ហុងកុង​រកឃើញ​វីរុស​កូវីដ-១៩​ផ្ទុក​ក្នុង​កញ្ចប់​សាច់បង្កក​នាំចូល​ពីក្រៅប្រទេស

រូបថតអតិថិជនកំពុងរើសអាហារបង្កកមួយចំនួននៅក្នុងផ្សារទំនើបក្រុងហុងកុង ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានរ៉យទ័រ។

អាជ្ញាធរទីក្រុងហុងកុង បានឱ្យដឹងថា ពួកគេបានរកឃើញវីរុសកូវីដ-១៩ផ្ទុកនៅក្នុងសំណាកដែលយក​ចេញ​ពី​កញ្ចប់សាច់គោបង្កកនាំចូលពីប្រទេសប្រេស៊ីល និងស្បែកជ្រូកបង្កកពីប្រទេសប៉ូឡូញ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters

មជ្ឈមណ្ឌល​សុវត្ថិភាព​ចំណី​អាហារ (CFS) បានយកសំណាកចំនួន៣៦ សម្រាប់​ធ្វើតេស្ដរក​វីរុស​កូវីដ-១៩ ចេញពីកញ្ចប់សាច់គោបង្កកចំនួន១ ១០០កេស ដែលមានទម្ងន់សរុប២៩តោន នាំចូលពីប្រទេសប្រេស៊ីល​តាមផ្លូវសមុទ្រ ដែលក្នុងនោះកញ្ចប់ចំនួន៣ត្រូវបានរកឃើញថាមានផ្ទុកវីរុសមួយនេះ។

ជាមួយគ្នានេះ មជ្ឈមណ្ឌលបានយកសំណាកចំនួន១២ផ្សេងទៀត​ចេញពីកញ្ចប់ស្បែកជ្រូកបង្កកប្រមាណ​ជា៣០០​កេស ដែលមានទម្ងន់ប្រមាណ៧តោន នាំចូលពីប្រទេសប៉ូឡូញ និងរកឃើញថាកញ្ចប់មួយក្នុងចំណោមនោះក៏មានផ្ទុកវីរុសកូវីដ-១៩ផងដែរ។

ទាក់ទិននឹងករណីនេះ រដ្ឋាភិបាលហុងកុងបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទ​ថា៖ «មជ្ឈមណ្ឌល​ CFS បានបញ្ជាឱ្យអ្នកនាំចូលដែលពាក់ព័ន្ធបោះសាច់គោនិងស្បែកជ្រូកទាំងអស់នេះចោល ខណៈដែលមជ្ឈមណ្ឌល​នឹងបង្កើនការយកសំណាកផលិតផលស្រដៀងគ្នានេះសម្រាប់ធ្វើតេស្តបន្តទៀត»។

គួរបញ្ជាក់ថា ទីក្រុងហុងកុងបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការនាំចូលអាហារបង្កក​គិតតាំងពីពាក់កណ្ដាលឆ្នាំ​២០២០ ដែលក្នុងនោះ ពួកគេក៏ធ្លាប់បានរកឃើញវីរុសកូវីដ-១៩ ផ្ទុកនៅក្នុងកញ្ចប់ផលិតផលគ្រឿង​សមុទ្រកាលពីឆ្នាំ​២០២១កន្លងទៅ​ផងដែរ។

ទាក់ទិននឹងករណីនេះ អាជ្ញាធរក៏​បាន​​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋបែងចែក​អាហារ​​ឆៅ​ដាច់​​ដោយ​​ឡែក​ អនុវត្តវិធាន​អនាម័យ និង​ចម្អិន​អាហារ​ឱ្យ​បានឆ្អិនល្អ ខណៈដែលពួកគេលើកឡើងថា កញ្ចប់អាហារបង្កកមានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