ស្ត្រីជនជាតិថៃមួយរូប ដែលបានអះអាងកាលពីពេលកន្លងទៅថា ឈាមរបស់ខ្លួនត្រូវបានគេបូមយកទៅលក់នៅក្នុងប្រតិបត្តិការឆបោកក្នុងខេត្តព្រះសីហនុ បានបញ្ជាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួនបានប្រតិដ្ឋព័ត៌មាននេះឡើងក្នុងគោលបំណងដើម្បីឱ្យអាជ្ញាធរជួយសង្គ្រោះរូបនាងឱ្យបានឆាប់រហ័ស។
ការថ្លែងបញ្ជាក់របស់ស្ត្រីវ័យ ២៥ឆ្នាំខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនៅទីក្រុងបាងកក ដែលរៀបចំឡើងដោយអាជ្ញាធរថៃ និងកម្ពុជា ខណៈដែលសមត្ថកិច្ចថៃបានលើកឡើងថា រឿងរ៉ាវរបស់ស្រ្តីរូបនេះដែលត្រូវបានសារព័ត៌មានមួយចំនួនយកទៅចុះផ្សាយនោះគឺជារឿងក្លែងក្លាយ។
សមត្ថកិច្ចបន្តថា ស្ត្រីរូបនេះក៏ត្រូវបានចោទប្រកាន់ពីបទចេតនារាយការណ៍អំពីឧក្រិដ្ឋកម្មមិនពិត រួមនឹងបទទាក់ទងនឹងការចេញទៅបម្រើការនៅបរទេសដោយខុសច្បាប់ផងដែរ។
ស្ត្រីដែលអះអាងថាខ្លួនបានប្រតិដ្ឋព័ត៌មាននេះថ្លែងថា៖ «អ្វីៗគ្រប់យ៉ាងដែលខ្ញុំបានលើកឡើង [ការត្រូវបានគេបូមឈាមយកទៅលក់] កាលពីពេលកន្លងទៅគឺជារឿងមិនពិតនោះទេ។ ខ្ញុំមិនត្រូវបានគេចាប់បង្ខំឱ្យធ្វើសកម្មភាពអ្វីនោះទេ។ ខ្ញុំបានប្រតិដ្ឋព័ត៌មាននេះឡើងដើម្បីទទួលបានការជួយសង្រ្គោះតែប៉ុណ្ណោះ។ ខ្ញុំធ្លាប់ឮថាមានករណីនេះកើតឡើង។ ដូច្នេះហើយខ្ញុំក៏សម្រេចប្រតិដ្ឋរឿងនេះ ដើម្បីស្នើសុំការជួយសង្រ្គោះពីអាជ្ញាធរឱ្យបានឆាប់រហ័ស»។
យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយរបស់សមត្ថកិច្ចថៃបានឱ្យដឹងថា ស្ត្រីរូបនេះបានទៅធ្វើការនៅក្នុងប្រតិបត្តិការឆបោកមួយក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាំងពីដើមឆ្នាំ២០២១ ហើយមិនដែលចាកចេញពីទីតាំងនេះនោះទេ ដោយមិនបានបញ្ជាក់ថាតើស្ត្រីរូបនេះត្រូវបានគេជួញដូរ ឬធ្វើការដោយស្ម័គ្រចិត្តយ៉ាងណានោះឡើយ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា ស្ត្រីរូបនេះបានប្រតិដ្ឋព័ត៌មានថាខ្លួនត្រូវបានគេចាប់ពង្រត់នៅខេត្តព្រះសីហនុ ដោយត្រូវបានគេចាប់ជញ្ជូនពីទីតាំងមួយទៅទីតាំងមួយផ្សេងទៀត ហើយត្រូវបានថៅកែចាប់បូមឈាមរបស់ខ្លួនយកទៅលក់។
ជាមួយគ្នានេះដែរ ស្រ្តីរូបនេះក៏បានបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបង្ហោះការអះអាងរបស់ខ្លួននៅក្នុងក្រុមផ្សេងៗគ្នាកាលពីដើមខែមីនា ដើម្បីចែកចាយរឿងរ៉ាវរបស់ខ្លួន និងសុំឱ្យមានការជួយសង្រ្គោះពីអាជ្ញាធរឱ្យបានឆាប់រហ័ស ដើម្បីបញ្ជូនរូបនាងទៅកាន់ប្រទេសកំណើតវិញ។
