ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ចាត់ទុកបម្រាមតុលាការដែលបិទផ្លូវរូបលោក មិនអាចចូលរួមនៅក្នុងវេទិកាគោលនយោបាយសកលនៅប្រទេសអាល្លឺម៉ង់ ថាជាផ្នែកមួយនៃការរឹតត្បិតសេរីភាព ហើយក៏ជាការកាត់ផ្តាច់នូវអត្ថប្រយោជន៍សម្រាប់ពិភពលោក និងកម្ពុជា ដែលត្រូវទទួលបានពីវេទិកាដ៏មានសារៈសំខាន់នេះដែរ។
តាមរយៈសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក កឹម សុខា ប្រធានគណបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយ អមដោយសេចក្តីប្រកាសព័ត៌មានរបស់ក្រុមសហមេធាវីរបស់លោក នៅថ្ងៃចន្ទនេះ បង្ហាញថា វេទិកាដែលនឹងជជែកពីដំណោះស្រាយជាសកល រៀបចំនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់នេះ ពិតជាមានភាពចាំបាច់ ដែលអ្នករៀបចំតម្រូវឱ្យលោកធ្វើបាឋកថាក្នុងនាមជាវាគ្មិនដោយផ្ទាល់។ លោក កឹម សុខា បន្តថា តែជាអកុសល ដោយសារបម្រាមតុលាការ បានបិទផ្លូវលោក មិនឱ្យលោកចូលរួមដោយផ្ទាល់ នៅក្នុងវេទិកាគោលនយោបាយពិភពលោកនេះបាន។
កាលថ្ងៃទី២៣ ខែ មីនា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានឆ្លើយតបទៅនឹងសំណើររបស់សហមេធាវីការពាសិទ្ធិឱ្យលោក កឹម សុខា ដោយសម្រេចមិនអនុញ្ញាតឱ្យលោក កឹម សុខា ទៅចូលរួមកិច្ចប្រជុំកម្រិតពិភពលោកនេះដោយផ្ទាល់ទេ ប៉ុន្តែតុលាការបានបើកផ្លូវឱ្យលោក កឹម សុខា អាចចូលរួមបានតាមប្រព័ន្ធអនឡាញ (Online)។
យ៉ាងនេះក្តី នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បង្ហាញថា អ្នកសម្របសម្រួលដែលជាមន្រ្តីរដ្ឋាភិបាលនៃសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានបដិសេធចំពោះវត្តមានលោក កឹម សុខា ដែលចូលរួមតាមរយៈការប្រជុំពីចម្ងាយ ឬតាមអនឡាញ ដោយតម្រូវឱ្យលោកចូលរួមដោយផ្ទាល់។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ទាំងតំណាងអ្នកផ្តួចផ្តើមគំនិតស្តីពីដំណោះស្រាយសកលនេះ រួមនិងសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បានបង្ហាញការសោកស្តាយ និងខកចិត្តដែលមេបក្សជំទាស់រូបនេះ មិនអាចចូលរួម និងធ្វើបទអន្តរាគមន៍លើប្រធានបទស្តីពី «ការត្រឡប់មកវិញនៃភូមិសាស្រ្តនយោបាយ និងផលប៉ះពាល់ចំពោះភាពល្អប្រសើរជាសកល»នេះដោយផ្ទាល់បាន។
វីអូឌី មិនអាចស្នើសុំការបំភ្លឺជុំវិញបញ្ហានេះបានទេ ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល នៅថ្ងៃចន្ទនេះ។
ចំណែក លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងថា នេះជាបន្ទុករបស់តុលាការ ហើយការសម្រេចបែបនោះ ក៏ជាដែនយុត្តាធិការរបស់តុលារតែប៉ុណ្ណោះ ចំពោះរដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធ ក្នុងការកំណត់ដែនសីមានៃការធ្វើដំណើររបស់លោក កឹម សុខា ទេ។ បើទោះជាបែបណា សម្រាប់លោក ផៃ ស៊ីផាន ការដែលមេបក្សជំទាស់ អាចប្រើប្រាស់សិទ្ធិរបស់លោក ជួបជាមួយអង្គទូតជាហូរហែមកនេះ បញ្ជាក់ពីលំហរសេរីភាពរបស់លោក ដែលរដ្ឋាភិបាលបើកទូលាយពេកណាស់ទៅហើយ។
