ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយនៅខេត្តត្បូងឃ្មុំ ស្នើតុលាការកំពូលទម្លាក់បទចោទប្រកាន់មកលើពួកគេ ដោយសម្អាងថា ពួកគេមិនបានប្រព្រឹត្តបទល្មើសដូចសាលាដំបូងខេត្តត្បូងឃ្មុំចោទប្រកាន់ឡើយ។
កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ចេញសាលដីកាសម្រេចដាក់ទោសប្រធានសហគមន៍ស្រែប្រាំង លោក សែម សាង ឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ក្រោមបទចោទ «កំហែងយកដោយមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ» និងបានដោះលែងឱ្យមានសេរីភាពវិញកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បន្ទាប់ពីអនុវត្តទោសចប់។
ដោយមិនសុខចិត្តនឹងការសម្រេចនេះ ប្រធានសហគមន៍ស្រែប្រាំង លោក សែម សាង និងអ្នកផ្សេងទៀត បានប្ដឹងសាទុក្ខមកតុលាការកំពូល ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដែលកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន២ឆ្នាំនោះ។
ប្រធានសហគមន៍ស្រែប្រាំង លោក សែម សាង ដែលទើបចេញពីពន្ធនាគារ លើកឡើងថា មូលហេតុដែលគាត់ប្ដឹងសាទុក្ខមកតុលាការជាន់ខ្ពស់ ដោយសារសាលាដំបូងខេត្តត្បូងឃ្មុំ បានចោទប្រកាន់និងកាត់ទោសឱ្យពួកគាត់ជាប់ពន្ធនាគារ៧ឆ្នាំ។ ប៉ុន្តែក្រោយមក សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានកាត់បន្ថយទោសលោកមកជាប់ពន្ធនាគារ២ឆ្នាំវិញ។ តែទោះជាយ៉ាងណា ទោស២ឆ្នាំនេះ វានៅតែអយុត្តិធម៌សម្រាប់រូបគាត់ និងសកម្មជនដីធ្លីផ្សេងទៀត។
លោកចាត់ទុកការកាត់ទោសឱ្យពួកគាត់ជាប់ពន្ធនាគារដោយគ្រាន់តែតវ៉ារឿងដីធ្លីនេះថា ជាការបំបិទសិទ្ធិសេរីភាព និងសម្លាប់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនរំលោភយក។
លោកថា៖ «មិនមែនគំរាមកំហែងតែរូបខ្ញុំទេ កាត់ទោសនេះ ដូចសម្លាប់ទំនុកចិត្តប្រជាពលរដ្ឋខ្មែរតែម្ដង […]។ រឿងដីធ្លីសោះ កាត់ទោសរហូតដល់៧ឆ្នាំ តើគាត់ខុសអី? តើមាត្រាណាដែលរឿងដីធ្លី ទោសគាត់ជាប់ពន្ធនាគារ៧ឆ្នាំ? ហើយទោស៧ឆ្នាំមានសម្លាប់បុគ្គលណាម្នាក់ឬ២នាក់ហើយ? យើងថាប្រទេសមានសន្តិភាព តែខ្ញុំជាប់ពន្ធនាគារដូចបញ្ច្រាសទិសទៅវិញ»។
លោក សែម សាង បន្តថា ពួកគាត់បាត់បង់ដីធ្លីដោយសារក្រុមហ៊ុនរំលោភ ដោយគ្មានអាជ្ញាធរណាមួយចេញមកជួយរកដំណោះស្រាយឱ្យហើយ បែរជាត្រូវបានតុលាការចោទប្រកាន់និងកាត់ទោសឱ្យពួកគាត់ជាប់ពន្ធនាគារបន្ថែមទៀត ខណៈជម្លោះដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនចិនបានអូសបន្លាយរយៈពេលជាង១០ឆ្នាំ ហើយមិនទាន់មានដំណោះស្រាយទៀត។
ករណីនេះ លោកស្នើទៅប្រធានក្រុមប្រឹក្សាតុលាការកំពូលឱ្យទម្លាក់បទចោទប្រកាន់លើរូបគាត់និងអ្នកផ្សេងទៀតដែលមិនទាន់ត្រូវបានចាប់ខ្លួន រួមទាំងដោះលែងលោក សែម ចំណាន ដែលកំពុងជាប់ពន្ធនាគាររយៈពេលជាង១ឆ្នាំឱ្យមានសេរីភាពវិញ។ លោកថា ពួកគាត់ទាំងអស់គ្នាមិនបានប្រព្រឹត្តដូចការចោទរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំឡើយ។
