មន្ត្រីជាន់ខ្ពស់អះអាងថា រដ្ឋាភិបាលនៅតែមានឆន្ទៈទាមទារប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល ឬស្មើជិត ៤៧លានលីត្រ ដែលត្រូវបានគេលួចដឹកចេញពីកម្ពុជាកាលពីពាក់កណ្តាលឆ្នាំមុន យកត្រលប់មកវិញ ប៉ុន្តែមន្ត្រីរូបនេះនៅមិនទាន់បង្ហាញពីនីតិវិធីណាមួយច្បាស់លាស់នោះទេ។
ការថ្លែងយ៉ាងដូច្នេះ ក្រោយពេលប្រេងឆៅប្រមាណ ៣០ម៉ឺនបារ៉ែល(២៩៥ ០០០) ដែលស្មើជិត ៤៧លានលីត្រ ហើយបើគិតជាតម្លៃប្រេងឆៅបច្ចុប្បន្នអាចមានតម្លៃទឹកប្រាក់ប្រមាណ ២០លានដុល្លារអាមេរិក បានបាត់ពីកម្ពុជា ប៉ុន្តែបន្ទាប់មកត្រូវបានរកឃើញវិញនៅក្នុងដែនសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ី។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃទី១៣ ខែមករានេះថា រដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ឆន្ទៈទាមទារយកប្រេងឆៅទាំងនោះត្រលប់មកវិញ។ យ៉ាងណា លោកថាពុំទាន់មានព័ត៌មានទេ ថាតើនីតិវិធីនៃការនាំប្រេងឆៅមកវិញនឹងធ្វើឡើងតាមរបៀបណានោះ ខណៈមានតែក្រសួងរ៉ែ និងថាមពលទេ ដែលជាស្ថាប័នសាមី ទើបដឹងរឿងនេះ។
លោក ផៃ ស៊ីផាន ប្រាប់ថា៖ «ហ្នឹងជារបស់ជាតិត្រូវតែទាមទារ! អត់មានបណ្តែតបណ្តោយទុកឱ្យទៅអ្នកណាអ្នកណីទេ ពីព្រោះទាល់តែទាមទារមកវិញ បានគេចែកផលលាភទៅអ្នកណាប៉ុន្មានៗ។ បើអត់ទាមទារមកវិញ យើងមិនដឹងចែកផលលាភយ៉ាងម៉េច។ បំណុលរបស់ម្ចាស់ផលិតប្រេងហ្នឹងគឺ ទី១ ជួលអានាវាហ្នឹង ទី២ ជំពាក់លុយកម្មករ ទី៣ មានរឿងអីផ្សេងៗទៀត។ យើងអត់ដឹង អាហ្នឹងវាជំពាក់ជំពិនគ្នាខ្លាំងណាស់»។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង បដិសេធក្នុងការផ្ដល់ព័ត៌មានលម្អិតអំពីនីតិវិធី និងដំណើរប្រព្រឹត្តទៅចំពោះលទ្ធភាពនៃការនាំប្រេងឆៅត្រលប់មកវិញ។ យ៉ាងណា លោកប្រាប់ឱ្យអ្នកសារព័ត៌មានទាក់ទងទៅក្រសួងរ៉ែ និងថាមពល។
លោកថា៖ «សូមសួទៅក្រសួងរ៉ែ និងថាមពល»។
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានបដិសេធក្នុងការផ្ដល់ព័ត៌មានលម្អិតទៅលើនីតិវិធី និងការចរចាផ្នែកផ្លូវច្បាប់អំពីរឿងនេះ។ លោកបញ្ជាក់តាមសារតេឡេក្រាមថា មានតែក្រសួងរ៉ែ និងថាមពលទេ ទើបជាអ្នកទទួលខុសត្រូវរួមលើបញ្ហានេះ។
លោក ម៉ាលីន ថា៖ «ទាក់ទងក្រសួងសាមីដែលគ្រប់គ្រងការងារនេះ»។
