មនុស្សយ៉ាងហោចណាស់ចំនួន ២៧នាក់បានស្លាប់បាត់បង់ជីវិត និងប្រមាណ៨០នាក់ទៀតរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ដែលសារព័ត៌មានស្និទ្ធរដ្ឋាភិបាល Fresh News បានចុះផ្សាយនៅល្ងាចថ្ងៃទី១៦ ខែមេសា ឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនៅថ្ងៃទី១៤ ខែមេសា កើតឡើងចំនួន ៨លើក បណ្ដាលឱ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាលចំនួន ១៥នាក់។
ដោយឡែក នៅថ្ងៃទី១៥ ខែមេសាដែលជាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន ២៥លើក បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ១៦នាក់ និងរបួសធ្ងន់ស្រាលចំនួន ៣៤នាក់។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៦ ខែមេសា ដែលត្រូវនឹងថ្ងៃ៣នៃពិធីបុណ្យចូលឆ្នាំខ្មែរវិញ នៅទូទាំងប្រទេសកើតឡើងចំនួន ១៤លើក ក្នុងនោះស្លាប់ចំនួន ៨នាក់ របួសធ្ងន់ស្រាល ៣១នាក់។
អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីឆ្នាំ២០១៩ ពោលគឺមុនមានការរាតត្បាលវីរុសកូវីដ-១៩ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា រយៈពេល៥ថ្ងៃ គឺចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស ចំនួន១៣៤លើក ក្នុងនោះមនុស្សស្លាប់ចំនួន៥៩នាក់ និងរបួសធ្ងន់ស្រាលចំនួន២៣៨នាក់។ តួលេខនេះ បង្ហាញថា មានមនុស្សស្លាប់ជាមធ្យមជាង១០នាក់ក្នុងមួយថ្ងៃ និងមានការកើនឡើង ២៦ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
ជាមួយគ្នានេះ របាយការណ៍ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បានបង្ហាញថា រយៈពេល៣ខែ ដើមឆ្នាំ២០២២នេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៨៦៩នាក់ បណ្តាលឱ្យស្លាប់៤៩៣នាក់។ ក្នុងនោះ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅទូទាំងប្រទេស បានកើនឡើងចំនួន១០៦ករណី ស្មើនឹង១៤% ចំនួនអ្នកស្លាប់បានកើនឡើង៦០នាក់ស្មើនឹង១៤% និងចំនួនអ្នករងរបួសបានកើនឡើង១៤៩នាក់ ស្មើនឹង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវលើកទី១៣ ដែលប្រារព្ធឡើងនៅខេត្តបាត់ដំបង ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស ខេង លើកឡើងថា ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមយូរអង្វែងរបស់កម្ពុជា។
ជាក់ស្ដែងលោកថា បើទោះបីជាមានការថយចុះករណីគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ និងឆ្នាំ២០២១អំឡុងនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែនិន្នាការគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២២នេះ ពិសេសក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយគ្រោះថ្នាក់បានកើនឡើងក្នុងអត្រាខ្ពស់ បណ្ដាឱ្យស្លាប់ និងរបួសច្រើនជាងគ្រោះថ្នាក់សង្គមនានា ក្នុងនោះមានអ្នកស្លាប់៥នាក់ និងរបួស១៤នាក់ក្នុងមួយថ្ងៃ។
លោកបន្ថែមថា មូលហេតុចម្បងបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ ការបើកបរមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនគោរពសញ្ញាចរាចរណ៍ ការវ៉ាឬជែង ការមិនប្រកាន់ស្ដាំ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់ខ្សែក្រវ៉ាត់ឬមួកសុវត្ថិភាពពេលបើកបរជាដើម៕