សកម្មជនដីធ្លីម្នាក់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្នើទៅតុលាការកំពូលទម្លាក់បទចោទប្រកាន់ ដោយថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមជារឿងអយុត្តិធម៌ ដោយសារបទចោទប្រកាន់លើរូបលោកភ្ជាប់ជាមួយនឹងរឿងនយោបាយ។
ការស្នើរបស់តំណាងសហគមន៍ដីធ្លីស្រែប្រាំង ខេត្តត្បូងឃ្មុំ នាថ្ងៃនេះ ធ្វើឡើងអំឡុងពេលតុលាការកំពូលបើកសវនាការលើសំណុំរឿង «សមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយមានជនជាប់ចោទសរុបចំនួន៧នាក់។
ក្នុងចំណោមជនជាប់ចោទទាំង៧នាក់ មានសកម្មជនបក្សប្រឆាំង និងសកម្មជនដីធ្លី ប៉ុន្តែសវនាការនាព្រឹកនេះ អវត្តមានជនជាប់ចោទ៦នាក់ ដោយមានវត្តមានតែលោក សែម ចំណាន ដែលជាសកម្មជនដីធ្លីស្រែប្រាំង នៅស្រុកតំបែរ ប៉ុណ្ណោះ។
ឈរនៅរង្វង់ក្រចកសេះ ក្នុងសម្លៀកបំពាក់ពណ៌ទឹកប៊ិច សកម្មជនដីធ្លី លោក សែម ចំណាន ប្រាប់ទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឍ ថាមូលហេតុដែលរូបគាត់ប្ដឹងសាទុក្ខ ដោយសារការចោទនិងការផ្ដន្ទាទោសឱ្យគាត់ជាប់ពន្ធនាគាររហូតដល់១ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ជារឿងអយុត្តិធម៌ ខណៈដែលគាត់មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ឡើយ។
លោកថា៖ «ការកាត់ទោស១ឆ្នាំ ពិន័យជាប្រាក់ ទាំងដែលខ្ញុំមិនបានប្រព្រឹត្តនិងចូលរួមអ្វីទាំងអស់ វាអយុត្តិធម៌សម្រាប់ខ្ញុំ ទើបខ្ញុំប្ដឹងមកតុលាការកំពូលរកយុត្តិធម៌ឱ្យខ្ញុំ»។
លោក លី សុចិត្រា មេធាវីការពារក្ដីឱ្យសកម្មជនដីធ្លី ឈ្មោះ សែម ចំណាន បានលើកឡើងក្នុងសវនាការថា ការផ្ដន្ទាទោសលើកូនក្ដីជារឿងអយុត្តិធម៌ ដោយសារកូនក្ដីរបស់លោកមិនបានរៀបចំនិងចូលរួមធ្វើបាតុកម្មនៅមុខស្ថានទូតចិន ដូចតុលាការថ្នាក់ក្រោមចោទប្រកាន់ឡើយ។
លោកចាត់ទុកការចោទប្រកាន់នេះថាជារឿងមិនត្រឹមត្រូវ ដោយសារកូនក្ដីរបស់លោកជាអ្នករងគ្រោះរឿងដីធ្លី មិនដែលជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយឡើយ ប៉ុន្តែបែរជាតុលាការថ្នាក់ក្រោមយករឿងកូនក្ដីរបស់លោកមកភ្ជាប់ជាមួយនឹងរឿងនយោបាយទៅវិញ។ ករណីនេះ លោកស្នើទៅប្រធានក្រុមប្រឹក្សាតុលាការកំពូល ទម្លាក់បទចោទប្រកាន់ និងដោះលែងកូនក្ដីឱ្យមានសេរីភាពវិញ។
លោកថា៖ «គាត់ [សែម ចំណាន] អត់មានចូលរួមបាតុកម្មទេ ព្រោះថ្ងៃកើតហេតុ គាត់នៅធ្វើសំណង់ ហើយការចោទប្រកាន់ក៏មិនមានភស្តុតាងដាក់បន្ទុកលើកូនក្ដីដែរ។ ការចោទប្រកាន់លើកូនក្ដី វាជារឿងមិនត្រឹមត្រូវសោះ យករឿងគាត់មកភ្ជាប់ជាមួយរឿងនយោបាយទៅវិញ»។
ក្រោយពីសវនាការជិត១ម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឍ បានសម្រេចប្រកាសសាលដីកានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ចាត់ទុកការកាត់ទោសសកម្មជនដីធ្លីឱ្យជាប់ពន្ធនាគារ ដោយភ្ជាប់ជាមួយនឹងរឿងនយោបាយ ថាជាការគំរាមកំហែង ខណៈពួកគាត់សកម្មក្នុងការតស៊ូមតិទាមទារឱ្យមានដំណោះស្រាយរឿងដីធ្លី។
លោកថា៖ «ការតស៊ូមតិបណ្ដាលមកពីបញ្ហាក្រពះ និងគ្មានដីសម្រាប់ធ្វើស្រែចម្ការ ដោយសារអាជ្ញាធរមិនបានយកចិត្តទុកដាក់ដោះស្រាយ។ ការចោទប្រកាន់ពីបទ “ញុះញង់” ដោយគ្រាន់តែប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងចូលរួមក្នុងការបង្កើតសមាគមសហជីពអីហ្នឹង គឺមានចែងនិងធានាក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់ជាតិនិងអន្តរជាតិផ្សេងៗដែរ មិនមែនឱ្យតែធ្វើការងារសង្គម គិតតែចោទប្រកាន់ញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គមទេ»។
ជនជាប់ចោទចំនួន៧នាក់ ក្នុងសំណុំរឿង «សមគំនិតក្នុងអំពើញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» នេះ រួមមានឈ្មោះ ផុន សុផល, ម៉ក់ សំអាន, ព្រៅ ចាន់ធឿន, ខន ទន, អ៊ុំ យ៉េត, ស៊ូ យាន និង សែម ចំណាន។ ប៉ុន្តែក្នុងចំណោមពួកគេទាំង៧នាក់ គឺមានជនជាប់ចោទចំនួន៦នាក់ត្រូវបានដោះលែងចេញពីពន្ធនាគារ បន្ទាប់ពីពួកគេបានអនុវត្តទោសគ្រប់១ឆ្នាំ ខណៈលោក សែម ចំណាន មិនទាន់ត្រូវបានដោះលែងនៅឡើយ ដោយសាររូបលោកមានជាប់ចោទក្នុងសំណុំរឿងដីធ្លីមួយទៀត។
លោក សែម ចំណាន ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំ ចេញសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំ ក្រោមបទចោទ «កំហែងយកដោយមានស្ថានទម្ងន់ទោស ប្រើប្រាស់អាវុធ» កាលពីខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងរឿងតវ៉ាដីធ្លី។ ក្រោយពីមានការសម្រេចនេះ មេធាវីការពារក្ដីបានប្ដឹងសាទុក្ខសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធណ៍សម្រេចឱ្យលោកអនុវត្តទោសក្នុងពន្ធនាគារ២ឆ្នាំវិញ។
តំណាងសហគមន៍ស្រែប្រាំង នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក សែម ចំណាន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ហើយបានបញ្ជូនមកកាន់ពន្ធនាគាខេត្តត្បូងឃ្មុំ៕