ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងមានសភាពចាស់ដំបូលប្រក់ស័ង្កសីមានទីតាំងស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជាជម្រកស្នាក់នៅរបស់ស្ត្រីវ័យ៦២ឆ្នាំ មានមុខរបរជាអ្នកដើរកោសខ្យល់ចល័ត ដើម្បីយកប្រាក់ចិញ្ចឹមម្តាយវ័យ៨៣ឆ្នាំ។
អ្នកស្រី ហេង ធិ វ័យ ៦២ឆ្នាំ មានជំងឺប្រចាំកាយផងនោះប្តេជ្ញាថា សុខចិត្តអត់អាហារខ្លួនឯងឱ្យតែម្តាយមានអាហារហូបចុកគ្រប់គ្រាន់។
រំឭកទៅកាន់អតីតកាលនៃជីវិតរបស់អ្នកស្រី ហេង ធិ ដោយអ្នកស្រីរៀបរាប់ថា អ្នកស្រីរួមទាំងក្រុមគ្រួសារ ដើមឡើយមានស្រុកកំណើតនៅភូមិលេខ២ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ អ្នកស្រីបន្តទៀតថា ក្រោយសម័យខ្មែរក្រហម អ្នកស្រីនិងក្រុមគ្រួសារសម្រេចចិត្តនាំគ្នាមករស់នៅម្ដុំស្ពានក្បាលថ្នល់រាជធានីភ្នំពេញ។ អ្នកស្រីបន្តថា ខ្សែជីវិតរបស់គាត់ និងក្រុមគ្រួសារជួបការលំបាកតាំងពីដើមមក។
អ្នកស្រីនិយាយថា៖ «ពេលចេញពី ប៉ុល ពត គ្រួសារអ៊ំពិបាកណាស់ កាលណោះអ៊ំត្រូវចេញទៅរកស៊ីដើម្បីចិញ្ចឹមគ្រួសារនិងបងប្អូន រើសអេតចាយផង រើសអំបែងកែវ អំបែងដបផង និង រែកទឹកឱ្យគេ បានតែ២កាក់ ក៏អ៊ំស៊ូទ្រាំធ្វើដែរព្រោះយើងវាអត់»។
អ្នកស្រី ហេង ធិ ប្រាប់បន្ថែមទៀតថា មុនពេលអ្នកស្រីចាប់ផ្ដើមមកចាប់របរដើរកោសខ្យល់ចល័តនេះ គឺអ្នកស្រីធ្លាប់ដើរកាត់សក់ និងធ្វើក្រចកឱ្យគេ ប៉ុន្តែដោយសារឥឡូវអ្នកស្រីមានវ័យកាន់តែច្រើនហើយភ្នែកក៏ពិបាកមើល ទើបរូបអ្នកស្រីងាកមកចាប់របរដើរកោសខ្យល់វិញ។
ស្ត្រីវ័យ៦២ឆ្នាំរូបនេះបញ្ជាក់ថា រយៈ៣ខែចុងក្រោយនេះ មិនសូវមានអ្នកហៅកោសខ្យល់ទេ ទើបគាត់សម្រេចចាប់យករបរមួយបន្ថែមទៀត គឺអូសរទេះរើសអេតចាយផង និងកោសខ្យល់ផង។
អ្នកស្រីនិយាយថា៖ «អ៊ំដើរកោសខ្យល់ឱ្យគេគ្រប់កន្លែង ទៅដល់ណាក៏ទៅដែរឱ្យតែគេហៅ ហើយសល់ពេលខ្លះអ៊ំអត់សម្រាកទេ អ៊ំឆ្លៀតអូសរទេះដើររើសអេតចាយលក់យកលុយដើម្បីចិញ្ចឹមម្ដាយនិងខ្លួនឯង»។
