ប្រជាសហគមន៍ប្រមាណ ៧០០នាក់ នៅស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីដាក់ញត្តិស្នើឱ្យក្រសួងជួយអន្តរាគមន៍ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅព្រៃសហគមន៍ «ឧត្តមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» និងដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឯកជនមួយ។
ពលរដ្ឋម្នាក់រស់នៅឃុំពោធិ៍មាស ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក សយ សាត បានឱ្យដឹងថា ការស្នើសុំឱ្យក្រសួងរៀបចំដែនដី ជួយអន្តរាគមន៍ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅព្រៃសហគមន៍ឧត្តមស្រែខ្ពស់នេះ ដោយសារតែបច្ចុប្បន្ន ព្រៃមួយនេះបានរងនូវការកាប់បំផ្លាញ និងឈូសឆាយដីស្ទើររាល់ថ្ងៃ ពីសំណាក់ក្រុមទាហាន និងពលរដ្ឋមួយចំនួនតូច ដែលធ្វើឱ្យព្រៃមួយនេះកាន់តែអស់ទៅៗ។
លោកថា៖ «សូមអង្វរ សូមឈប់កាប់បំផ្លាញព្រៃឈើទៅ ពួកខ្ញុំធ្វើនេះ មិនមែនចង់បានជាដីជាឯកជនទេ តែចង់បានទុកព្រៃនេះទុកជាទីសក្ការៈរបស់វត្ត និងទុកសម្រាប់សហគមន៍[កូនចៅជំនានក្រោយ] ទុកជាសម្បត្តិរដ្ឋ»។
ចាប់តាំងពីចុងឆ្នាំ២០២១មក អ្នកភូមិរាប់រយនាក់ បាននាំគ្នាតវ៉ាប្រឆាំងក្រុមទាហាននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក មិនឱ្យកាប់បំផ្លាញព្រៃសហគមន៍ «ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ដោយពលរដ្ឋទាំងនោះអះអាងថា បានការពារជាង២០ឆ្នាំមកហើយ។
សមាជិកសហគមន៍ម្នាក់ទៀត អ្នកស្រី ឃន ខន រស់នៅឃុំត្រពាំងជោរ ឱ្យដឹងថា អ្វីដែលអ្នកភូមិនាំគ្នាតវ៉ានោះ គឺគ្រាន់តែចង់រក្សាព្រៃឈើនេះឱ្យគង់វង្សទុក ខណៈព្រៃសហគមន៍មួយនេះមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ និងផ្តល់នូវផលអនុផលព្រៃឈើជាច្រើន សម្រាប់ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃរបស់សហគមន៍ជាដើម។
អ្នកស្រីថា៖ «យើងការពារទុកព្រៃសម្រាប់ឱ្យក្មេងជំនាន់ក្រោយ មានតែប៉ុណ្ណឹង»។
បើតាមអ្នកស្រី ឃន ខន ក្រៅពីការស្នើឱ្យក្រសួងជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីព្រៃនេះ ពលរដ្ឋខ្លះទៀត ក៏បានស្នើឱ្យក្រសួងដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនលីយ៉ុងផាត់ ដែលបានអូសបន្លាយរយៈពេលប្រមាណ ១២ឆ្នាំមកហើយផងដែរ។
តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញមកទទួលញត្តិរបស់ពលរដ្ឋ ដោយសន្យាថា នឹងយកញត្តិនោះទៅពិនិត្យមើល ដើម្បីរកដំណោះស្រាយ។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង ២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន ៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។
អភិបាលខេត្តកំពង់ស្ពឺលោក វី សំណាង ធ្លាប់អះអាងថា តំបន់ដីដែលកាត់ទៅឱ្យគ្រួសារកងទ័ពនេះ មិនប៉ះពាល់ដល់ដីសហគមន៍ឡើយ។ លោកបានចោទពលរដ្ឋដែលនាំគ្នាតវ៉ានោះថា ជាក្រុមបក្សប្រឆាំង ហើយថា ការតវ៉ានោះមានការញុះញង់ពីមេខ្យល់ និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) លោក ជា ហ៊ាន ដែលចុះពិនិត្យករណីនេះ ប្រាប់វីអូឌីកាលពីថ្ងៃទី២៤ខែកុម្ភៈថា ការកាត់ដីចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់របស់ក្រសួងបរិស្ថាន ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៅឃុំត្រពាំងជោរនោះ គឺមានភាពមិនប្រក្រតីជាច្រើន និងបានប៉ះពាល់ដល់ដីសហគមន៍។
ពាក់ព័ន្ធនឹងជម្លោះដីធ្លីរវាងប្រជាសហគមន៍ និងក្រុមទាហាននេះដែរ ក៏មានពលរដ្ឋចំនួន ១០នាក់ កំពុងរងបណ្តឹងនៅតុលាការផងដែរ។
បើតាមក្រុមសមាជិកសហគមន៍ កាលពីដើមឡើយសហគមន៍«ឧត្ដមស្រែខ្ពស់» ហៅ «ព្រៃមេត្តាធម្មជាតិ» មានផ្ទៃដីព្រៃទំហំជាង២ ០០០ហិកតា ប៉ុន្តែក្រោយមក មានក្រុមហ៊ុនឯកជន និងក្រុមទាហានបានចូលទៅរំលោភយកជាបន្តបន្ទាប់ ដោយបច្ចុប្បន្ន សហគមន៍នេះសល់ដីតិចតួចប៉ុណ្ណោះ៕