ស្ថាប័ន​អន្តរជាតិ​មួយ​នឹង​សហការ​ជាមួយ​ក្រសួងយុត្តិធម៌​ដោះស្រាយ​បញ្ហា​ចង្អៀតណែន​ក្នុង​ពន្ធនាគារ

មណ្ឌលអប់រំកែប្រែទី១។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ថ្លែងថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នឹង​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ ក្នុងការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ តាម​រយៈ​យន្ត​ការ​មួយ​ចំនួ​ន​ដែលក្រសួងបាននិងកំពុងធ្វើ ដូចជា អនុវត្ត​ទោសមិនមែនពន្ធនាគារ ​ទោស​សហគមន៍ និងការដោះលែងដោយមានលក្ខខណ្ឌ ជាដើម។

ការអះអាងនេះធ្វើឡើងក្រោយជំនួបរវាងរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ជាមួយ​ប្រធានបេសកកម្មនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម កាលពីថ្ងៃ​ម្សិល​មិញ​។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍​ប្រាប់ វីអូឌី​ នៅថ្ងៃពុធនេះថា កិច្ចប្រជុំនេះ ICRC បាន​បង្ហាញនូវរបាយការណ៍នៃការស្រាវជ្រាវរបស់ខ្លួនពាក់ព័ន្ធភាពចង្អៀតណែនក្នុងពន្ធនាគារ និងផ្ដល់​នូវ​អនុសាសន៍មួយចំនួន​​ក្នុងការ​ដោះស្រាយ។

លោកបន្តថា របាយការណ៍ស្រាវជ្រាវ​របស់​ ICRC ពុំមានអ្វីថ្មីនោះទេ ពោលគឺ​ដូចគ្នាទៅ​​នឹង​អ្វី​ដែល​ក្រសួង​​យុត្តិធម៌​​បាន​​រកឃើញ​កន្លងមក ក្នុងនោះ ​ក្រសួងក៏បានដាក់ចេញវិធានការមួយចំនួន​រយៈ​ពេល១ឆ្នាំមក​ហើយ​ ដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ។

ក្រៅពីយន្តការអនុវត្តទោសមិនមែនពន្ធនាគារ ដើម្បី​ដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនា​គា​រ​នោះ លោក ជិន ម៉ាលីន ថានៅមាន​ដំណោះស្រាយផ្សេងទៀត ​ដូចជា ការពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធរូបវន្តពន្ធនាគារ ការ​ពង្រឹងយន្តការ​ស្ដារនីតិសម្បទាអ្នកជាប់ឃុំ ដើម្បីឱ្យពួកគេអាចធ្វើសមាហរណកម្មកែប្រែខ្លួន និងអាចទទួលបានការលើកលែងទោស និងការបន្ធូរបន្ថយទោស​ ជាដើម។

លោកមានប្រសាសន៍ថា៖ «អ្វីដែលធ្វើបន្ត គឺ ICRC នឹងសហការជាមួយក្រសួង [យុត្តិធម៌] ក្នុងការដោះ​ស្រាយ​បញ្ហាភាពចង្អៀតណែនក្នុងពន្ធនាគារហ្នឹង ជាពិសេសតាមរយៈការរៀបចំនូវយន្តការមួយ​ចំនួន​ក្នុងការអនុវត្តទោសមិនមែន​ពន្ធនាគារ ដូចជាទោសសហគមន៍ ឬក៏ការដោះលែងដោយមានលក្ខខណ្ឌ។ ហើយជាពិសេស គឺសហការរួមគ្នា ដើម្បីធ្វើការផ្សព្វផ្សាយអប់រំដល់សហគមន៍ឱ្យគាត់យល់។ ហើយគាត់​ទទួលយកនូវយន្តការថ្មីនៃការអនុវត្តទោសដែលមិនមែនពន្ធនាគារនេះ។ អាហ្នឹងជាអ្វីដែលយើងសហការ​ធ្វើជា​មួយគ្នាទៀតនាពេលក្រោយទៀត»។

លោក ម៉ាលីន បន្ត​ថា ទាំង​​ក្រសួង​​យុត្តិធម៌​ និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម រកឃើញ​ដូចគ្នានូវ​មូលហេតុ​នៃភាព​ចង្អៀតណែនក្នុងពន្ធនាគារ ពោលគឺបណ្ដាលមកពី​យុទ្ធនាការ​បង្ក្រាបបទល្មើសផ្សេងៗ​របស់រដ្ឋាភិបាល​មានប្រសិទ្ធភាព បង្ក្រាបបានច្រើន ទើបបង្កភាពចង្អៀតណែនក្នុងពន្ធនាគារ។

លោក ជិន ម៉ាលីន ថា៖ «យុទ្ធនាការទប់ស្កាត់និងបង្រ្កាបបទល្មើសរបស់រដ្ឋាភិបាល រួមមាន បទល្មើស​គ្រឿងញៀន បទល្មើសនេសាទ បទល្មើសព្រៃឈើ ភូមិឃុំមានសុវត្ថិភាពហ្នឹង ​ទទួល​បានជោគជ័យ មាន​ប្រសិទ្ធភាព បង្ក្រាបបានច្រើន នាំឱ្យចំនួនអ្នកជាប់ឃុំដែលត្រូវបញ្ជូនទៅតុលាការ ដែលត្រូវបញ្ជូនទៅ​ពន្ធនាគារហ្នឹង​មានការកើនឡើងជាគំហុក ដែលលើស​ពីសមត្ថភាពពន្ធនាគារ​ដែល​មាននាពេល​បច្ចុប្បន្ន អាហ្នឹង​មូលហេតុដែល [ទាំងក្រសួងយុត្តិធម៌ និង ICRC] រកឃើញដូចគ្នា [ថាមូលហេតុនៃ​ភាពចង្អៀតណែនក្នុងពន្ធនាគារ]»។

