អគ្គរដ្ឋទូតចិននៅកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរ កម្ពុជា-ចិន កំពុងសិក្សាបើករោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា ហើយប្រជាពលរដ្ឋខ្មែរនឹងអាចប្រើប្រាស់វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសនៅឆ្នាំក្រោយ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ាង វិនធាន បានបញ្ជាក់ថា ភាគីចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញគម្រោងបង្កើតរោងចក្រផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុនស៊ីណូហ្វាម ហើយចិនកំពុងតែធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា។
លោកបន្តថា៖ «ប្រហែលឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលផលិតនៅក្នុងស្រុកខ្មែរបាន»។
ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅកាន់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន បង្កើតរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា៕