ភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ជាភូមិមួយដែលមានពលរដ្ឋស្ទើរតែសឹងគ្រប់ផ្ទះបាននាំគ្នាប្រកបមុខរបរធ្វើស្ករត្នោតដើម្បីចិញ្ចឹមជីវិត ចាប់តាំងពីជីដូនជីតាតមកដល់កូនចៅ។ ប៉ុន្តែពេលនេះ អ្នកភូមិត្រពាំងធំ ជាពិសេសយុវជន ហាក់បីដូចជាមិនចាប់អារម្មណ៍នឹងបន្តវេនធ្វើមុខរបរប្រពៃណី និងជាអត្តសញ្ញាណរបស់ខ្មែរនេះទៀតទេ ដោយផ្ទះខ្លះបានសម្រេចបោះបង់មុខរបរនេះជាបន្តបន្ទាប់។ ពួកគេបានលើកហេតុផលថា ការបោះបង់នេះ ដោយសារតែការមុខរបរនេះរកចំណូលបានតិចនិងប្រឈមគ្រោះថ្នាក់។
អ្នកស្រី គិន ខឿន អាយុ៦៣ឆ្នាំ មានមុខរបរជាអ្នកផលិតស្ករត្នោតអស់រយៈពេលជិត៣០ឆ្នាំ បានរៀបរាប់ថា អ្នកស្រី និងស្វាមីបានធ្វើមុខរបរនេះតាំងពីរៀបការមកម្ល៉េះ ដែលនៅពេលនោះ មុខរបរមួយនេះ ទទួលបានប្រាក់កម្រៃតិចតួចបំផុត ដោយស្ករ១គីឡូលក់បានត្រឹម៥០០រៀលប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា ថ្វីត្បិតតែមុខរបរធ្វើស្ករត្នោតមិនចំណាយធនធានក៏ពិតមែន តែតម្រូវឱ្យចំណាយពេលវេលាច្រើន គឺចាប់ផ្ដើមតាំងពីព្រលឹមទល់ព្រលប់ ដូចជា ប្ដីត្រូវឡើងត្នោត ឯប្រពន្ធត្រូវរម្ងាស់ត្នោត និងត្រូវការអុសដុតច្រើន ជាដើម។
អ្នកស្រីថា៖ «ឥលូវគេច្រើនតែឈប់ធ្វើ [ស្ករត្នោត] គេច្រើនតែធ្វើការងារវិញ វាស្រួលជាងឡើងត្នោត។ ណាមួយកូនចៅ គេអាងអីថាកុំឱ្យឡើងត្នោត ពាក្យចាស់លោកថា ១ថ្ងៃងាប់២ដង ឡើងទៅពិបាកណាស់ អាចធ្លាក់ស្លាប់»។
កំពុងអង្គុយលាងខ្ទះដែលទើបរម្ងាស់ស្កររួច អ្នកស្រី គិន ខឿន បានបញ្ជាក់ថា ទោះបីជាតម្លៃស្ករត្នោតមានការកើនឡើងបន្តិចក្ដី ក៏អ្នកភូមិមួយចំនួនបានសម្រេចចិត្តបោះបង់មុខរបរប្រពៃណីនេះដែរ ដោយសារតែជាមុខរបរប្រឈមនឹងគ្រោះថ្នាក់ និងរកចំណូលបានតិច តែចំណាយពេលច្រើន។ ជាក់ស្ដែង សម្រាប់គ្រួសារអ្នកស្រី បន្ទាប់ពីអស់ពីអ្នកស្រីនិងស្វាមីទៅ នឹងគ្មានអ្នកបន្តវេនធ្វើស្ករត្នោតនេះទៀតទេ ដោយហេតុថា ក្មេងជំនាន់ក្រោយងាកមករកការងារធ្វើដែលស្រួល និងមិនគ្រោះថ្នាក់ដល់អាយុជីវិត។
បើតាមស្រ្តីវ័យចំណាស់រូបនេះ បច្ចុប្បន្ន ស្ករត្នោតលក់ក្នុងភូមិបានតម្លៃ៨ ០០០រៀល ក្នុងមួយគីឡូក្រាម ខណៈលក់នៅផ្សារបានប្រមាណ១០ ០០០រៀលក្នុងមួយគីឡូ។
អ្នកភូមិម្នាក់ទៀតដែលប្រកបរបរផលិតស្ករត្នោតអស់រយៈពេលជាង២០ឆ្នាំ លោក គ្រីស សន បានប្រាប់ឱ្យដឹងថា លោកបានចាប់អាជីពជាអ្នកឡើងត្នោត និងផលិតស្ករត្នោត តវេនពីឪពុកចាប់តាំងពីកុមារភាពរហូតដល់លោកមានគ្រួសារក៏នៅតែបន្តមុខរបរនេះ ដោយសារលោកមិនមានចំណេះដឹង និងមុខរបរច្បាស់លាស់។ លោកតែងតែបន្តផ្តាំទៅកូនៗមិនចង់ឱ្យស្នងតំណែងនេះពីរូបលោកនោះឡើយ ទោះបីវាជាមុខរបរនេះបញ្ជាក់ពីប្រពៃណីអត្តសញ្ញាណជាតិក្ដី។
