អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានឱ្យដឹងថា ទណ្ឌកម្មទាំងឡាយដែលដាក់លើរុស្ស៊ីជាការឆ្លើយតបចំពោះការឈ្លានពានលើអ៊ុយក្រែន នឹងមិនដកចេញឡើយ លុះត្រាតែរុស្ស៊ីឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយជាមួយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃចន្ទនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកមួយ អធិការបតីអាល្លឺម៉ង់រូបនេះ ថ្លែងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន មានការយល់ច្រឡំ ដោយរំពឹងថាខ្លួនអាចនឹងទទួលបានទឹកដីពីអ៊ុយក្រែន ហើយបន្ទាប់មកបណ្ដាប្រទេសលោកខាងលិចនឹងទម្លាក់ចោលទណ្ឌកម្មទាំងឡាយដែលដាក់លើខ្លួន។
លោកបន្តថា៖ «គាត់ [លោក វ្លាឌីមៀរ ពូទីន] មិនដែលគិតថាអ៊ុយក្រែនអាចនឹងវាយបកបែបនេះឡើយ។ គាត់មិនដែលគិតថាពួកយើងនឹងគាំទ្រពួកគេ [អ៊ុយក្រែន] ឱ្យឈរបានក្នុងរយៈពេលយូរបែបនេះនោះទេ។ យើងនឹងមិនដកទណ្ឌកម្មទាំងឡាយដែលត្រូវបានដាក់ឡើយ លុះត្រាតែគាត់ឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន»។
គួរបញ្ជាក់ថា រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនទៅលើអ៊ុយក្រែនតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលធ្វើឡើងបន្ទាប់ពីការប្រកាសសង្គ្រាមមួយដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ដែលក្នុងនោះក៏បានធ្វើឱ្យបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក សម្រេចដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់លើរុស្ស៊ីផងដែរ ទាក់ទិននឹងករណីនេះ៕