អតិថិជនរបស់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត Opennet បារម្ភពីការខាតបង់ថវិកា និងផលិតភាពការងារ ខណៈក្រសួងចំនួនពីរបានព្រមានព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុននេះ ក្នុងករណីដែលក្រុមហ៊ុនមិនព្រមទូទាត់បំណុលជូនរដ្ឋក្នុងរយៈពេល ៧ ថ្ងៃ។
ក្តីបារម្ភនេះ គឺបន្ទាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងរួមគ្នាជាសាធារណៈថា «ក្រុមហ៊ុន ឃីង ថេកណឡជី ឬ Opennet ដែលជាប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិត មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយទេ។
អតិថិនប្រើប្រាស់សេវាកម្មក្រុមហ៊ុន Opennet លោក ឈួន ភីរម្យ ប្រាប់ថា លោកបានប្រើសេវាអ៊ីនធឺណិតរបស់ក្រុមហ៊ុននេះអស់រយៈពេលប្រាំឆ្នាំមកហើយ។ លោកថា ជាធម្មតាខ្លួនបានបង់ថ្លៃសេវាជាកញ្ចប់ ហើយមកទល់ពេលនេះលោកនៅសល់សុពលភាពប្រើប្រាស់រយៈពេលបីខែទៀត ដែលគិតជាថវិកាប្រមាណជាង៣០ដុល្លារអាមេរិក។
លោក ភីរម្យ និយាយថា៖ «នៅពេលដែលដឹងថា ក្រុមហ៊ុនជំពាក់លុយរដ្ឋ ខ្ញុំមានការព្រួយបារម្ភជាខ្លាំងពីព្រោះ opennet បានសម្រួលដល់ការងារខ្ញុំជាច្រើន ដូចនេះប្រសិនបើក្រុមហ៊ុនប្រឈមនឹងការព្យួរអាជ្ញាបណ្ណ ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់»។
លោក ឈួន ភីរម្យ ថា បើក្រុមហ៊ុនត្រូវបានរដ្ឋលុបអាជ្ញាបណ្ណមែន នោះលោកមានតែទៅរកសេវាអ៊ីនធឺណិតពីក្រុមហ៊ុនផ្សេងដែលមានតម្លៃសមរម្យ និងសេវាកម្មល្អផ្សេងទៀត។
ចំណែកអតិថិជនរបស់ក្រុមហ៊ុន Opennet ម្នាក់ទៀត កញ្ញា ទី ចាស្មីន បានបង្ហាញការខកចិត្តដោយបារម្ភពីការខាតបង់ថវិកា និងប៉ះពាល់ដល់ដំណើរការការងារ បើសិនក្រុមហ៊ុនអ៊ឺនធឺណិតនេះផ្អាកផ្គត់ផ្គង់សេវាដោយសារត្រូវព្យួរអាជ្ញាបណ្ណ។
យុវតីរូបនេះថា៖ «ខ្ញុំព្រួយបារម្ភដែរហ្នឹង ព្រោះខ្ញុំប្រើ Opennet រយៈពេល ៤-៥ ឆ្នាំហើយៗបង់លុយម្តង១ឆ្នាំ ឥឡូវសល់សុពលភាព៥ខែទៀត [ខាតប្រហែល ៧៥$]»។
កញ្ញាបន្តថា៖ «ខ្ញុំមានការខកចិត្តខ្លះ ព្រោះវាខាតប្រយោជន៍ដូចជា អតិថិជនមានការរាំងស្ទះការងារ កន្លែងបំរើសេវាកម្មខ្លះត្រូវការប្រព័ន្ធ Wifi ប្រើប្រាស់។ បើសិនខាង internet មានបញ្ហាចឹង វាពិបាក។ […] បើសិនជារដ្ឋព្យួរអាជ្ញាបណ្ណគាត់ គាត់ [ក្រុមហ៊ុន]ត្រូវសងសំណងមកខ្ញុំវិញ ប៉ុន្តែបើការសងសំណងនោះ ត្រូវការរត់ឯកសារច្រើន ចឹងខ្ញុំអត់ត្រូវការទេ គឺលុយប៉ុណ្ណឹងប្រហែលត្រូវចោលហើយ»។
អតិថិជនមួយរូបទៀត លោក កាង យូរីគូ ត្អូញត្អែរពីសេវាអ៊ីនធឺណិត (wifi) របស់ក្រុមហ៊ុននេះថាមានការយឺតយ៉ាវ និងរអាក់រអួលជាញឹកញាប់ ដែលបង្កជាផលលំបាកសម្រាប់លោកក្នុងការប្រើប្រាស់ទូរស័ព្ទ និងកុំព្យូទ័រក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ និងធ្វើការផងដែរ។