លោកពោលថា៖ «ខ្ញុំអត់ចង់ឱ្យកូនខ្ញុំធ្វើអ៊ីចឹងផង ព្រោះវាលំបាក កុំចង់ឱ្យយកអាជីពហ្នឹង ព្រោះអីអាជីពហ្នឹងអត់មានរកស៊ីអីបានទេ។ ខ្ញុំអត់ចង់ឱ្យធ្វើអាជីពអ៊ីចឹងទេ ខ្ញុំចង់ឱ្យកូនខ្ញុំមាន ឱ្យខំរៀនឱ្យបានធូរធារជាងខ្ញុំ ព្រោះការងារហ្នឹង វាពិបាក អត់ស្រួលទេ»។
តែយ៉ាងណា បុរសវ័យ៤០ឆ្នាំរូបនេះបារម្ភថា មុខរបរដែលជាអត្តសញ្ញាណជាតិមួយនេះអាចនឹងប្រឈមនូវការបាត់បង់ក្នុងថ្ងៃណាមួយខាងមុខ ដោយសារអ្នកភូមិ ជាពិសេសយុវជនជំនាន់ក្រោយ មិនសូវចាប់អារម្មណ៍ក្នុងការបន្តវេន ខណៈមុខរបរនេះត្រូវប្រើប្រាស់កម្លាំងច្រើន និងប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។
លោកថា៖ «ព្រៃឈើបាត់បង់បណ្ដើរៗ ហើយមានអីដុត[រម្ងាស់ស្ករ]ទៀត អនាគតមានតែបាត់ អត់មាននៅទេ ព្រោះក្មេងៗឥលូវគេសុខចិត្តទៅធ្វើការនៅរោងចក្រ គេធូរធារជាងយើង។ ទោះតម្លៃស្ករឡើងថ្លៃក៏មិនប្រាកដថាមានអ្នកធ្វើ ទោះមានក៏មានតិច វាវេទនា អត់អីដុត»។
អាជីវករលក់បន្លែ និងមានឪពុកម្ដាយធ្លាប់ជាអ្នកផលិតស្ករត្នោតផងនោះ លោក នូវ មុត បាននិយាយថា មូលហេតុដែលលោកមិនអាចបន្តអាជីពឡើងត្នោត និងផលិតស្ករត្នោតពីឪពុកម្ដាយ ដោយសារលោកមានការភ័យខ្លាចមិនហ៊ានឡើងខ្ពស់ និងមិនចេះពីរបៀបយកទឹកត្នោត ខណៈឪពុកម្ដាយរបស់លោកក៏ហាមឃាត់មិនឱ្យប្រកបរបរនេះដែរ។
លោកថា៖ «ម៉ែឪក៏មិនចង់ឱ្យធ្វើ នឹកឃើញធ្វើអាហ្នឹង វាយ៉ាប់កម្លាំង ហើយធ្វើក៏មិនបានដែរ ការងារទាំងអស់ហ្នឹងសុទ្ធតែប្រថុយជីវិតផង»។
អតីតអ្នកផលិតស្ករត្នោតម្នាក់ លោក គ្រីស វ៉ិត ដែលបានចាប់យកអាជីពនេះអស់រយៈពេលជិត២០ឆ្នាំមកនោះ បាននិយាយថា អាជីពនេះពិបាកនឹងធ្វើឱ្យជីវភាពគ្រួសារធូរធារណាស់ ដោយសារតែការរកចំណូលបានតិច និងប្រថុយប្រថាននឹងគ្រោះថ្នាក់ដល់អាយុជីវិត ដូច្នេះលោកក៏សម្រេចចិត្តបោះបង់ចោល ហើយទៅធ្វើជាពលករចំណាកស្រុកទៅប្រទេសថៃវិញ។
លោកថា៖ «យើងប្រឈមគ្រោះថ្នាក់ កាលណាយើងខ្វះការប្រុងប្រយ័ត្ន យើងខ្វះកំណល់កល់ អាចចាប់មិនជាប់ចំណង អាចចំណងរឹតមិនតឹង វាអាចងាកឆ្វេងងាកស្ដាំ ទឹកត្នោតយើងវាធ្ងន់ដាក់ចុះពីចុងមក វាអាចវិលបង្អោងនោះ វិលជើង យើងអាចរអិលធ្លាក់ វាអាចធ្លាក់ ចាប់អាលើមិនជាប់ ទឹកត្នោតនេះវាធ្ងន់ វាទាញ វាអាចមានគ្រោះថ្នាក់ច្រើន»។
តែយ៉ាងណា លោកបង្ហាញក្ដីបារម្ភពីការបាត់បង់ផលិតផលស្ករត្នោត និងអាជីពជាអ្នកផលិតស្ករត្នោត ខណៈលោកសង្កេតឃើញរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកភូមិបានបោះបង់ចោលអាជីពនេះជារឿយៗ។ លោកបន្ថែមថា អ្វីដែលជាក្ដីបារម្ភមួយទៀតនោះ គឺផលប៉ះពាល់ទៅលើសុខភាព ដោយសារលោកសង្កេតឃើញមានការផលិតស្ករត្នោតក្លែងក្លាយដែលមានលាយសារធាតុផ្សេងៗដាក់លក់នៅលើទីផ្សារ។