អ្នកស្រីលើកឡើងថា របរកោសខ្យល់និងរើសអេតចាយនេះត្រូវចំណាយកម្លាំងច្រើនហើយចំណូលវិញបានមកតិចតួចមិនទៀងទាត់ ជាក់ស្ដែងដូចរបរកោសខ្យល់ទន្ទឹមនឹងមិនសូវមានអ្នកហៅឱ្យកោសនោះ តម្លៃវិញអ្នកស្រីមិនកំណត់ទេ គឺគេឱ្យប៉ុណ្ណាយកប៉ុណ្ណឹង ហើយពេលខ្លះកោសប៉ះចំអ្នកក្រខ្វះខាតដូចគ្នាអ្នកស្រីមិនយកលុយទេ។ អ្នកស្រីបន្តថា អ្នកកោសខ្យល់ខែខ្លះ គឺមិនមានអ្នកកោសសោះ ចំណែករើសអេតចាយវិញក្នុងរយៈពេលកន្លះខែលក់បានប្រមាណពី១៥ម៉ឺន ទៅ ២០ម៉ឺនរៀល។
ទន្ទឹមនឹងនេះ អ្នកស្រី ហេង ធិ ប្រាប់ទាំងអួលដើមកដោយទឹកភ្នែកហូរសស្រាក់ថា ជីវភាពរបស់អ្នកស្រីសព្វថ្ងៃជួបប្រទះការខ្វះខាតច្រើន ដោយអ្នកស្រីត្រូវចំណាយលើថ្លៃឈ្នួលផ្ទះ ថ្លៃទឹកភ្លើង ម្ហូបអាហារ ថ្នាំសង្កូវ ជាពិសេសត្រូវរ៉ាប់រងចិញ្ចឹមមើលថែរក្សាម្ដាយចាស់ដែលមានជំងឺលើសឈាមប្រចាំកាយឧស្សាហ៍សន្លប់ ហើយរូបអ្នកស្រីផ្ទាល់សុខភាពក៏មិនសូវមាំទាំប៉ុន្មានដែរ ព្រោះវ័យកាន់តែចាស់ កម្លាំងក៏កាន់តែថមថយជាងមុន។
អ្នកស្រីរៀបរាប់ថា៖ «រាល់ថ្ងៃនេះអ៊ំជួបការលំបាកច្រើនចំណូលមិនទៀងទាត់ខ្វះមុខខ្វះក្រោយហើយត្រូវក្រោកពីព្រលឹមរហូតដល់យប់បានមកដល់ផ្ទះ ថ្ងៃខ្លះរកអត់បាន អត់មានលុយទិញម្ហូប ចឹងស្ងោរពងទា ហូបជាមួយទឹកស៊ីអ៊ីវពីរនាក់ម្ដាយ»។
បើតាមរបាយការណ៍របស់ក្រសួងផែនការចេញផ្សាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញថា អត្រាអ្នករស់នៅក្រោមបន្ទាត់ក្រីក្រមានជិត១៨% ឬស្មើនឹងជិត៣លាននាក់នៃចំនួនប្រជាជនកម្ពុជាសរុបទូទាំងប្រទេស។
នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ឥទ្ធិពលនៃការឆ្លងរាលដាលមេរោគកូវីដនេះ ធ្វើឱ្យពលរដ្ឋដែលមានជីវភាពខ្វះខាតកាន់តែមានការលំបាកខ្លាំង។ លោក ជំរុញឱ្យរដ្ឋាភិបាលសិក្សា និងរៀបជាយន្តការដោះស្រាយឆ្លើយតបបញ្ហានេះជួយសម្រួលដល់មុខរបរអ្នកមានជីវភាពក្រលំបាក។
