លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា បទល្មើសនេសាទនៅបឹងទន្លេសាបនៅតែកើតឡើង ដោយសារតែមន្ត្រីអនុវត្តច្បាប់ធ្វើការបង្ក្រាបតែពេលលោកក្រើនរម្លឹកប៉ុណ្ណោះ ដែលករណីនេះធ្វើឱ្យវិធានការទប់ស្កាត់បទល្មើសដែលបានដាក់ចេញគ្មានប្រសិទ្ធភាព។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ដែលធ្វើឡើងនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៥ ខែមីនានេះ។
លោកបានថ្លែងថា ផែនការចង្អុលទិសធ្វើកំណែទម្រង់ឡូត៍នេសាទនៅបឹងទន្លេសាបនេះ លោកបានណែនាំតាំងពីឆ្នាំ២០១២មក តែថាការអនុវត្តជាក់ស្ដែងបានតែរយៈពេលខ្លី ក្រោយពេលលោកក្រើនរម្លឹក។
លោកថា៖ «កំណែទម្រង់ផ្ដាច់ព្រ័ត្រលើបញ្ហាឡូត៍នេសាទ ណែនាំច្បាស់លាស់ណាស់នៅក្នុងនោះ តែគ្រាន់ថាម្ដងៗនាំគ្នាភ្លេចបាត់ទៅ ដល់តែនាយករដ្ឋមន្ត្រីរម្លឹក បានធ្វើវិញ […] អាហ្នឹងបានជាខ្ញុំចេះតែថា ឯងខំបង្កើតស្ថាប័ន ខំបង្កើតក្រសួងហើយ តែក្រសួងហ្នឹងវាមិនព្រមធ្វើការទេ ការងារបស់វា វាមិនធ្វើការ ហើយយើងវាពិបាក។ បើមិននិយាយ វាមិនកើត ព្រោះបើនិយាយក្នុងបន្ទប់ចេញទៅ វាអត់ធ្វើដដែលហ្នឹង អ៊ីចឹងបានជាត្រូវមាត់ម្សិលម្ង៉ៃ»។
ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មេដឹកនាំរូបនេះបានស្ដីបន្ទោសមន្ត្រីពាក់ព័ន្ធ រួមទាំងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ផងដែរ ជុំវិញបទល្មើសនៅបឹងទន្លេសាប។
បន្ថែមពីនេះ លោកក៏បានចេញបញ្ជាឱ្យកងកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសទាំងនោះ តែមិនបានប្រកាសចំណាត់ការផ្លូវច្បាប់ចំពោះមន្ត្រីដែលទទួលខុសត្រូវនៅតាមបណ្ដាខេត្តជាប់បឹងទន្លេសាបទាំងនោះទេ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ដែលទទួលភារកិច្ចចុះស្រាវជ្រាវនៅតំបន់នោះ ធ្លាប់លើកឡើងថា បទល្មើសនេសាទនៅបឹងទន្លេសាបដល់ចំនុចប្រកាសអាសន្នហើយ ក្នុងនោះ លោកសម្អាងថា ២ឆ្នាំទៀត ត្រីនៅបឹងទន្លេសាបនឹងលែងមាន បើគ្មានវិធានទប់ស្កាត់បន្ទាន់ទេនោះ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នជាប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា បទល្មើសនេសាទនៅតំបន់បឹងទន្លេសាបបានកើតឡើងជាយូរឆ្នាំមកហើយ ហើយបញ្ហានេះ លោកចោទជាសំណួរថា តើសារនាយករដ្ឋមន្ត្រីនេះចង់ទប់ស្កាត់បទល្មើសមែនទែន ឬជាសារដើម្បីទាក់ទាញការចាប់អារម្មណ៍មុនការបោះឆ្នោតមកដល់។
