អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ជំរុញជាថ្មីទៀតទៅប៉ូលិសអន្តរជាតិអាំងទែរប៉ូល ឱ្យចេញនិវេទន៍ក្រហម ឬជាប្រភេទសំណើរឱ្យចាប់ខ្លួន មេកងអង្គរក្សលោកនាយករដ្ឋមន្រ្តី ដែលជាប់ពាក់ព័ន្ធរឿងក្តីគប់គ្រាប់បែកដៃចូលក្រុមបាតុករដែលមានលោក សម រង្ស៊ី ជាអ្នកនាំដឹកនាំ កាលពី ២៥ឆ្នាំមុន។
នៅថ្ងៃទី២៩ ខែមីនា នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែនរ៉ៃត៍វ៉ច្ឆ(Human Rights watch) បានក្រើនរំលឹកជាថ្មីទៀត ទៅស្ថាប័នប៉ូលិសអន្តរជាតិ អាំងទែរប៉ូល ដោយបញ្ជាក់ថា ស្ថាប័នអន្តរជាតិមួយនេះ គប្បីចេញវេទន៍ក្រហម ឬសំណើរឱ្យចាប់ខ្លួន មេអង្គរក្សដ៏មានឥទ្ធិពល ២រូប របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
នៅក្នុងរបាយការណ៍របស់ខ្លួន ដែលចេញនៅថ្ងៃអង្គារនេះ អង្គការ យូមែនរ៉ៃត៍វ៉ច្ឆ បញ្ជាក់ថា លោកនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ដែលកាលណោះ ជាប្រធានកងអង្គរក្ស និងលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ដែលកាលនោះ ជាអនុប្រធានកងអង្គរក្ស របស់លោកនាយករដ្ឋមន្រ្តី គឺជាអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ក្នុងអំពើវាយប្រហារ ដោយគ្រាប់បែកដៃដាក់ទៅលើក្រុមបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី ។
លោក ប្រេដ អាដាម នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែនរ៉ៃត៍វ៉ច្ឆ លើកឡើងនៅក្នុងរបាយការណ៍នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលកម្ពុជា ជាពិសេសលោក ហ៊ុន សែន មិនដែលបានចាត់វិធានការ ប្រឆាំងអ្នកគប់គ្រាប់បែកដៃម្តងណាទេ គិតមកដល់ពេលនេះ។ លោកបន្តថា មានភស្តុតាងជាច្រើន បង្ហាញពីការលូកដៃរបស់លោកនាយករដ្ឋមន្រ្តី ហើយក៏ជាអ្នកនៅពីក្រោយ នៃអំពើឃាតកម្មនេះដែរ។
កាលពីចុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ តុលាការប្រទេសបារាំង បានចេញដីកាកោះហៅ លោក ហ៊ុយ ពិសិដ្ឋ និងលោក ហ៊ីង ប៊ុនហៀង ដែលចេញដោយចៅក្រម លោក សាប៊ីន ឃើរីស(Sabine Kheris) ជាអនុប្រធានផ្នែកស៊ើបអង្កេត នៃតុលាការប្រទេសបារាំង។
នៅក្នុងដីកាកោះហៅនោះ បង្ហាញថា មានភស្តុតាងបញ្ជាក់ ពីលោក ហ៊ុយ ពិសិដ្ឋ និងលោ ហ៊ីង ប៊ុនហៀង ដែលមានតួនាទីជាប្រធាន និងអនុប្រធាន នៃកងអង្គរក្សពិសេស របស់លោកនាយករដ្ឋមន្រ្តី បានរៀបចំ និងអនុវត្តការវាយប្រហារ ដោយគ្រាប់បែកដៃ កាលពីពីថ្ងៃទី៣០ ខែ មីនា ឆ្នាំ១៩៩៧ ដោយកំណត់យកលោក សម រង្ស៊ី ជាគោលដៅ។ដីកាបន្តទៀតថា លោកនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បានដាក់ពង្រាយទាហាន របស់ខ្លួនដែលបំពាក់អាវុធគ្រប់ដៃ និងស្ថិតក្នុងប្រុងជើងការដើម្បីត្រៀមប្រយុទ្ធ។ចំណែក លោក ហ៊ីង ប៊ុនហៀង វិញជាមនុស្សមានឥទ្ធិពលបន្ទាប់ដែលបានអនុវត្តការវាយប្រហារពេលនោះ។
ឆ្លើយតបរឿងនេះ លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុករបាយការណ៍ ដែលចេញដោយអង្គការ យូមែន រ៉ៃត៍ វ័ច្ឆ នេះថា លោកមិនខ្វល់នឹងនីតិវិធីនៅក្នុងតុលាការនេះទេ។ ប៉ុន្តែយ៉ាងណាលោក ចាត់ទុកថា បញ្ហានេះបង្កឱ្យលោករកពេលសម្រាកមិនបាន។
