កងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ដែលជាប់ពាក់ព័ន្ធនឹងបទ «ជួញដូរអាវុធ» ទៅតុលាការ ក្រោយសមត្ថកិច្ចមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ក្នុងការចោទប្រកាន់អំពីការជួញដូរអាវុធឆ្លងដែននេះ។
ប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង លោក សូ ឌី បានប្រាប់ វីអូឌី យ៉ាងខ្លីនៅថ្ងៃពុធនេះថា សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់នេះទៅសាលាដំបូងខេត្តបាត់ដំបង នៅរសៀលថ្ងៃនេះ។ លោកបន្តថា ការបញ្ជូនខ្លួនជនសង្ស័យក្នុងសំណុំរឿងជួញដូរអាវុធនេះ ក្រោយពីសមត្ថកិច្ចបានប្រមូលភស្តុតាងដាក់បន្ទុក និងចម្លើយសារភាពពីជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នា បន្ទាប់ពីសមត្ថកិច្ចនៃកងរាជអាវុធហត្ថចាប់ខ្លួនបាន។
លោកបន្តថា៖ «បញ្ជូនហើយ បញ្ជូននៅល្ងាចហ្នឹង។ ពួកគេត្រូវចោទប្រកាន់ពីបទជួញដូរនិងផលិតផលអាវុធខុសច្បាប់ »។
បើតាមលោក សូ ឌី ជនសង្ស័យទាំង៣នាក់នេះ គឺជាជនស៊ីវិល មានបំណងជួញដូរអាវុធឆ្លងដែនទៅប្រទេសថៃ ហើយសមត្ថកិច្ចកំពុងបន្តស្វែងរកអ្នកពាក់ព័ន្ធដទៃទៀត។
ជុំវិញសំណុំរឿងនេះ កាលពីថ្ងៃទី២ ខែឧសភា សមត្ថកិច្ចចម្រុះនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ចាប់ខ្លួនជនសង្ស័យ៣នាក់ នៅចំណុចរង្វង់មូលយាជីច្រូតស្រូវ ស្ថិតក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយរកឃើញនូវភស្តុតាងមួយចំនួន។
កាសែតក្នុងស្រុកបានចុះផ្សាយថា ភស្តុតាងដែលសមត្ថកិច្ចរឹបអូសបានក្នុងពេលដែលចាប់ខ្លួននោះ មានដូចជា កាំភ្លើងអាកា៤៧ ចំនួន១ ០០០ដើម, គ្រាប់បែកដៃ ៥០គ្រាប់, គីបបំបែក ៥កំប៉ុង ស្មើនឹង៥១គីប, កាំភ្លើងខ្លី ចំនួន២ដើម, សំបកកេសដែក ដែលមានគ្រាប់អាកា៤៧ ចំនួន៣កេស, សំបកកេសស្នោសម្រាប់វេចខ្ចប់ចំនួន ៥កញ្ចប់ និងទូរសព្ទចំនួន១គ្រឿង។
យោងតាមប្រភពដដែលបន្ថែមថា ជនសង្ស័យទាំង៣នាក់ដែលជាប់ពាក់ព័ន្ធនឹងបទចោទជួញដូរអាវុធនេះ មានឈ្មោះ ថន ម៉េងគង់ ហៅ វីន ភេទប្រុស អាយុ១៩ឆ្នាំ, ឈ្មោះ សោម ចាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ សម្បត្តិ ស្រីលីន ភេទស្រី អាយុ៣១ឆ្នាំ។ អ្នកទាំង៣ រស់នៅឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
វីអូឌី មិនទាន់អាចស្នើសុំការបញ្ជាក់បន្ថែមបាននៅឡើយទេ ពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក ដួង សារ៉ន នៅថ្ងៃពុធនេះ។
យ៉ាងនេះក្ដី អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត យល់ឃើញថា នេះជារឿងដែលគួរឱ្យមានការសង្ស័យច្រើន មិនត្រឹមតែជនជាប់ចោទទេ សូម្បីសមត្ថកិច្ចដែលគ្រប់គ្រងអាវុធជាតិផ្ទុះនៅតាមច្រកព្រំដែន ក៏អាចមានការសង្ស័យដែរ ថាតើមូលហេតុអ្វីបានជាបណ្ដោយឱ្យមានករណីជួញដូរអាវុធឆ្លងដែននេះកើតឡើង។
លោកបន្តថា៖ «យើងឃើញថា នៅតាមច្រកព្រំដែនអីហ្នឹង គឺសមត្ថកិច្ចគយអីហ្នឹងច្រើនស្អេកស្កះណាស់ ដែលចាំត្រួតពិនិត្យ និងវាយតម្លៃទៅលើទំនិញដែលបង់ពន្ធបង់អីហ្នឹង។ គាត់ជាអ្នកត្រួតពិនិត្យមុនគេហើយ»។
បើតាមលោក អ៊ិន គង់ជិត បញ្ហានេះ គួរមានការត្រួតពិនិត្យឱ្យបានម៉ត់ចត់នៅតាមច្រកព្រំដែន ដើម្បីប្រាកដថា បញ្ហាដ៏ធំបែបនេះនឹងលែងកើតឡើងតទៅទៀត។
មាត្រា២០ នៃច្បាប់ស្ដីពី «ការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ» ចែងថា ជនណាដែលបំពាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឱ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែឆ្នែ ដំឡើង និងជួសជុល នូវអាវុធជាតិផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី ៥០ម៉ឺនរៀល ដល់២លានរៀល ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀត៕