រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណងចំនួនជិត៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក សម្រាប់ការលើកកម្ពស់ការអប់រំបរិយាប័ន្ននៅក្នុងខេត្តកណ្ដាល និងការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ។
ទំព័រហ្វេសប៊ុកស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីម្សិលមិញ បានឱ្យដឹងថា ក្នុងចំណោមថវិកាសរុបចំនួន៦៦៤ ៩៩៤ដុល្លារអាមេរិក គឺមានថវិកាចំនួន២៦៦ ៤២៨ដុល្លារអាមេរិក ត្រូវបានផ្ដល់ទៅ «សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន» (AAR Japan)។
ជំនួយនេះ ដើម្បីអនុវត្ត «គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារមានពិការភាព តាមរយៈការពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន (ឆ្នាំទី៣)»។
ដោយឡែក ថវិកាចំនួន៣៩៨ ៥៦៦ដុល្លារអាមេរិកទៀត ត្រូវបានផ្ដល់ទៅអង្គការក្រៅរដ្ឋាភិបាល «បេះដូងមាស» ដើម្បីអនុវត្ត «គម្រោងស្ដីពីការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (ឆ្នាំទី៣)»។
ប្រភពដដែលឱ្យដឹងថា ឯកអគ្គរាជទូតជប៉ុន និងជាអ្នកតំណាងមកពីអង្គការទាំងពីរ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ដែលបានចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយឥតសំណងនេះ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា អះអាងថា ជាអាទិភាពមួយសម្រាប់រដ្ឋាភិបាលជប៉ុនក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមចំណែកក្នុងការកែលម្អគុណភាពជីវិតនៅក្នុងបណ្ដាខេត្តនានានៅកម្ពុជា ស្របពេលដែលគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជា គម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានចំនួន២០ពាន់លានយេនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជារឿយៗត្រូវបានផ្ដោតសំខាន់នៅលើប្រព័ន្ធផ្សព្វផ្សាយ។
ជប៉ុនជឿជាក់ថា ជំនួយឥតសំណងទាំងនេះនឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