អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា អ្នកនាំពាក្យ និងជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ឯក ថា បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនានេះ។
ក្នុងសារលិខិតរំលែកមរណទុក្ខរបស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថា លោក ឯក ថា បានទទួលមរណភាពក្នុងជន្មាយុ ៥១ឆ្នាំ ដោយជំងឺគាំងបេះដូង។
សារលិខិតរំលែកទុក្ខដដែលបញ្ជាក់ថា តាងនាមថ្នាក់ដឹកនាំ និងសហការី នៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ពិតជាមានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោក ឯក ថា បានទទួលមរណភាពនោះ។
លិខិតទីស្ដីការគណៈរដ្ឋមន្ត្រីសសេរថា៖ «មរណភាពរបស់ ឯកឧត្តម ឯក ថា គឺជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រា បុត្រី ព្រមទាំងចំពោះមិត្តភក្តិ សហសេវិក ហើយក៏ជាការបាត់បង់ធនធានមនុស្សប្រកបដោយសក្តានុពល ក្នុងកិច្ចចូលរួមបម្រើជាតិមាតុភូមិពោពេញដោយឧត្តមគតិដ៏ខ្ពស់»។
លោក ឯក ថា មុននឹងក្លាយជាអ្នកនាំពាក្យ និងជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏ធ្លាប់ជាអតីតអ្នកកាសែត The Cambodia Daily និងទីភ្នាក់ងារសារព័ត៌មាន Reuters ប្រចាំនៅកម្ពុជាម្នាក់ផងដែរ។
បើតាមកិច្ចសម្ភាសន៍មួយរបស់លោក ឯក ថា កាលនៅមានជីវិតជាមួយកាសែតភ្នំពេញប៉ុស្តិ៍ដែលចុះផ្សាយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក ឯក ថា គឺជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានប្រចាំការ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ហើយលោកក៏ជាអ្នកសរសេរសៀវភៅ ១រូបផងដែរ។
លោកបញ្ជាក់ក្នុងកិច្ចសម្ភាសន៍នោះថា គាត់បានចាប់ផ្ដើមជាអាជីពអ្នកកាសែតនៅឆ្នាំ ១៩៩៤ ដោយពេលនោះលោកបានប្រើឈ្មោះ ឯក ម្រ៉ាដា (Ek Madra) ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ហើយក្រោយមកលោកក៏បានវិលត្រឡប់មកប្រើឈ្មោះដើមវិញ។
លោកបញ្ជាក់ទៀតថា មានមូលហេតុមួយចំនួន ដែលជំរុញឱ្យលោកចាប់យកអាជីពជាអ្នកកាសែត ដោយសារសង្កេតឃើញថា សារព័ត៌មានទាំងជាតិ ទាំងអន្តរជាតិ មិនបានធ្វើការផ្សព្វផ្សាយឱ្យពេញលក្ខណៈគ្រប់ជ្រុងជ្រោយ ពីអ្វីដែលបានកើតឡើងនៅកម្ពុជា។ លើសពីនេះ លោកក៏ចង់នាំសារតាមរយៈការសរសេរ ពីមហាជនទៅកាន់ថ្នាក់ដឹកនាំ និងពីថ្នាក់ដឹកនាំមក មកកាន់មហាជនវិញ ពិសេសផ្សព្វផ្សាយព័ត៌មានពិត ដែលគេហៅថា អំណាចទន់ធ្វើឱ្យប្រជាជនយល់ដឹងឱ្យកាន់តែស៊ីជម្រៅ៕