កីឡាការិនីប៉េតង់កម្ពុជា អ្នកស្រី កែ ឡេង បានស្នើសុំឱ្យអង្គការតម្លាភាពកម្ពុជា (TI) ដកចេញ និងហាមផ្សព្វផ្សាយវីដេអូបទសម្ភាសន៍របស់ខ្លួន ចេញពីវីដេអូសង្ខេបមួយ ដោយសារមានបទសម្ភាសន៍របស់អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយក្នុងវីដេអូនោះដែរ។
តាមរយៈលិខិតផ្ញើទៅកាន់ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា កាលពីថ្ងៃទី៩ ខែមីនា អ្នកស្រី កែ ឡេង បានចាត់ទុកថា ការផលិតវីដេអូនេះ មានការផ្សារភ្ជាប់ច្រើនទៅនឹងសកម្មភាពនយោបាយ។ អ្នកស្រីបានស្នើសុំឱ្យដកចេញ និងហាមផ្សព្វផ្សាយវីដេអូសម្ភាសន៍របស់អ្នកស្រី ដែលគ្រោងនឹងរៀបចំកម្មវិធីសម្ពោធជាមួយវីដេអូដទៃទៀតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ អ្នកស្រីក៏បញ្ជាក់ដែរថា អ្នកស្រីនឹងមិនទៅចូលរួមនៅក្នុងពិធីសម្ពោធវីដេអូនេះនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះទេ។
អ្នកស្រីបន្តថា អ្នកស្រីបានផ្តល់បទសម្ភាសន៍ ដល់អង្គការតម្លាភាពកម្ពុជា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្រោយពីក្រុមការងារតម្លាភាពកម្ពុជាបានទាក់ទងជាច្រើនដង ដោយអ្នកស្រីយល់ថា កិច្ចសម្ភាសន៍នេះ គឺដើម្បីតែលើកកម្ពស់ និងអបអរសាទរតម្លៃស្ត្រីកម្ពុជា ដោយមិនពាក់ព័ន្ធនឹងការងារនយោបាយណាមួយនោះទេ។
វីដេអូសង្ខេបនេះ មានចំណងជើងថា «ស្ត្រីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជា ឆ្នាំ២០២១» ដែលមានសមាសភាពស្ត្រី ១០រូបចូលរួម ក្នុងនោះក៏មានសមាសភាពលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយផងដែរ។
អ្នកស្រីបានសរសេរថា៖ «ក្នុងន័យនេះ ដោយឃើញកម្រងវីដេអូ និងវេទិកាដែលរៀបចំដោយអង្គការរបស់លោក មានការផ្សារភ្ជាប់ច្រើនទៅនឹងសកម្មភាពនយោបាយដូចបានបញ្ជាក់ខាងលើ ខ្ញុំស្នើសុំលោកនាយកប្រតិបត្តិ ដកចេញនូវវីដេអូសម្ភាសន៍របស់ខ្ញុំ និងហាមធ្វើការផ្សព្វផ្សាយទោះរូបភាពណាក៏ដោយ។ ហើយ ខ្ញុំក៏នឹងអាក់ខានក្នុងការចូលរួមពិធីសម្ពោធវីដេអូនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ»។
វីអូឌីមិនអាចទាក់ទង អ្នកស្រី កែ ឡេង បានទេនៅថ្ងៃសុក្រនេះ តែជំនួយការអ្នកស្រី លោក លី សីហា បានបញ្ជាក់ថា ការស្នើសុំឱ្យដកវីដេអូបទសម្ភាសន៍នេះចេញ គឺដោយសារតែវីដេអូនេះមានភ្ជាប់នឹងសកម្មភាពនយោបាយ ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកស្រីដែលកំពុងបម្រើការងារជាមន្ត្រីរាជការនៅក្រសួងការពារជាតិ។ បើតាមលោក លី សីហា អង្គការតម្លាភាពកម្ពុជាបានសម្រេចដកបទសម្ភាសន៍នេះចេញវិញហើយ កាលពីវេលាម៉ោង ៨ និង៤៥នាទីព្រឹក ថ្ងៃទី១១ ខែមីនានេះ។
អ្នកស្រី កែ ឡេង ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់រហ័សនាមថា «វីរកីឡាការិនីប៉េតង់កម្ពុជា» បន្ទាប់ពីអ្នកស្រីបានឈ្នះមេដាយមាសជើងឯកពិភពលោក ៤ជំនាន់ជាប់ៗគ្នា ចាប់ពីឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩។ បច្ចុប្បន្នអ្នកស្រី កែ ឡេង មានឋានៈជាឧត្តមសេនីយ៍ទោល ឬផ្កាយពីរ នៃក្រសួងការពារជាតិ៕