លោកនិយាយថា៖ «ពេលខលទៅ ពួកគេ (Opennet) តែងប្រាប់ខ្ញុំថា រដ្ឋមិនឱ្យឡើងខ្សែបង្គោលភ្លើងនោះទេ ទោះជាអតិថិជនមួយចំនួនមានបញ្ហាសេវាទៅលើការប្រើប្រាស់សេវារបស់ក្រុមហ៊ុន»។
យ៉ាងណា លោក កាង យូរីគូ សង្ឃឹមថា ក្រុមហ៊ុននឹងមានដោះស្រាយបញ្ហាទាក់ទងនឹងការបង់សេវាជូនក្រសួងដែលពាក់ព័ន្ធ និងចូលខ្លួនដោះស្រាយបញ្ហាការផ្គត់ផ្គង់សេវា។
ក្នុងសេចក្តីជូនដំណឹងរួមគ្នាមួយ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងសេដ្ឋកិច្ច និងក្រសួងប្រៃសណីយ៍ឱ្យដឹងថា ក្រុមហ៊ុន ឃីង ថេកណឡជី ឬ Opennet ដែលជាប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិត មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយទេ។ តែសេចក្ដីជូនដំណឹងនេះ មិនបានបញ្ជាក់ថា តើក្រុមហ៊ុន ឃីង ថេកណឡជី ឬ Opennet ជំពាក់បំណុលរដ្ឋប៉ុន្មាននោះទេ។
យ៉ាងណា ក្រសួងទាំងពីរបានទុករយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដើម្បីឱ្យក្រុមហ៊ុនចូលមកបំពេញកាតព្វកិច្ចទូទាត់បំណុលនៃចំណូលបែងចែក (Revenue Share) និងបំណុលដទៃទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋជាកំហិត។
ប្រភពដដែលបន្តថា ក្នុងករណីក្រុមហ៊ុននៅតែគេចវេះមិនព្រមទូទាត់បំណុលជូនរដ្ឋ ក្រសួងទាំងពីរនឹងព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងអនុវត្តមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ព្រមទាំងចាត់វិធានការដទៃទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បដិសេធលាតត្រដាងជាសាធារណៈនូវចំនួនថវិកាដែលក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត Opennet ជំពាក់រដ្ឋ។ យ៉ាងណា លោកថា ក្រសួងសេដ្ឋកិច្ចមានតួលេខថវិកា និងរយៈពេលនៃការជំពាក់របស់ក្រុមហ៊ុននេះច្បាស់លាស់ក្នុងបញ្ជីស្នាម។
លោក សេនសានថា៖ «ហើយសួរថាជំពាក់ពីឆ្នាំណា? ខ្ញុំក៏មិនទាន់ជម្រាបបានដែរ។ ខ្ញុំគិតថាក្នុងពេលដែលយើងដាស់តឿនចឹង ខ្ញុំអត់អាចបង្ហាញតួលេខអីបានទេ ព្រោះវាអាចវែងឆ្ងាយទៅរឿងផ្សេងៗទៀត គ្រាន់តែថា ក្រុមហ៊ុនដែលគាត់ទទួលដឹងឮរឿងហ្នឹង គឺគាត់ដឹងហើយថាគាត់ជំពាក់ប៉ុន្មាន។ ហើយនេះជាយន្តការមួយក្នុងការទាមទារអ្នកដែលជំពាក់រដ្ឋ។ គ្រាន់ថា ជាតួលេខប្រាកដប៉ុន្មានៗ អាចសួរខាងក្រុមហ៊ុន បើសិនក្រុមហ៊ុនគាត់ចង់បញ្ជាក់។ កុំឱ្យថា ខាងខ្ញុំលាតត្រដាងប៉ុន្មានៗចឹង ប៉ុន្តែក្នុងបញ្ជីស្នាមយើងមានអស់ហើយ»។
