កម្ពុជា​នឹង​ប្រគល់​រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន​១០គ្រឿង​ជូន​ប្រទេសឡាវ

រថយន្តដឹកវ៉ាក់សាំងដែលក្រសួងសុខាភិបាលនាំយកទៅចែកជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត បម្រើដល់សេចក្ដីត្រូវការចាំបាច់នានា។ (ហ្វេសប៊ុក៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា)

រដ្ឋាភិបាលកម្ពុជានឹងប្រគល់រថយន្តដឹងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន១០គ្រឿងទៅឱ្យប្រទេសឡាវដែលជាមិត្តជិតខាង ដោយ​ថា ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌ផងដែរ។ ​

ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនព័ត៌មានកាលពីម្សិលមិញ ស្ដីពីពិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿងដែលជាអំណោយសប្បុរសធម៌របស់​កម្ពុជាប្រគល់ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

លិខិតបន្តថា ពិធីនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ដែលនឹងនាំយកជំនួយរថយន្តដឹកវ៉ាក់សាំង​របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលនិងប្រជាជន​ឡាវ នៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ក​ប្រទេសឡាវ។

ក្រសួងបានបញ្ជាក់ថា៖ «ការសម្រេចផ្ដល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាជូនរដ្ឋាភិបាលនិងប្រជាជននៃប្រទេសឡាវនាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខភាពនិងសុខុមាលភាពរបស់ប្រជាជនឡាវ»។

ក្នុងលិខិតនោះបន្ថែមថា​ ជំនួយទាំងនេះក៏ធ្វើឡើងក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌ប្រកបដោយបេះដូងដ៏ល្អប្រពៃពិតប្រាកដ​ ក្នុងន័យដូចអ្វីដែលលោក ហ៊ុន សែន ធ្លាប់លើកឡើងថា “កម្ពុជាជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ”

កម្ពុជាជឿជាក់ថា ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា​នេះនឹងរួមចំណែកបន្ថែមទៀតជូនដល់ប្រទេសឡាវនៅក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនឡាវឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។

កន្លងមក កម្ពុជាក៏ធ្លាប់ផ្ដល់ជំនួយ​សប្បុរសធម៌ជូនប្រទេសឡាវ​ ដូចជា ថវិកា ម៉ាស់ វែ​នតា​សុវត្ថិភាព សម្លៀកបំពាក់​សុវត្ថិភាពសម្រាប់​មន្ត្រី​សុខាភិបាល ម៉ាស៊ីន​វាស់​កម្ដៅ របាំងមុខ ឧបករណ៍​ជំនួយការ​ដកដង្ហើម ជាដើម៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