លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបន្តជាប់ឆ្នោតជាប្រធានាធិបតីបារាំងមួយអាណត្តិទៀត បន្ទាប់ពីទទួលបានជ័យជម្នះលើលោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen)។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN។
យោងតាមលទ្ធផលចុងក្រោយនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោក ម៉ាក្រុង ទទួលបានសំឡេង ៥៨,៥៥ភាគរយ ក្នុងការបោះឆ្នោត ដែលធ្វើឱ្យលោកក្លាយជាមេដឹកនាំបារាំងដំបូងគេដែលជាប់ឆ្នោតក្នុងការដឹកនាំប្រទេស២អាណត្តិជាប់គ្នា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
ថ្លែងបន្ទាប់ពីជ័យជម្នះ ប្រធានាធិបតីវ័យ៤៤ឆ្នាំរូបនេះបានប្ដេជ្ញាថា រូបលោកនឹងក្លាយជាថ្នាក់ដឹកនាំសម្រាប់អ្នករាល់គ្នាក្នុងការដោះស្រាយរាល់បញ្ហាទាំងអស់របស់ប្រទេសបារាំងនាពេលបច្ចុប្បន្ន ខណៈលោកក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់លោកទាំងអស់ផងដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងអាណត្តិថ្មីនេះ ត្រូវបានបោះឆ្នោតជម្រុះដំបូងកាលពីថ្ងៃទី១០ ខែមេសា ដែលមានបេក្ខជនសរុបចំនួន១២នាក់ប្រកួតប្រជែង ហើយក្នុងនោះលោក ម៉ាក្រុង និងលោកស្រី ឡឺប៉ែន គឺជាបេក្ខជនកំពូល២រូបដែលត្រូវបានជ្រើសរើសសម្រាប់ការបោះឆ្នោតជុំចុងក្រោយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ៕