លោក យង់ គិមអេង៖ «រដ្ឋត្រូវបង្កភាពងាយស្រួលអាជីវកម្មតូចតាច អ្នករកស៊ីកំប៉ិកកំប៉ុក។ គួរតែបង្កលក្ខណៈឱ្យបានច្រើន លើកទឹកចិត្តឱ្យបានច្រើន»។
ទន្ទឹមនឹងនេះលោក ក៏ជំរុញឱ្យមានការពង្រឹងការបណ្តុះបណ្តាលជំនាញដល់មនុស្សជំនាន់ក្រោយផងដែរ។
លោក យង់ គិមអេង៖ «គួរតែមានការជួយណែនាំ ជួយបណ្តុះបណ្តាលជំនាញបន្ថែមទៀតដល់ ក្រុមយុវជន ដល់ស្ត្រីវ័យក្មេងអីជាដើម ឱ្យគាត់មានចំណេះដឹង ជំនាញសម្រាប់រកស៊ីអីផ្សេងៗ»។
ចំពោះអ្នកស្រី ហេង ធិ ឱ្យដឹងថា គាត់មានជីវភាពលំបាកតាំងពីតូច ដូច្នេះមិនបានរៀនសូត្រមានចំណេះដឹងទេ។ អ្នកស្រីថា ក្នុងអំឡុងពេលគាត់មានអាយុ១០ឆ្នាំ ធ្លាប់អត់អាហារញឹកញាប់ ដោយសារឪពុកម្តាយរកលុយទិញអង្ករមិនបាន។
អ្នកស្រី ហេង ធិ៖ «និយាយពីលំបាកនោះលំបាកហួសហើយ ល្វីងជូរចត់តាំងពីតូចមក ដេកអត់បានក៏មាន អាយុប្រហែល១០ឆ្នាំ។ ជីវភាពមិនមែនក្រទេ គឺទាល់តែម្តង»។
បច្ចុប្បន្នអ្នកស្រី ហេង ធិ វ័យ៦៣ឆ្នាំ កំពុងមានជំងឺឈឺជើង ប៉ុន្តែរូបគាត់មិនហ៊ានសម្រាកទេព្រោះត្រូវដើររកលុយចិញ្ចឹមម្តាយវ័យ៨៣ឆ្នាំក្នុងសភាពចាស់ជរា ហើយមានជំងឺលើសឈាមផង។ អ្នកស្រីត្រូវធ្វើដំណើរដើម្បីកោសខ្យល់ និងរើសអេតចាយប្រមាណ១៥ម៉ោងក្នុង១ថ្ងៃ។
អ្នកស្រី ហេង ធិ៖ «ខ្ញុំអត់ទៀងទេ ជួនកាលចេញពីព្រលឹម ជួនកាលម៉ោង៦ ហើយដល់ពេលដល់បឹងកេងកង ជួនកាលកោសខ្យល់បាន២នាក់ ៣នាក់ចឹងទៅ ហើយមកដល់វិញម៉ោង៨ឬយប់ចឹងទៅ»។
អ្នកស្រី ហេង ធិ កំពុងមានជំងឺឈឺជើងដោយមិនដឹងមូលហេតុរយៈពេលជិត១ខែហើយ ប៉ុន្តែមិនហ៊ានឈប់សម្រាកទេ ដោយសារត្រូវប្រឹងប្រែងរកលុយទិញម្ហូបអាហារ បង់ថ្លៃបន្ទប់ បង់ទឹក បង់ភ្លើង។ នៅក្នុងស្ថានភាពវ័យចាស់ និងមានជំងឺផងនោះ ម្តាយកូនទាំង២នាក់នេះមានប័ណ្ណក្រីក្រដែលរដ្ឋាភិបាលផ្តល់ឱ្យដើម្បីទទួលបានការព្យាបាលជំងឺ និង ការឧបត្ថម្ភផ្សេងៗដែរ។