តែយ៉ាងណា លោកគិតថា ដើម្បីឱ្យការទប់ស្កាត់បទលើ្មសនេះមានប្រសិទ្ធភាព ទាល់តែរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដ ដើម្បីធានាថាគ្មានអ្នកពាក់ព័ន្ធណាម្នាក់នៅក្រៅសំណាញ់ច្បាប់។
លោកថា៖ «ខ្ញុំយល់ឃើញថា ត្រូវតែមានវិធានការជាក់លាក់ ជាប់លាប់ ក្រោមសំណាញ់ច្បាប់ ហើយនិងមានភាពម៉ឺងម៉ាត់ និងវិន័យច្បាស់លាស់»។
សហគមន៍នេសាទនៅខេត្តបាត់ដំបង ដែលជាខេត្តជាប់បឹងទន្លេសាប លោក ជា សារិន កត់សម្គាល់ថា បទល្មើសនៅបឹងទន្លេសាប ដែលជនល្មើសប្រើឧបករណ៍ជាប្រភេទឆក់ត្រីដោយម៉ាស៊ីន បានកើតឡើងចាប់តាំងពីឆ្នាំ២០១២មក ក្រោយពីរដ្ឋាភិបាលបិទការធ្វើអាជីវកម្មឡូត៍នេសាទ។
លោកគូសបញ្ជាក់ថា បច្ចុប្បន្ន បទល្មើសនៅតំបន់នេះបានក្លាយជាការគប់គិតគ្នាជាប្រព័ន្ធរវាងមន្ត្រីនិងជនល្មើស។ លោកគិតថា វិធានការទប់ស្កាត់ក្នុងរយៈពេលយូរ ទាល់តែមានវិធានការលើមន្ត្រីខិលខូច ឬត្រូវផ្លាស់ប្ដូរមន្ត្រីនៅតំបន់នោះចេញ។
លោក ជា សារិន និយាយថា៖ «ទាក់ទងនឹងបទល្មើសនេសាទ ដូរនាយខណ្ឌចេញហ្មង ដូរទៅដាក់ឱ្យឆ្ងាយ បើវានៅត្រង់ណា នៅត្រង់ហ្នឹងដដែល ដុះស្លែ សុទ្ធតែគ្នាគេទាំងអស់ ទប់មិនបានទេ ព្រោះវាជាប្រព័ន្ធបាត់ទៅហើយ»។
ជុំវិញបញ្ហានេះ អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ ធ្លាប់ប្រាប់វីអូឌីថា ដើម្បីទប់ស្កាត់បទល្មើសនេសាទទ្រង់ទ្រាយធំនៅបឹងទន្លេសាបបាន លុះណាតែរដ្ឋាភិបាលបើកឱ្យភាគីពាក់ព័ន្ធ មានទាំងសហគមន៍នេសាទផងដែរ បានចូលរួមទប់ស្កាត់ ទើបអាចកាត់ផ្ដាច់ការគប់គិតគ្នាជាប្រព័ន្ធបាន។
មួយវិញទៀត កញ្ញាថា រដ្ឋាភិបាលត្រូវរុះរើប្រព័ន្ធដែលស្អុយរលួយចេញ ហើយជំនួសមកវិញដោយប្រព័ន្ធអភិបាលកិច្ចល្អ។
កញ្ញាថា៖ «ព្រោះនៅពេលដែលប្រព័ន្ធមួយស្អុយហើយ យើងអត់អាចដោះស្រាយអីចេញទេ! អ៊ីចឹងត្រូវហ៊ានអារកាត់ពីថ្នាក់លើទៅ ដើម្បីរុះរើ អាហ្នឹងបើចង់សម្អាតប្រព័ន្ធ»។
នៅថ្ងៃសុក្រនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយលើកឡើងថា ក្រសួងបាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបបទល្មើសជលផលជុំវិញបឹងទន្លេសាបឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសអួនអូសទឹកសាប ឆក់ត្រជាក់ និងបទល្មើសដទៃទៀត ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល។
ជាមួយគ្នានេះដែរ ក្រសួងក៏បានស្នើដល់សាធារណជន និងបណ្ដាញសារព័ត៌មានដែលបានជួបប្រទះបទល្មើសជាក់ស្ដែង ជួយរាយការណ៍បន្ទាន់ទៅកាន់ក្រសួងផងដែរ៕