វីអូឌីមិនអាចសុំការឆ្លើយតបពីអគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលលោក ជៀប សួរ បានទេនៅថ្ងៃទី១៣ ខែមករានេះ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី ថ្លែងថា ដើម្បីធានានូវទំនុកចិត្តរបស់ពលរដ្ឋដែលតាមដានរឿងប្រេងនេះ រដ្ឋាភិបាលត្រូវជំរុញនីតិវិធីដោះស្រាយវិវាទ និងនាំយកប្រេងត្រលប់មកវិញឱ្យបានលឿន ដោយសារកម្ពុជាក៏បានចំណាយពេលយូរណាស់ហើយលើបញ្ហានេះ។
លោក ប៉ិច ពិសី ថា៖ «យើងគួរតែចាប់ផ្តើមធ្វើកិច្ចការផ្ទាល់ជាមួយក្រុមហ៊ុនៗ ដែលមានវិវាទជាមួយយើង ដើម្បីដោះស្រាយបញ្ហាហ្នឹងដោយការបញ្ជូនអ្នកច្បាប់ អ្នកជំនាញហ្នឹងដើម្បីទៅធ្វើការជាមួយគេ ដើម្បីឱ្យយើងមានលទ្ធភាពយកប្រេងមកវិញសិន។ បើទោះវិវាទរដ្ឋប្បវេណី ឬក៏ព្រហ្មទណ្ឌដទៃទៀតជាប់គាំង ក៏សំខាន់យើងអាចយកទ្រព្យសម្បត្តិជាតិហ្នឹងមកវិញសិន រឿងផ្សេងចាំយើងអាចដោះស្រាយក្រោយ»។
កាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ ក្រុមហ៊ុន គ្រីស អែនណឺជី ដែលមានទីតាំងនៅប្រទេសសិង្ហបុរី បានប្រកាសពីការក្ស័យធនរបស់ខ្លួនដោយសារជាប់បំណុល និងថាប្រេងដែលបូមបាននៅប្លុកអេ(A)នេះមានចំនួនតិចតួចមិនគ្រប់គ្រាន់ដូចការរំពឹងទុក។
នៅខែមិថុនាដដែលនោះ ប្រេងឆៅជិត៣០ម៉ឺនបារ៉ែលនោះ ក៏បាត់ដំណឹងពីកម្ពុជា។ ក្រោយមកនៅខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសថា ខ្លួនបានរឹបអូសនាវាដឹកប្រេងមួយគ្រឿងឈ្មោះ MT Strovolos ដែលមានផ្ទុកប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល និងមាននាវិកនៅលើកប៉ាល់នោះជាង ១០នាក់ផងដែរ។
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន មួយជុំវិញបច្ចុប្បន្នភាពនាវា MT Strovolos និងក្រុមនាវិក ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីដែលរដ្ឋាភិបាលចោទថាបានលួចប្រេងឆៅរបស់កម្ពុជា។
ក្រសួងរ៉ែ អះអាងថា ប្រេងឆៅទាំងអស់នោះ គឺជាទ្រព្យសម្បត្តិរបស់កម្ពុជា គ្រប់ពេលវេលាទាំងអស់ ហើយការលួច ឬ ការរំលោភបំពានកម្មសិទ្ធិ លើប្រេងឆៅដោយម្ចាស់នាវា អ្នកគ្រប់គ្រង និងក្រុមនាវិកនៃនាវា MT Strovolos និងបក្ខពួករបស់គេ គឺជាបទល្មើសក្រោមច្បាប់កម្ពុជា។
យ៉ាងណា ក្រុមអង្គការមិនមែនរដ្ឋាភិបាលដែលតាមដានរឿងនេះ យល់ឃើញថា បញ្ហាបាត់ប្រេងពីកម្ពុជាស្ងាត់ៗនេះ នឹងនាំឱ្យមានការសង្ស័យទៅលើការគ្រប់គ្រងរបស់អាជ្ញាធរកម្ពុជា ឬមានជាប់ពាក់ព័ន្ធក្នុងហេតុផលអ្វីមួយ ដែលនាំឱ្យនាវានោះអាចដឹកប្រេងចេញពីកម្ពុជាបាន។
ពួកគេថា ប្រសិនបើបញ្ហានេះកើតចេញពីការធ្វេសប្រហែស ឬធូររលុងនៃការគ្រប់គ្រង អាចនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់របស់កម្ពុជាថែមទៀតផង៕