អ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក តូច ចាន់នី មានប្រសាសន៍ថា មនុស្សចាស់ដែលរដ្ឋាភិបាលកំណត់ គឺចាប់ពីអ្នកមានអាយុ៦០ឆ្នាំឡើងទៅ បច្ចុប្បន្នមានប្រមាណ១លាន២សែននាក់។ លោកបន្តថា រដ្ឋាភិបាលមានការយកចិត្តទុកដាក់ ហើយបានបង្កើតជាសៀវភៅគោលនយោបាយមនុស្សចាស់។ លោក តូច ចាន់នី បន្តថា បច្ចុប្បន្ន កម្មវិធីដែលដំណើរការសកម្មនោះ គឺសមាគមមនុស្សចាស់បង្កើតគ្រប់កន្លែងនៅទូទាំងប្រទេស។
លោក តូច ចាន់នី៖ «សមាគមជួយដល់អ្នកស្លាប់បានប៉ុន្មាន! អ្នកជួបការលំបាកបានប៉ុន្មានអីអ៊ីចឹងទៅ! មានតែសមាគមទេ ឥលូវដើរតួនាទីសំខាន់ ហើយយើងបានបង្កើតសមាគមគ្រប់ឃុំ-សង្កាត់ទាំងអស់»។
សៀវភៅគោលនយោបាយជាតិសម្រាប់មនុស្សចាស់របស់រដ្ឋាភិបាល អនុវត្តពីឆ្នាំ២០១៧ ដល់២០៣០ មានកម្រាស់ជិត១០០ទំព័រ បានចែងលម្អិតច្រើនពីស្ថានភាពមនុស្សនិងក្រុមការងារត្រូវជួយ។
លោក តូច ចាន់នី បញ្ជាក់ថា សមាគមដែលរដ្ឋាភិបាលបង្កើតឡើង គឺជួយទៅតាមស្ថានភាពជាក់ស្ដែង ដោយកន្លែងខ្លះជួយជាស្បៀងអាហារដល់មនុស្សចាស់ក្រីក្រ និងកន្លែងខ្លះទៀតជួយឧបត្ថម្ភដល់គ្រួសារនៅពេលស្លាប់។
ងាកមកគ្រួសារ២នាក់ម្តាយកូននេះវិញ បើទោះជាចំណូលមិនទៀងទាន់ ប៉ុន្តែអ្នកស្រី ហេង ធិ ប្តេជ្ញាមិនឱ្យម្តាយអត់អាហារទេ គឺមិនថា រកបានតិចតួច ឬអ្នកជិតខាងឱ្យទេ គាត់ជូនម្តាយ។
អ្នកស្រី ហេង ធិ៖«ខ្ញុំសុខចិត្តខ្លួនខ្ញុំអត់ ខ្ញុំសុខចិត្តមាត់ខ្ញុំអត់ បើគេឱ្យអីមក ខ្ញុំមិនដែលហូបទេ ខ្ញុំសុខចិត្តទៅឱ្យដល់ម្តាយ»។
មូលហេតុដែលអ្នកស្រី ប្តេជ្ញាមិនបោះបង់ម្តាយទោះជួបការលំបាកយ៉ាងណាក៏ដោយនេះគឺអ្នកស្រីថា ម្តាយគាត់ជួបការលំបាកវេទនាខ្លាំងក្នុងការចិញ្ចឹមរូបគាត់និងបងប្អូនផ្សេងទៀត។
អ្នកស្រី ហេង ធិ៖ «ខ្ញុំនៅចាំអត់មានភ្លេចទេ តាំងពីក្មេងមានគ្រួសារមកគាត់លំបាកវេទនា»។
ក្តីប្រាថ្នាចុងក្រោយរបស់អ្នកស្រី ចង់ឱ្យខ្លួនឯងនិងម្តាយ បើជីវិតអស់ចង់ឱ្យស្លាប់ទៅដោយស្រួលកុំឱ្យលំបាកយូរ ព្រោះពួកគាត់មិនមានសាច់ញាតិមើលថែទេ។
អ្នកស្រី ហេង ធិ៖ «សូមខមាលទោស បើសិនជាសង្ខារអស់ហើយ សូមឱ្យដេកទៅបណ្តោយទៅកុំឱ្យនៅលំបាកវេទនាទៀត»៕
អត្ថបទដោយ សុន រស្មី