លោកបន្តថា«ចង់ប្តឹងណាក៏ប្តឹងទៅ វាឈឺក្បាលអីជាមួយខ្ញុំ។ វាមានអីទាក់ទងជាមួយខ្ញុំ ទាក់ទិនជាមួយខ្ញុំរកពេលដេកពេលពួនមិនបាន»។
ដោយឡែក សម្រាប់លោក ហ៊ុយ ពិសិដ្ឋ វិញ វីអូឌីនៅពុំអាចរកប្រភពទាក់ទងបាននៅឡើយទេនៅថ្ងៃនេះ។
ព្រឹត្តិការណ៍វាយប្រហារដោយគ្រាប់បែកដៃ កាលពី២៥ឆ្នាំមុន ពោលកាលពីថ្ងៃទី ៣០ មីនា ឆ្នាំ១៩៩៧ នៅមុខអគាររដ្ឋសភា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៦នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយ១៥០នាក់ផ្សេងទៀត រងរបួស។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយលោក ម៉ែន សុថាវរិន្ទ្រ ទទួលស្គាល់ថា តុលាការនៅប្រទេសបារាំង គេមានភាពម៉ត់ចត់ និងធ្វើការដោយឯករាជ្យ។ លោកបន្តថា ការសម្រេចចិត្តណាមួយ របស់ចៅក្រមដែលទទួលខុសត្រូវ ក្នុងរឿងក្តីព្រហ្មទណ្ឌនេះ ប្រាកដកណាស់ វានឹងមានឥទ្ធិពល នៅក្នុងប្រទេសបារាំង។ មួយវិញទៀត ភាគីពាក់ព័ន្ធក្នុងរឿងក្តីនេះ ប្រសិនបើហ៊ានធ្វើដំណើរឆ្លងកាត់ប្រទេសបារាំង ចៀសមិនផុតពីការចាប់ខ្លួនទេ។
លោកបន្តថា«ជាធម្មតាតុលាការនៅស្រុកបារាំង គេអនុវត្តន៍ប្រតិបត្តិការរបស់គេ គេត្រូវតែដាក់ឱ្យអនុវត្តន៍ទូទាំងប្រទេសហើយ។ ហើយគេទាក់ទងជាមួយប៉ូលិស អាំងទែរប៉ូលបែបណានោះ ខ្ញុំមិនដឹងទេ ប៉ុន្តែបើគេធ្វើ គេធ្វើហើយនៅស្រុកនេះ តែគេដាក់បញ្ជាហើយត្រូវតែធ្វើតាម។ ប៉ុន្តែមិនដឹងថាយូរ ឬឆាប់យើងអត់ដឹងហ្អា »។
សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា បញ្ជាក់ថា យុត្តាធិការ នៃតុលាការប្រទេសបារាំងនេះ ពិតជាមានឥទ្ធិពល មិនមែនជាការប្រកាសដើម្បីឱ្យមានរូបភាពល្អមើលទេ។
លោកបន្តថា«ការចេញដីកាចាប់ខ្លួនជាន់ខ្ពស់របស់កម្ពុជា២រូបហ្នឹងពាក់ព័ន្ធការគប់គ្រាប់បែកកាលពីឆ្នាំ១៩៩៧ហ្នឹង វាមិនមែនគ្រាន់តែជាការប្រកាសថាឱ្យតែឮ វាអាចទៅរួចនៅក្នុងករណីដែលអ្នកទាំងពីរនាក់ដែលត្រូវហាមឃាត់ »។
បើទោះជាបែបណា នៅក្នុងរបាយការណ៍ របស់អង្គការ យូមែនរៃត៍វ៉ច្ឆ នេះក៏បានបង្ហាញដែរថា តុលាការប្រទេសបារាំង ក៏បានចេញដីកាឱ្យកោះហៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ ប៉ុន្តែត្រូវបានរដ្ឋាភិបាលបារាំង ជំទាស់ ដោយសារតែលោក ហ៊ុន សែន នៅមានអភ័យឯកសិទ្ធិសភា។
សម្រាប់លោក ម៉ែន សុថារិន្ទ្រ មនុស្សដែលស្និទ្ធនិងលោក សម រង្ស៊ី មានជំនឿថា រឿងក្តីព្រហ្មទណ្ឌនេះ អាចបិទបញ្ចប់បាននៅតុលាការប្រទេសបារាំង ប្រសិនបើរដ្ឋាភិបាល ពិតជាមានឆន្ទៈក្នុងការបញ្ចប់វិបត្តិនយោបាយ ដែលកម្ពុជាកំពុងមាន។ ប៉ុន្តែ តំណាងរាស្រ្តបក្សប្រឆាំងរូបនេះអះអាងថា មិនមែនមានន័យថា យករឿងក្តីនេះ ធ្វើជាចំណាប់ខ្មាំងនយោបាយទេ។
ចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វិញ បានប្រកាសជាញឹកញាប់ហើយថា រដ្ឋាភិបាលនឹងមិនបើកផ្លូវចចារណាមួយ ជាមួយគណបក្សសង្រ្គោះជាតិទេ ប្រសិនបើលោក សម រង្ស៊ី មិនប៉ះប៉ូវនូវអ្វីដែលលោក ហ៊ុន សែន ហៅថា បានធ្វើឱ្យកិត្តិយសគ្រួសាររបស់លោកទទួលរងនូវភាពអាម៉ាស់៕