យ៉ាងណាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះថា ការចេញលិខិតនេះមិនមែនជាលើកទីមួយទេ ព្រោះក្រសួងសេដ្ឋកិច្ចបានចេញសេចក្តីជូនដំណឹងទៅកាន់ក្រុមហ៊ុនដែលជំពាក់រដ្ឋបែបនេះជាញឹកញាប់ដែរ។
លោកថា៖ «ក្រុមហ៊ុនណាដែលជំពាក់ យើងចេញលិខិតអ៊ីចឹងទៅ»។
បុគ្គលិកទំនាក់ទំនងរបស់ក្រុមហ៊ុន Opennet បដិសេធបកស្រាយព័ត៌មានទាក់ទិននឹងសេចក្តីជូនដំណឹងរបស់ក្រសួង ដោយនិយាយថា នោះមិនមែនជាតួនាទីរបស់ខ្លួន។
បុគ្គលិកម្នាក់បាននិយាយថា៖ «សូមទោសបង រឿងនេះខាងប្អូនមិនអាចនិយាយបានទេទាល់តែខាងថ្នាក់លើ ចាំប្អូនឱ្យថ្នាក់លើទាក់ទងទៅបងវិញ»។
យ៉ាងណា មកទល់ពេលនេះ VOD មិនទាន់ទទួលបានការឆ្លើយតបពីក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ដែលជាក្រុមហ៊ុនចែកចាយនិងផ្ដល់សេវាអ៊ីនធឺណិតនៅកម្ពុជានេះនៅឡើយទេ។
រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សូ វិសុទ្ធី ក៏មិនទាន់អាចផ្តល់ព័ត៌មានពាក់ព័ន្ធចំនួនថវិកា និងរយៈពេលដែលក្រុមហ៊ុននេះខកខានការទូទាត់បំណុលជូនរដ្ឋនេះនៅឡើយទេ។ យ៉ាងណាលោកថា កន្លងមកមានក្រុមហ៊ុនមួយចំនួនធំដែរ ដែលក្រសួងបានដកអាជ្ញាបណ្ណដោយសារមិនបានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋ។
លោក សូ វិសុទ្ធី ថា៖ «កន្លងមកដូចជាមានក្រុមហ៊ុនមួយចំនួនធំដែរ ដែលក្រសួងបានដកអាជ្ញាបណ្ណពាក់ព័ន្ធនឹងការងារហ្នឹង ដែលគាត់អត់បានបង់កាតព្វកិច្ចដែលគាត់ត្រូវបង់ថវិកាជូនរដ្ឋ»។
បើតាមលោក សូ វិសុទ្ធី ជាក់ស្តែងកាលពីខែតុលា ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍បានសម្រេចលុប និងព្យួរអាជ្ញាបណ្ណរបស់ប្រតិបត្តិករទូរគមនាគមន៍ចំនួន ១៧ ក្រុមហ៊ុនដូចជា ក្រុមហ៊ុន Kingtel Commurication Limited, ក្រុមហ៊ុន Lim Heng Group, ក្រុមហ៊ុន Asia Star Resources Investment Holding Group, ក្រុមហ៊ុន DG Communicators និងក្រុមហ៊ុន TPLC Holdings ជាដើម។
ក្រសួងប្រៃសណីយ៍អះអាងថា ក្រុមហ៊ុនទាំងនេះបានគេចវេសមិនបង់ចំណូលជូនរដ្ឋជាច្រើនឆ្នាំ អសកម្ម មិនបានបំពេញកាតព្វកិច្ចផ្សេងៗតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងពុំបានផ្តល់ឯកសារបច្ចេកទេសជាដើម។
យ៉ាងណាក្រសួងថា បានប្រាប់ឱ្យក្រុមហ៊ុនទាំងនោះត្រូវទូទាត់បំណុលដែលជំពាក់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា បំណុលរដ្ឋ-ឯកជន កាតព្វកិច្ចពន្ធដារ និងត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក និងអតិថិជន ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមានការតវ៉ាកើតឡើងជាយថាហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាបណ្ណនេះ៕