កាលពីខែសីហា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ​បានបង្ហាញក្ដីកង្វល់ជាខ្លាំង​ចំពោះ​ភាព​ចង្អៀត​ណែនក្នុងពន្ធនាគារ ដែលមាន​អ្នក​ជាប់​ឃុំ​ទូទាំង​ប្រទេសប្រមាណ​៤​០ ០០០​នាក់​​។ លោក​អះអាងពេលនោះថា​ ចំនួន​អ្នក​ជាប់​ឃុំ​កើន​យ៉ាង​គំហុក​ ភាគ​ច្រើន​បណ្ដាល​មក​ពី​ករណី​គ្រឿងញៀន​ ហើយកំណើនអ្នកជាប់ឃុំនោះមិន​សមស្រប​​តាម​ស្ដង់ដារ​មន្ទីរ​ឃុំឃាំង​ ឬមណ្ឌលអប់រំកែប្រែឡើយ។

ប្រធាន​សមាគមការ​ពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា យល់ឃើញថា បញ្ហា​ចង្អៀតណែន​ក្នុងពន្ធនាគារនេះ​កើតឡើងយូរណាស់មកហើយ។ យ៉ាងណា លោកថា យន្តការនៃការដោះស្រាយរបស់ក្រសួងពាក់ព័ន្ធហាក់មានការយឺតយ៉ាវ និង​មិនបានឆ្លើយតប​តាមតម្រូវការជាក់ស្ដែង​របស់អ្នកជាប់ឃុំ ដែលជះឥទ្ធិពលអាក្រក់ដល់ពួកគេ។

លោក សុខា បន្តថា ពន្ធនាគារត្រូវបានដាក់ឈ្មោះថាជាមណ្ឌលអប់រំកែប្រែ មិនមែនជាកន្លែងយកមនុស្សទៅធ្វើទារុណកម្មឬទណ្ឌកម្មទេ ពោលគឺសម្រាប់ឱ្យមនុស្សមានការកែប្រែឥរិយាបថ ដូច្នេះ បញ្ហាអនាម័យ បរិស្ថាន និងបរិយាកាសសម្រាប់ពួកគេ គឺជារឿងសំខាន់។

លោកថា៖ «រឿងនេះវាប៉ះពាល់ច្រើនទៅដល់បញ្ហា ដូចជាបញ្ហាសុខភាព។ យើងដឹងហើយថា មនុស្សត្រូវការសុខភាពជារឿងសំខាន់ ដែលយើងម្នាក់ៗនៅក្នុងលក្ខខណ្ឌនៃការឃុំខ្លួននៅក្នុងពន្ធនាគារនេះ គេត្រូវមានគម្លាតយ៉ាងម៉េច? មានបរិយាកាសយ៉ាងម៉េច? ទំហំបន្ទប់យ៉ាងម៉េច? ដែលគេអាចធានាបាននូវមនុស្សម្នាក់ៗអាចស្រូបនូវខ្យល់អាកាសឬខ្យល់អុកស៊ីសែនយ៉ាងម៉េចៗ? អាហ្នឹងគេមានគោលការណ៍របស់គេ តែយើង [កម្ពុជា] មិនអាចធ្វើអាហ្នឹងបាន»។

លោក នី សុខា មើលឃើញថា បើរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហានេះ​មែននោះ ​មិនមែនជារឿងពិបាក​ទេ ហើយកម្ពុជាក៏ពុំមែនអត់ថវិកាក្នុងការរៀបចំពន្ធនាគារឱ្យមានបរិស្ថានប្រសើរ​នោះដែរ។

ក្រៅពីនេះ លោក សុខា ស្នើឱ្យតុលាការត្រូវពិនិត្យមើលជម្រើសចុងក្រោយ មុនសម្រេចឃុំខ្លួនបុគ្គលណាម្នាក់ ពិសេសសកម្មជនសិទ្ធិមនុស្ស ​និង​នយោបាយ ជាដើម។

លោកបន្តថា៖ «តុលាការគួរតែពិចារណាក្នុងការឱ្យពួកគាត់បាននៅក្រៅឃុំ ដើម្បីតតាំងក្ដីអ៊ីចឹងទៅ។ កុំឱ្យមានការអីតិច អាងតែឃុំៗ អាហ្នឹងវាធ្វើឱ្យពន្ធនាគារកាន់តែមានភាពចង្អៀតណែនកាន់តែខ្លាំងឡើងហើយ»។

​ដោយសារភាពចង្អៀតណែនក្នុងពន្ធនាគារនៅមិនទាន់អាចដោះស្រាយបាន ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ដែលទើបត្រូវបានតុលាការដោះលែងចេញពីពន្ធនាគារកាលពីចុងឆ្នាំមុននោះ បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

ក្នុងសេចក្ដីថ្លែងការណ៍នោះ លោក រ៉ុង ឈុន បាន​អំពាវនាវទៅតុលាការនិងរដ្ឋាភិបាល​ឱ្យដោះលែង​អ្នក​ទោស​នយោ​បាយនិង​សកម្មជន​សង្គម ខណៈ​ខ្លួន​មាន​​ការ​​ព្រួយបារម្ភ​ពី​ការ​ឆ្លង​ជំងឺកូវីដ​-១៩ ប្រភេទ​ថ្មី «អូមីក្រុង» ចូលទៅក្នុងពន្ធនាគារ និងដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