយទៀត។
អ្នកជំនាញផ្នែកជលសាស្ត្រមួយរូបរបស់ក្រុមហ៊ុនប្រឹក្សា Green Enivro-Sult Cambodia (GESC) លោក មាស សុធា បានលើកឡើងថា ការចាក់បំពេញកោះនរាតែមួយ អាចនឹងបង្កើនល្បឿនលំហូរទឹកទន្លេរហូតដល់ទៅ២០ភាគរយ ដែលធ្វើឱ្យហានិភ័យនៃទឹកជំនន់និងការបាក់ច្រាំងទន្លេកាន់តែកើនឡើង។
ក្នុងឆ្នាំ២១០៩ ក្រុមហ៊ុនខាងលើ ក៏បានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីធ្វើការសិក្សាពីគំរូលំហូរទន្លេមេគង្គ ដើម្បីពិនិត្យមើលថាតើការចាក់បំពេញកោះនរានេះអាចធ្វើឱ្យមានការផ្លាស់ប្ដូររបស់ទន្លេយ៉ាងដូចម្ដេចខ្លះផងដែរ។
ការសិក្សានោះបានប្រើប្រាស់ទិន្នន័យប្រវត្តិសាស្ត្រជាច្រើន ដើម្បីបង្កើតគំរូលំហូរដែលអាចប៉ាន់ប្រមាណកម្រិតទឹកនាពេលអនាគត និងហានិភ័យទឹកជំនន់ ដែលបង្កឡើងដោយសារការសាងសង់ថ្មី។
លោក មាស សុធា បានបន្ថែមថា អាទិភាពចម្បងនៃការស្រាវជ្រាវនេះ គឺដើម្បីផ្ដល់អនុសាសន៍នានាក្នុងការសាងសង់កោះថ្មីដែលមានផលប៉ះពាល់តិចតួចបំផុតលើទន្លេមេគង្គ និងទន្លេបាសាក់។
ក្រុមហ៊ុន GESC និងភាគីពាក់ព័ន្ធនានារបស់ក្រសួង បានផ្ដល់ជាយោបល់ជាច្រើនអំពីរបៀបដែលអាចធ្វើទៅបាន រួមទាំងការរក្សាទុកប្រឡាយដែលបែងចែកកោះនរាពីតំបន់ច្បារអំពៅ ណែនាំឱ្យក្រុមហ៊ុន OCIC ប្រើប្រាស់ការបូមខ្សាច់នៅបាតទន្លេ ដើម្បីកាត់បន្ថយល្បឿននៃលំហូរ និងស្នើឱ្យអ្នកអភិវឌ្ឍន៍ថែទាំច្រាំងទន្លេទាំងសងខាងក្នុងប្រវែង៥គីឡូម៉ែត្រ ដើម្បីការពារតំបន់ដែលមានហានិភ័យបំផុតផងដែរ។
លោក មាស សុធា បានបន្តប្រាប់ វីអូឌី ថា៖ «ប្រសិនបើពួកគេធ្វើតាមអ្វីដែលយើងបានណែនាំនៅក្នុងការសិក្សានោះ ខ្ញុំគិតថា ពួកគេអាចរក្សាបាននូវលំហូរធម្មតា និងមិនបង្កផលប៉ះពាល់ច្រើននោះទេ។ ផ្ទុយទៅវិញ ប្រសិនបើពួកគេមិនធ្វើតាមអ្វីដែលយើងបានរកឃើញក្នុងការស្រាវជ្រាវនោះទេ ផលអវិជ្ជមានអាចនឹងកើតឡើងជារួមនឹងការបាក់ច្រាំងទន្លេ និងការផ្លាស់ប្ដូរលំហូរនៅតំបន់ខ្លះ ដែលបង្កជាបញ្ហានៅផ្នែកខាងក្រោមកោះនរា។ នោះហើយជាអ្វីដែលយើងព្រួយបារម្ភ»។
ទោះជាយ៉ាងណា អ្នកជំនាញរូបនេះមិនអាចបញ្ជាក់បានថាតើក្រុមហ៊ុន OCIC បានអនុវត្តតាមអនុសាសន៍របស់ក្រុមហ៊ុនឬយ៉ាងណានោះទេ ខណៈរូបលោកក៏មិនអាចផ្ដល់ការអត្ថាធិប្បាយអំពីស្ថានភាពគម្រោងនាពេលបច្ចុប្បន្ននេះផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏មិនបានឆ្លើយតបទៅនឹងសំណើរបស់វីអូឌី សម្រាប់ការធ្វើអត្ថាធិប្បាយបន្ថែមទាក់ទិននឹងករណីនេះទេ ខណៈច្រាំងទន្លេក៏ត្រូវបានមើលឃើញថាមិនមានការការពារណាមួយបន្ថែមទៀតនោះដែរ។
សម្រាប់ក្នុងតំបន់កោះនរា អ្នកអភិវឌ្ឍន៍ផ្សេងមួយទៀតដែលទទួលបានចំណែកធំមួយនៅក្នុងតំបន់ ក៏គ្រោងនឹងតភ្ជាប់កោះមួយនេះទៅកាន់ផ្លូវជាតិលេខ១ផងដែរ។ ទីតាំងនោះ នាពេលបច្ចុប្បន្ន ពោរពេញទៅដោយខ្សាច់ ស្មៅខ្ពស់ៗ និងខ្យល់អាកាសល្អ ដែលអំណោយផលសម្រាប់ប្រជាពលរដ្ឋមកលំហែកាយ។