លោកថា៖ «សំណូមពរឱ្យតុលាការកំពូលរកភាពយុត្តិធម៌ឱ្យរូបខ្ញុំ និងអ្នកជាប់ពាក់ព័ន្ធទាំងអស់ ដូចប្អូន សែម ចំណាន អីជាដើម ដែលគាត់អនុវត្តក្នុងពន្ធនាគារបាន១ឆ្នាំ៣ខែ សូមឱ្យតុលាការកំពូលសម្រេចអនុវត្តទោស១ឆ្នាំ៣ខែ៣ហ្នឹង ឱ្យគាត់ចេញពីពន្ធនាគារ ឱ្យគាត់មានសិទ្ធិសេរីភាព។ ហើយអ្នកដែលពាក់ព័ន្ធទាំងអស់ហ្នឹង ឱ្យគាត់មានសិទ្ធិសេរីភាព ហើយអត់ឱ្យមានជាប់ពិរុទ្ធជាប់ឈ្មោះនៅតុលាការ ឬសាលាដំបូង ឬតុលាការកំពូលអីទេ ឱ្យកាត់សម្រេចឱ្យអស់ អត់ឱ្យអ្នកណាមានទោសអីទេ»។
ស្របពេលដែលតុលាការកំពូលកំពុងបើកសវនាការ ប្រជាពលរដ្ឋប្រមាណ៣០នាក់ដែលមកពី៤សហគមន៍បាននាំគ្នាឡើងមកគាំទ្រប្រធានសហគមន៍ស្រែប្រាំង លោក សែម សាង នៅមុខតុលាការកំពូល ដើម្បីលើកទឹកចិត្ត និងទាមទារឱ្យតុលាការជាន់ខ្ពស់មួយនេះទម្លាក់ចោលបទចោទប្រកាន់លើតំណាងពួកគេផងដែរ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានកត់សម្គាល់ថា ការសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលបានផ្ដន្ទាទោសលើប្រជាពលរដ្ឋតវ៉ារឿងដីធ្លី វាជារឿងអយុត្តិធម៌ ដោយសារពួកគេបាត់បង់ដីហើយ ហើយត្រូវមករងគ្រោះមួយដំណាក់កាលទៀត។
យ៉ាងណា លោកសង្ឃឹមថា តុលាការកំពូលនឹងទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងសកម្មជនដីធ្លីផ្សេងទៀតឱ្យមានសេរីភាពវិញ ដើម្បីបញ្ចៀសការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិ។
លោកថា៖ «បើសិនជាមិនមានការទម្លាក់បទចោទទេ ឬមិនមានការបដិសេធសាលដីកាសាលាឧទ្ធរណ៍ចោល ដែលសាលាឧទ្ធរណ៍តម្កល់សាលក្រមសាលាដំបូងហ្នឹងទេ យើងឃើញថា អយុតិ្តធម៌សម្រាប់គាត់នៅតែបន្តកើតឡើង ជាពិសេសសហគមន៍ដីធ្លី ដែលគ្រាន់តែការពារផលប្រយោជន៍ និងដីធ្លីដែលខ្លួនអាស្រ័យផលនិងបង្កបង្កើនផល ត្រូវបានរងនៃការចោទប្រកាន់ ដែលកន្លងគេតែងតែលើកឡើងថា នៅពេលដែលបញ្ហាដីធ្លីកើតឡើង តែងតែប្រើប្រាស់ប្រព័ន្ធតុលាការជាការគំរាមកំហែងនិងបំភិតបំភ័យ ដើម្បីឱ្យប្រជាពលរដ្ឋប្រគល់ដីជូនក្រុមហ៊ុន»។
ប្រធានសហគមន៍ស្រែប្រាំង លោក សែម សាង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ក្រោយពីលោកសកម្មដឹកនាំប្រជាពលរដ្ឋនៅសហគមន៍ស្រែប្រាំង តវ៉ារឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនមួយ និងជាមួយឧកញ៉ាម្នាក់ ស្ថិតនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោកត្រូវបានដោះលែងវិញកាលពីខែតុលា ឆ្នាំ២០២១ បន្ទាប់ពីអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំចប់ តាមការកំណត់របស់តុលាការ។ ចំណែកលោក សែម ចំណាន ដែលសកម្មក្នុងការតស៊ូមតិ នៅពន្ធនាគារនៅឡើយ ខណៈអ្នកផ្សេងទៀតនៅក្រៅឃុំ។
បើតាមឯកសារចងក្រងដោយសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានឱ្យដឹងថា ដីព្រៃលិចទឹករបស់សហគមន៍ស្រែប្រាំង និងសហគមន៍បុស្សស្នោ ទំហំ៥៨០ហិកតា ផ្ដើមមានជម្លោះជាមួយក្រុមហ៊ុនចិន «ហាម៉ីនី វីន អ៊ិនវេសមេន» ចាប់តាំងពីឆ្នាំ២០១៤ និងដីទំហំ២០០ហិកតាទៀតមានជម្លោះជាមួយឧកញ៉ា ម៉ែន ចាន់ធឿន ខណៈពលរដ្ឋទាំងនោះប្រមាណ២៥០គ្រួសារបានចូលមកកាន់កាប់ដីនៅតំបន់មានជម្លោះនេះតាំងពីឆ្នាំ២០០២មក៕