តុលាការកំពូល នៅថ្ងៃសុក្រនេះ បានបើកសវនាការលើបណ្ដឹងរបស់ «គណបក្សបេះដូងជាតិ» ដែលប្ដឹងសុំឱ្យតុលាការចេញដីកាសម្រេចឱ្យក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សនយោបាយជូនគណបក្សបេះដូងជាតិ។
ការបើកសវនាការនេះធ្វើឡើងបន្ទាប់ពីមេធាវីការពារក្ដីឱ្យគណបក្សបេះដូងជាតិ លោក សំ សុគង់ បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដើម្បីសុំឱ្យតុលាការកំពូលទម្លាក់ចោលការចោទប្រកាន់របស់ក្រសួងមហាផ្ទៃ ហើយបើកផ្លូវឱ្យកូនក្ដីបានចុះបញ្ជីគណបក្សបេះដូងជាតិរបស់ខ្លួនឡើងវិញ ដើម្បីបានចូលរួមបោះឆ្នោតនៅឆ្នាំ២០២២និង២០២៣ខាងមុខ តាមលក្ខខណ្ឌច្បាប់។
គណបក្សបេះដូងជាតិ នាពេលថ្មីៗនេះ ត្រូវបានក្រសួងមហាផ្ទៃគំរាមប្ដឹងទៅតុលាការដើម្បីចាត់វិធានការផ្លូវច្បាប់ និងបដិសេធការសុំចុះបញ្ជីគណបក្សនយោបាយ។ វិធានរបស់ក្រសួងមហាផ្ទៃ បានសម្អាងហេតុថា ស្ថាបនិកគណបក្សបេះដូងជាតិ មានចេតនា «ទុច្ចរិត» ក្លែងស្នាមមេដៃសមាជិក ក្នុងការបំពេញបែបបទសុំចុះបញ្ជីគណបក្សនយោបាយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងលិខិតមួយដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះថា តាមការធ្វើកោសលវិច័យទៅលើស្នាមមេដៃចំនួន៤ ៧៨១មេដៃ ដែលគណបក្សបេះដូងជាតិផ្ញើទៅក្រសួងដើម្បីសុំចុះបញ្ជីគណបក្ស បានរកឃើញមានភាពមិនប្រក្រតីមួយចំនួនដូចជា ស្នាមមេដៃខ្លះខុសទៅនឹងស្នាមមេដៃក្នុងអត្តសញ្ញាណបណ្ណ និងស្នាមមេដៃមួយចំនួនទៀតខូចគុណភាពមិនអាចធ្វើកោសលវិច័យបានជាដើម។
ពាក់ព័ន្ធនឹងករណីនេះ គណបក្សបេះដូងជាតិ ធ្លាប់បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២២ ខែវិច្ឆិកា ថាខ្លួនមានការសោកស្ដាយដែលក្រសួងមហាផ្ទៃបដិសេធការសុំចុះបញ្ជីគណបក្សរបស់ខ្លួន ហើយថែមទាំងចោទប្រកាន់យ៉ាងអយុត្តិធម៌។ គណបក្សនេះអះអាងថា ស្នាមមេដៃដែលខ្លួនបានដាក់ជូនទៅក្រសួងមហាផ្ទៃ មានចំនួនតែ៤ ៦១៨នាក់ មិនមែនចំនួន៤ ៧៨១នាក់ ដូចការអះអាងរបស់ក្រសួងមហាផ្ទៃនោះទេ។ មួយវិញទៀត គណបក្សនេះថា ការរកឃើញភាពមិនប្រក្រតីនៃស្នាមមេដៃ គួរតែក្រសួងណែនាំពីកំហុសឆ្គង ដើម្បីកែសម្រួលទៅតាមលក្ខន្តិកៈ៕