ទីតាំងនេះកាន់កាប់ដោយក្រុមហ៊ុន B.I.C Group ដឹកនាំដោយលោក យឹម លក្ខណ៍ ដែលត្រូវបានស្គាល់ថាជាកូនប្រុសរបស់លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី។
តាមរយៈគេហទំព័ររបស់ខ្លួន ក្រុមហ៊ុនខាងលើនេះសន្យាថា នឹងអភិវឌ្ឍលើផ្ទៃដីទំហំ៦១ហិកតាសម្រាប់ទីក្រុងរណបខ្នាតតូច ដែលមានលំនៅដ្ឋាន ទីតាំងពាណិជ្ជកម្ម និងសួនច្បារ ដែលគេស្គាល់ថាជា One Phnom Penh។ ក្រុមហ៊ុនបានរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០១៩ សម្រាប់គម្រោងនេះ ក្រោមអធិបតីភាពលោក យឹម ឆៃលី។
នៅលើគេហទំព័រ B.I.C. Development ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ រូបភាពផែនការមេក៏បានបង្ហាញពីដំណាក់កាលនៃការសាងសង់ដែលដាក់ស្លាកថាជា «Yim Family Land» ផងដែរ។
គួរបញ្ជាក់ថា តំបន់ច្បារអំពៅ ត្រូវបានស្គាល់ថាជាទីតាំងរស់នៅរបស់សហគមន៍ជនជាតិវៀតណាមដ៏ច្រើនសន្ធឹកសន្ធាប់ ដែលពួកគេភាគច្រើនចូលរួមជាមួយព្រះវិហារគ្រិស្តសាសនា Church of the Sacred Heart of Jesus មានទីតាំងនៅជិតស្ពានតភ្ជាប់ថ្មីដែលកំពុងត្រូវបានសាងសង់។
បុរសម្នាក់ឈ្មោះថា សុវណ្ណ ដែលកំពុងតែអង្គុយនៅលើកៅអីជ័រ ហើយសម្លឹងមើលទូរសព្ទរបស់ខ្លួន បានលើកឡើងទាក់ទងនឹងករណីកោះនរានេះថា៖ «អ្នកដែលជាម្ចាស់ដីទាំងឡាយនៅក្នុងតំបន់នេះមានការសប្បាយចិត្ត។ ពួកគេគឺជាអ្នកមាន និងអ្នកចំណូលថ្មី»។
លោកបានបន្តថា ជនជាតិវៀតណាមជាច្រើននាក់ដែលរស់នៅក្នុងតំបន់នោះ គឺត្រូវជួលកន្លែងសម្រាប់ស្នាក់នៅ ហើយពួកគេក៏រងផលប៉ះពាល់ដោយការកើនឡើងនៃថ្លៃជួលផងដែរ។ សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃជួលខ្ពស់ ត្រូវបង្ខំចិត្តចាកចេញទៅកាន់តំបន់ផ្សេង ដើម្បីស្វែងរកជម្រើសដែលមានតម្លៃថោកជាង ខណៈលោកយល់ឃើញថា បរិយាកាសថ្មីនៃការអភិវឌ្ឍទ្រង់ទ្រាយធំនេះ បានរំខានដល់ភាពសុខដុមរមនាក្នុងតំបន់ចម្រុះជាតិសាសន៍មួយនេះ។
លោកបន្ថែមថា៖ «សកម្មភាពនេះពិតជាផ្ដល់អត្ថប្រយោជន៍១០០ភាគរយដល់អ្នកមាន និងកំពុងតែបំបែកបំបាក់សហគមន៍»។
ក្នុងរយៈពេលប្រមាណជា២០ឆ្នាំកន្លងទៅ លោក សុវណ្ណ ធ្លាប់ជាអ្នករស់នៅទីតាំងដែលបច្ចុប្បន្នអភិវឌ្ឍទៅជាកោះពេជ្រ បានឱ្យដឹងថា អ្នកអភិវឌ្ឍន៍បានបង្ខំសហគមន៍នៅទីនោះឱ្យចាកចេញ នៅពេលដែលក្រុមហ៊ុន OCIC ចាប់ផ្ដើមអភិវឌ្ឍកោះនោះ។
សម្រាប់បច្ចុប្បន្នវិញ លោកបានបន្ថែមថា ករណីនេះមិនចោទជាបញ្ហាសម្រាប់អ្នកអភិវឌ្ឍន៍ទៀតនោះទេ ខណៈដែលទីផ្សារអចលនទ្រព្យអាចដោះស្រាយបានដោយខ្លួនឯង។
លោកថ្លែងថា៖ «កាលពីពេលកន្លងទៅ យើងត្រូវបង្ខំចិត្តចាកចេញ។ សម្រាប់បច្ចុប្បន្ន គឺយើងត្រូវស្ម័គ្រចិត្តចាកចេញដោយខ្លួនឯង»៕
បកប្រែនិងសម្រួលពីអត្ថបទដើមជាភាសាអង់គ្លេសដោយលោក ភុន ច័ន្ទឧសភា
ចំណាំ៖ «អត្ថបទនេះត្រូវបានផលិតឡើងដោយមានការគាំទ្រពីមូលនិធិ Rosa Luxemburg ក្រោមជំនួយហិរញ្ញវត្ថុរបស់ក្រសួងសហព័ន្ធនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ»។
គាំទ្រដោយ៖