លោកបន្តថា៖ «បើសិនយើងប្រៀបធៀបឯកឧត្តម កឹម សុខា ករណី ឯកឧត្តម កឹម សុខា មានភ្ញៀវបរទេសមកជួបលោកបានច្រើន គ្រប់ទូតបច្ចឹមប្រទេសមកជួបលោកបានច្រើនណាស់ ហើយច្រើនដងទៅទៀត ដូច្នេះបើយើងប្រៀបធៀបជាមួយតំណាងប្រទេសដទៃទៀត កម្ពុជានៅតែល្អ ហើយនៅតែមានតុល្យភាពល្អសម្រាប់ផលប្រយោជន៍ឯកឧត្តម កឹម សុខា។ នៅប្រទេសដទៃទៀត គេមិនអនុញ្ញាតឱ្យមន្រ្តីទូតណាមួយទៅចូលជួបទាក់ទងអ្នកដែលជាប់បន្ទុកនៅក្នុងតុលាការនោះទេ »។
បើតាម លោក ផៃ ស៊ីផាន សម្រាប់រូបលោកផ្ទាល់ មិនបានទទួលលិខិតអញ្ជើញឱ្យចូលរួមក្នុងវេទិកាគោលនយោបាយសកលរបស់សាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់នេះទេ។
សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បានដាក់លិខិតទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមីនា ក្រោយពីអង្គការ Global Solutions Summit បានស្នើសុំលោក កឹម សុខា តាមរយៈក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ ធ្វើជាវាគ្មិនស្តីពីដំណោះស្រាយសកល និងការប្រឈមនយោបាយសកល រួមទាំងបញ្ហាសិទ្ធិមនុស្ស និងសេដ្ឋកិច្ច នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ វេទិកាគោលនយោបាយសកលនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែ មីនា។
តាមការគ្រោងទុកសន្និសីទកំពូលនេះ ក្រៅពីការធ្វើវិភាគទាន ចែករំលែកទស្សនៈ និងបទពិសោធន៍ហើយ វេទិកានេះក៏នឹងចងក្រងជាអនុសាសន៍ សម្រាប់ដាក់ជូនមេដឹកនាំនៃបណ្តាប្រទេសដែលមានឧស្សាហកម្មជឿនលឿន ដូចជា G20 និង G7 ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ពិភពលោក នៅឆ្នាំ២០២២នេះដែរ។ គិតត្រឹមថ្ងៃទី២៣ ខែមីនា កន្លងទៅនេះ សវនាការលើសំណុំរឿងមេបក្សជំទាស់រូបនេះ ឈានចូលដល់ជុំទី៣៤ហើយ។
សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយលោក ឯម សុវណ្ណរ៉ា ថ្លែងថា អ្វីដែលទីក្រុងប៊ែរឡាំងផ្តល់ភ្លើងខៀវសម្រាប់លោក កឹម សុខា នេះ អាចជាសញ្ញានៃការធ្វើតេស្តសាកល្បង ពីលំហរនយោបាយ ដែលកម្ពុជាទទួលរងការរិះគន់ជាបន្តបន្ទាប់នារយៈកាលចុងក្រោយនេះ។
លោកយល់ឃើញថា ការស្នើវត្តមានមេបក្សជំទាស់ ទៅចូលរួមកិច្ចប្រជុំដោយផ្ទាល់ កម្រិតពិភពលោកនេះ មិនមែនអាល្លឺម៉ង់ មិនដឹងពីបម្រាមតុលាការ ដែលលោក កឹម សុខា កំពុងតែប្រឈមនោះទេ ប៉ុន្តែនេះជាវិធីសាស្រ្តរបស់ប្រទេសម្ចាស់ជំនួយផ្នែកសិទ្ធិមនុស្សដ៏សំខាន់មួយដែរ ចង់ដឹងថាតើស្ថានភាពនយោបាយនៅកម្ពុជា មានរូបភាពដូចម្តេច។
លោកបន្តថា៖ «មិនមែនអាល្លឺម៉ង់មិនដឹងថាលោក កឹម សុខា ជាប់ពាក់ព័ន្ធបណ្តឹងនៅតុលាការទេ អាហ្នឹងទី១ ហើយរឿងទី២គេចង់បញ្ជាក់គេចង់ទាញលោក កឹម សុខា ហ្នឹង ឬអញ្ជើញលោក កឹម សុខា ហ្នឹងគេចង់បញ្ជាក់អំពីសេរីភាព ឬគេហៅថាលោកអាចធ្វើសកម្មភាពនយោបាយបាន។ តាមពិតទៅគេមិនហៅថាបំពានទៅលើបម្រាមតុលាការអីទេ ប៉ុន្តែគ្រាន់តែថាប្រសិនបើលោក កឹម សុខា អត់ធ្វើសកម្មភាពនយោបាយទេ បានន័យថា លោក កឹម សុខា នៅក្នុងបម្រាមតុលាការហ្នឹងច្រើន»។
លោកបានគូសបញ្ជាក់ថា ភាពអវត្តមានលោក កឹម សុខា នៅក្នុងវេទិកាសកលនេះ ឆ្លុះបញ្ចាំងពីភាពខាតបង់ធំទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនៅលើឆាកអន្តរជាតិ ខណៈបណ្តារដ្ឋដែលមានឧស្សាហកម្មជឿនលឿននៅក្នុងប្លុក G7 និងG20 អាចនឹងជួយឱ្យកម្ពុជារកបានផលចំណេញច្រើន ពីទំនាក់ទំនងការទូតនេះ៕ ម៉ម មុនីរតន៍