ចំណែក អតីតអ្នកធ្វើស្ករត្នោតម្នាក់ទៀត លោក បុន នឿន បាននិយាយថា លោកបោះបង់អាជីពនេះអស់រយៈពេលជាង៨ឆ្នាំមកហើយ បន្ទាប់ពីលោកបានធ្លាក់ពីលើចុងដើមត្នោតបណ្ដាលឱ្យបាក់ឆ្អឹងខ្នង។ លោកបន្តថា ក្រោយពីជួបគ្រោះថ្នាក់នេះបានធ្វើឱ្យស្ថានភាពគ្រួសាររបស់លោកកាន់តែលំបាកមួយកម្រិតទៀត។
លោកថា៖ «កាលហ្នឹងខ្ញុំឡើង ដូចអត់ដឹងបាក់កាំ អត់ដឹងខ្លួនដែរ បាក់កាំ ធ្លាក់ខ្ពស់ដែរ ក្បែរធាងក្បែរស្លឹកខាងលើ។ ខ្ញុំធ្លាក់មកគ្រាំចង្កេះ បាក់ឆ្អឹងខ្នងពីរបីកង [ឥលូវ] លែងឈឺដែរ គ្រាន់តែស្ពឹកជើង ក្ដិចជើងម្ខាងក្ដីមិនឈឺផង»។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន យល់ស្របដូចប្រជាពលរដ្ឋដែរ ដែលថា មុខរបរនេះមានប្រាក់ចំណូលតិច និងប្រឈមគ្រោះថ្នាក់ខ្ពស់។
តែយ៉ាងណា លោកថា៖ «ប្រសិនបើរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ ឬក៏ប្រជាពលរដ្ឋ នៅមិនបន្តគាំទ្រទេ អាចនឹងបាត់បង់នូវមុខរបរនេះ ហើយក៏បាត់បង់អត្តសញ្ញាណ ឬក៏វប្បធម៌របស់ប្រជាពលរដ្ឋខ្មែរដែរ ពីព្រោះថា មុខរបរនៃការធ្វើស្ករត្នោត គឺជាការសម្គាល់នូវអត្តសញ្ញាណ ចំណូលសេដ្ឋកិច្ចការងារធ្វើ ឬជាមុខរបរចញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋដែរ»។
លោកបន្តថា ដើម្បីថែរក្សាមុខរបរដែលជាអត្តសញ្ញាណជាតិខ្មែរនេះ ទាមទារឱ្យក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលទទួលបន្ទុក គួរពិចារណាសិក្សាស្រាវជ្រាវ ចងក្រងនូវអត្តសញ្ញាណ និងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋនៅតំបន់គោលដៅឱ្យបន្តប្រកបមុខរបរនេះ និងសិក្សាពីបច្ចេកទេសដែលអាចកាត់បន្ថយហានិភ័យ ក៏ដូចជាស្វែងរកទីផ្សារជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ ជាដើម។
អគ្គនាយកសហគ្រាសធុនតូច និងមធ្យម (SME) លោក ហ៊ក ផេង បានគូសបញ្ជាក់ថា ស្ករត្នោតជាមុខរបរតំណាងឱ្យជាតិសាសន៍កម្ពុជា និងមានតម្លៃមហាសាល។ លោកបន្ថែមថា ស្ករត្នោតរបស់កម្ពុជាជាផលិតផលខ្មែរដែលត្រូវបានយកលាយជាមួយអាហារ ស្រា និងតែបាន។
លោកយល់ឃើញថា ផលិតផលស្ករត្នោតនឹងមិនឈានដល់ការបាត់បង់អត្តសញ្ញាណនោះឡើយ ដោយសារតែខាងក្រសួងឧស្សាហកម្មបានខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវរុករកវត្ថុធាតុដើម ដែលមានក្រុមហ៊ុននៅកូរ៉េជាដៃគូ។
លោកថា៖ «ស្ករត្នោតមិនមានការបាត់បង់នោះទេ មានតែការរីកចម្រើនទៅវិញ។ បើសិនជាយើងមានមជ្ឈមណ្ឌលស្រាវជ្រាវនៅកូរ៉េមួយ សិក្សាស្រាវជ្រាវពីវត្ថុធាតុដើមក្នុងស្រុក ខ្ញុំគិតថា មិនអាចបាត់បង់ទេ មានតែរីកចម្រើន និងមានតែការជំរុញឱ្យដាំត្នោតទៀត»៕