ដំបូងឡើយ សមត្ថកិច្ចថៃក៏បានផ្សព្វផ្សាយជាសាធារណៈនូវការអះអាងរបស់ស្ត្រីរូបនេះ បន្ទាប់ពីខ្លួនត្រូវបានគេជួយសង្រ្គោះឱ្យត្រឡប់មកកាន់ប្រទេសកំណើតវិញជាមួយជនជាតិថៃ ៧នាក់ផ្សេងទៀតកាលពីថ្ងៃទី៩ ខែមីនា ហើយសមត្ថកិច្ចនៅពេលនោះក៏បានព្រមានដល់ពលរដ្ឋទាំងឡាយកុំឱ្យទទួលយកនូវការផ្តល់ជូនការងារក្រៅផ្លូវការនៅកម្ពុជា។
ទោះជាយ៉ាងណា ជំនួយការអគ្គស្នងការនគរបាលជាតិថៃ លោក សុរាជិត ហាក់ផន (Surachate Hakparn) បានថ្លែងថា សមត្ថកិច្ចបានរកឃើញករណីរបស់ស្រ្តីខាងលើនេះហាក់មានភាពមិនប្រក្រតីក្នុងអំឡុងពេលសាកសួរចម្លើយ ដូច្នេះពួកគេបានបន្តការសាកសួររហូតដល់ស្រ្តីរូបនេះ នៅទីបំផុតបានឆ្លើយសារភាពពីការពិត។
ស្ត្រីរូបនេះបានឱ្យដឹងដែរថា រូបនាងបានសម្រេចប្រតិដ្ឋរឿងចាប់ពង្រត់និងបូមឈាមលក់ឡើងដោយសារតែខ្លួនព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួនក្នុងក្រុងប៉ោយប៉ែត ដោយថាអ្នកគ្រប់គ្រងជនជាតិចិននៃករណីឆបោកតាមទូរសព្ទនៅកន្លែងដែលខ្លួនធ្វើការនោះ បានគំរាមរូបនាង បន្ទាប់ពីខ្លួនបានជួយបុគ្គលិកម្នាក់ទៀតឱ្យចាកចេញពីកម្ពុជា។
ស្ត្រីដដែលនេះបានបន្តដោយប្រាប់ពីអ្វីដែលអ្នកគ្រប់គ្រងគំរាមមកកាន់ខ្លួនថា៖ «ខ្ញុំនឹងតាមរកអ្នកឱ្យទាល់តែឃើញ។ អ្នកនឹងមិនអាចចាកចេញទៅកាន់ប្រទេសថៃវិញបាននោះទេ»។
លោក សុរាជិត ហាក់ផន ដែលបានទៅកាន់ព្រំដែនក្នុងខេត្តស្រះកែវ ប្រទេសថៃ ដើម្បីជួបស្រ្តីរូបនេះបន្ទាប់ពីត្រូវបានបញ្ជូនមកកាន់ប្រទេសវិញនៅថ្ងៃទី៩ ខែមីនា បានសួរចម្លើយនាងនៅចំពោះមុខអ្នកសារព័ត៌មានដោយសួរទាក់ទងនឹងទីតាំងដែលនាងស្នាក់នៅក្នុងក្រុងប៉ោយប៉ែត លក្ខខណ្ឌការងាររបស់ខ្លួន និងប្រភេទនៃប្រតិបត្តិការឆបោកដែលខ្លួនបានធ្វើនៅទីនោះ។
ជាមួយគ្នានេះ លោកក៏បានស្នើឱ្យស្រ្តីរូបនេះបកស្រាយទៅកាន់ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងកម្ពុជា លោក សម វណ្ណវីរៈ ផងដែរ។
ស្រ្តីរូបនេះបានស្នើឱ្យលោក សម វណ្ណវីរៈ ជួយសង្គ្រោះជនជាតិថៃទាំងអស់នៅកន្លែងដែលខ្លួនធ្វើការក្នុងក្រុងប៉ោយប៉ែត ដោយលើកឡើងថាប្រតិបត្តិការឆបោកតូចៗគឺមានជាច្រើន ហើយមនុស្សជាច្រើន ក៏ត្រូវបានឃុំខ្លួន និងបង្ខំឱ្យធ្វើការ។
ទោះជាយ៉ាងណា ស្រ្តីដដែលនេះក៏បានថ្លែងសុំទោសទៅកាន់ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងរូបនេះដែរថា៖ «ខ្ញុំសូមអភ័យទោសដែលខ្ញុំបានបង្កបញ្ហាដល់អ្នករាល់គ្នា»។
