កងកម្លាំងការពារព្រំដែនប៉ូឡូញ (Polish Border Guard) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មានប្រជាជនចំនួន១,៤៣លាននាក់បានចេញពីអ៊ុយក្រែនចូលមកកាន់ប្រទេសប៉ូឡូញ គិតចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រភពដដែលបានបន្តឱ្យដឹងតាមរយៈបណ្ដាញសង្គមធ្វីតធ័រ (Twitter) ថា កាលពីថ្ងៃពុធ មានមនុស្សប្រមាណ១១៧ ៦០០នាក់បានឆ្លងកាត់ព្រំដែន និងប្រមាណ២២ ០០០នាក់ផ្សេងទៀតបានឆ្លងកាត់នៅថ្ងៃព្រហស្បតិ៍។
ក្រសួងការពារជាតិរុស្ស៊ី កាលពីដើមសប្ដាហ៍នេះ ក៏បានលើកឡើងផងដែរថា យោធារបស់ខ្លួននឹងផ្អាកការបាញ់ប្រហារ ហើយអនុញ្ញាតឱ្យមានច្រករបៀងមនុស្សធម៌នៅក្នុងទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ (Kyiv) ផងដែរ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលចាកចេញពីប្រទេសមួយនេះដោយសុវត្ថិភាព។
គួរបញ្ជាក់ថា រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនមកលើអ៊ុយក្រែនតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ ដែលធ្វើឡើងបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ហើយក្នុងនោះមនុស្សរាប់ម៉ឺននាក់ក៏បានព្យាយាមរត់ភៀសខ្លួនចេញជាបន្តបន្ទាប់ ស្របពេលដែលមានការផ្ទុះនិងស្នូរកាំភ្លើងក្នុងទីក្រុងធំៗមួយចំនួនកើតឡើង។
ទាក់ទិននឹងករណីនេះ សហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ ក៏ធ្លាប់បានជូនដំណឹងដល់ពលរដ្ឋរបស់ខ្លួនដែលព្យាយាមចាកចេញពីប្រទេសអ៊ុយក្រែន ឱ្យពិចារណាធ្វើសកម្មភាពនេះតាមរយៈច្រកព្រំដែនផ្លូវគោករបស់ប្រទេសហុងគ្រី រូម៉ានី និងស្លូវ៉ាគី ខណៈដែលពួកគេអាចនឹងចំណាយពេលវេលារង់ចាំតិចជាងច្រកប្រទេសប៉ូឡូញ និងម៉ុលដូវ៉ា៕