ក្រសួងទេសចរណ៍ បានសម្រេចផ្អាកអាជីវកម្មសេវាកម្សាន្តមួយចំនួននិងអាជីវកម្មគ្រឿងស្រវឹងមួយថ្ងៃ គឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃកាន់ទុក្ខឬគោរពព្រះវិញ្ញាណក្ខន្ធផ្លូវការព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ។
ក្រសួងទេសចរណ៍កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានចេញសារាចរណែនាំដល់ម្ចាស់ឬអ្នកគ្រងគ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំងរាជធានី-ខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មចំនួន១ថ្ងៃ គឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ បន្ថែមពីនេះ ម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ត្រូវផ្អាកសកម្មភាពលក់គ្រឿងស្រវឹងផងដែរ។
សារាចរណែនាំដដែលបន្តថា ដោយឡែក សម្រាប់ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវចុះផ្សព្វផ្សាយនិងអប់រំណែនាំដល់ម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងនេះ ឱ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ធភាពនិងការទទួលខុសត្រូវ។
សម្ដេចក្រុមព្រះបានយាងចូលទិវង្គតកាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩និង៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង៣និង៤០នាទីរសៀល ម៉ោងនៅកម្ពុជា ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ៧៧វស្សា។
កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានចេញសារាចរប្រកាសយកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ជាថ្ងៃកាន់ព្រះមរណទុក្ខផ្លូវការនៅទូទាំងប្រទេស ដើម្បីជាកិច្ចថ្វាយតបនូវព្រះគុណូបក្ការៈដ៏ធំធេងរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ។
សារាចរដដែលក៏បានបង្គាប់ឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ-ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្ដាលដង។ បន្ថែមពីនេះ គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិនិងឯកជនទាំងអស់ ត្រូវផ្អាកការសម្ដែងនិងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ផងដែរ៕