នាងបន្តថា៖ «កំហុសទាំងឡាយគឺដោយសារតែខ្ញុំទាំងអស់។ ខ្ញុំបានប្រតិដ្ឋរឿងគ្រប់យ៉ាងឡើង»។
ស្ត្រីរូបនេះ ក៏ត្រូវបានរកឃើញថា បានចែកចាយការប្រតិដ្ឋព័ត៌មានដល់សមត្ថកិច្ច តាមរយៈការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយតាំងខ្លួនជាម្ចាស់ភោជនីយដ្ឋានថៃមួយរូបនៅខេត្តព្រះសីហនុ។
ថ្លែងប្រាប់សារព័ត៌មានកាលពីថ្ងៃសុក្រ លោក សម វណ្ណវីរៈ បានឱ្យដឹងថា ករណីនេះបានធ្វើឱ្យខូចដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ខណៈរឿងនេះក៏បានបង្ហាញឱ្យឃើញពីការធ្វេសប្រហែស និងការមិនយកទុកដាក់របស់អាជ្ញាធរថៃផងដែរ។
ទោះជាយ៉ាង លោកក៏បានថ្លែងអំណរគុណដល់សមត្ថកិច្ចថៃដែលខិតខំប្រឹងប្រែងចូលរួមក្នុងការបង្ហាញពីការពិតដល់សាធារណជន ដោយលោកក៏បានក្រើនរំលឹកឡើងវិញពីផែនការរបស់កម្ពុជា ក្នុងការធ្វើការជាមួយមន្រ្តីនគរបាលថៃដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលស្ថិតក្នុងគ្រោះថ្នាក់។
ដោយមិនបានរៀបរាប់លម្អិតអំពីករណីជាក់លាក់ ឬចំនួនមនុស្សដែលត្រូវបានចោទប្រកាន់ លោកបន្ថែមថា កម្ពុជាបានចាប់ខ្លួន និងចោទប្រកាន់បុគ្គលជាច្រើននាក់រួចមកហើយ ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោក ដោយបញ្ជាក់ថាឧក្រិដ្ឋជនទាំងនោះរួមមានជនជាតិចិន ខ្មែរ និងថៃ។
លោក សម វណ្ណវីរៈ ក៏បានលើកឡើងពីករណីបុរសជនជាតិចិនមួយរូប ដែលដំបូងឡើយអះអាងថា ឈាមរបស់ខ្លួនត្រូវបានគេបូមយកទៅលក់ដោយក្រុមហ៊ុនឆបោកក្នុងក្រុងព្រះសីហនុ ប៉ុន្តែក្រោយមកបានបញ្ជាក់ថារឿងនេះគឺជាការប្រតិដ្ឋព័ត៌មានឡើង។
លោកបន្ថែមថា បុរសចិនខាងលើនេះគឺជាអ្នកជំនួញមួយរូបដែលចាញ់ល្បែងស៊ីសងអស់លុយ ហើយចង់ត្រឡប់ទៅប្រទេសចិនវិញ។ ដូច្នេះហើយគាត់ និងមិត្តភ័ក្តិចំនួន ៤ទៅ ៥នាក់ក៏ចាប់ផ្ដើមបង្កើតជារឿងរ៉ាវមួយឡើងដើម្បីសុំការជួយសង្រ្គោះពីអាជ្ញាធរចិន។
លោកថា៖ «បុរសរូបនេះបានសារភាពរួចហើយថាខ្លួនបានប្រតិដ្ឋព័ត៌មាននៅក្នុងករណីនោះ»។
គួរបញ្ជាក់ថា បុរសចិនរូបនោះ រួមនឹងប្រធានក្រុមស្ម័គ្រចិត្តកម្ពុជា-ចិនមួយរូប លោក Chen Baoron ក៏ត្រូវបានចោទប្រកាន់ពីបទញុះញង់ ទាក់ទងនឹងករណីប្រតិដ្ឋព័ត៌មានបូមឈាមលក់នេះផងដែរ៕
បកប្រែនិងសម្រួលដោយលោក ភុន ច័ន្ទឧសភា ចេញពីអត្ថបទដើមភាសាអង់គ្លេស របស់ Jintamas Saksornchai៖