UPDATED៖ ព្រឹទ្ធសភា​អាមេរិក​អនុម័ត​លើ​សេចក្ដី​សម្រេច​ក្នុង​ការ​រម្លឹកខួប​៣០ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

បុរសម្នាក់រៀបចំដោតទង់​ជាតិកម្ពុជា នៅតាមផ្លូវ ទល់មុខស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ ថ្ងៃទី១៣ ខែមេសា ២០១៨។ (រូបភាព៖បញ្ញា ឆពណ្ណ)

ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែឧសភា បានអនុម័តជាឯកច្ឆន្ទលើសេចក្ដីសម្រេចចិត្តលេខ៤២៧ ក្នុងការរម្លឹកដល់ខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបានបញ្ចប់សង្គ្រាមមានរយៈពេលរាប់ទសវត្សរ៍ និងធ្វើឱ្យប្រទេសកម្ពុជាស្ថិតនៅលើផ្លូវនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។

សេចក្ដីសម្រេចចិត្តលេខ៤២៧ របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកនេះ បានអំពាវនាវឱ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទាំងអស់ បំពេញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាបាននូវសន្តិភាព វិបុលភាព ប្រជាធិបតេយ្យ និងអធិបតេយ្យភាពកម្ពុជា។

សេចក្តីសម្រេចចិត្តលេខ៤២៧ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាមានការចាំបាច់ត្រូវរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ឱ្យបានសេរី ត្រឹមត្រូវ និងយុត្តិធម៌ ត្រូវការពារសិទ្ធិមនុស្ស និងស្ថាប័នប្រជាធិបតេយ្យ ត្រូវលើកលែងការចោទប្រកាន់ ការកាត់ទោសលើក្រុមអ្នកនយោបាយប្រឆាំង អ្នកកាសែត និងសកម្មជនសិទ្ធិមនុស្ស និងកុំបំពានគោលជំហរអព្យាក្រឹតរបស់កម្ពុជា។

ទន្ទឹមនឹងការជំរុញនេះ សេចក្តីសម្រេចចិត្តលេខ៤២៧ ក៏បានអំពាវនាវឱ្យប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ រួមទាំងកម្ពុជាផង ត្រូវបញ្ជាក់ជាថ្មីទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងប្រទេសកម្ពុជាមួយមានសន្តិភាព ចម្រុងចម្រើន និងគោរពសិទ្ធិនិងសេរីភាពប្រជាពលរដ្ឋ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា​ ថាការអនុម័តសេចក្តីសម្រេចចិត្តលេខ៤២៧នេះ សបញ្ជាក់ថា សហរដ្ឋអាមេរិកបានឈរនៅជាមួយប្រជាជនកម្ពុជា ក្នុងការគាំទ្រសេចក្តីប្រាថ្នាយូរអង្វែងរបស់កម្ពុជា ដែលចង់បានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់។

លោកបន្តថា សេចក្តីសម្រេចចិត្តនេះថែមទាំងរម្លឹកពីតួនាទីដ៏សំខាន់នៃសហគមន៍អន្តរជាតិ ក្នុងការធ្វើជាដៃគូជាមួយអ្នកពាក់ព័ន្ធខាងកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីជួយកម្ពុជាក្នុងការបញ្ចប់នូវអំពើហិង្សា ហើយចាប់ផ្តើមកសាងប្រទេសឡើងវិញ។

សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានថ្លែងថា រដ្ឋាភិបាលមិនភ្លេចពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះទេ។ ក៏ប៉ុន្តែស្មារតីនេះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាអស់ទៅហើយ។

លោកថា៖ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានណែនាំយើងអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ អ៊ីចឹងការចោទប្រកាន់ទៅលើជនល្មើសច្បាប់ អាហ្នឹងវាជារឿងអនុវត្តច្បាប់។ អាហ្នឹងហើយគេហៅថា នីតិរដ្ឋ! ហើយចំពោះលទ្ធិប្រជាធិបតេយ្យហ្នឹង យើងកំពុងតែរីកដុះដាលហើយ ក៏ប៉ុន្តែវាមិនទាន់ដូចអាមេរិកជាង២០០ឆ្នាំនោះទេ។ យើងទើបតែបាន៣០ឆ្នាំ យើងចង់ទៅដូចគេ២០០ឆ្នាំ ទៅមិនរួចទេ។ អ៊ីចឹងបានថា យើងខិតខំដើម្បីធ្វើយ៉ាងណាឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យនេះ វាមានលក្ខណៈល្អប្រសើរជាលំដាប់លំដោយតទៅ»។

សេចក្តីស្នើច្បាប់របស់ព្រឹទ្ធសភាអាមេរិកនេះ ត្រូវបានផ្ដួចផ្ដើមដោយសមាជិកព្រឹទ្ធសភា ឈ្មោះ Edward J. Markey មកពីរដ្ឋ Massachusetts, ព្រឹទ្ធសមាជិក Mitt Romney មកពីរដ្ឋ Utah, ព្រឹទ្ធសមាជិក Bob Menendez មកពីរដ្ឋ New Jersey និងព្រឹទ្ធសមាជិក Jim Risch មកពីរដ្ឋ Idaho។

សេចក្តីស្នើច្បាប់នេះបានធ្វើឡើងបន្ទាប់ពីកម្ពុជាមានការចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ​ លោក កឹម សុខា និងការហាមឃាត់សិទ្ធិធ្វើនយោបាយរបស់សមាជិកគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១៧។ លើសពីនេះ ការធ្លាក់ទៅក្នុងការដឹកនាំប្រទេសដោយគណបក្សតែមួយ ការរំលោភលើឯករាជ្យភាពនៃរដ្ឋធម្មនុញ្ញ និងការប្រកួតប្រជែងដោយពេញលេញតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

សេចក្តីសម្រេចចិត្តនេះក៏បានលើកឡើងពីបញ្ហាមូលដ្ឋានទ័ពចិននៅសមុទ្ររាម ខណៈដែលរដ្ឋាភិបាលកម្ពុជាបានច្រានចោលចំពោះការចោទប្រកាន់នេះជាបន្តបន្ទាប់ រួមទាំងការចាប់ខ្លួនសមាជិកគណបក្សសង្គ្រោះជាតិ ជាង១៥០នាក់ ចាប់តាំងខែមិថុនា ឆ្នាំ២០១៩ ជាដើម។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានលើកឡើងថា សេចក្តីសម្រេចចិត្តរបស់ព្រឹទ្ធសភាអាមេរិកនេះ នឹងមិនមានឥទ្ធិពលច្រើនមកលើរដ្ឋាភិបាលកម្ពុជានោះទេ។ លោកថា រដ្ឋាភិបាលតែងតែច្រានចោលចំពោះការចោទប្រកាន់ពីសហគមន៍អន្តរជាតិ ចំពោះអ្វីដែលរដ្ឋាភិបាលកំពុងធ្វើ។

លោកថា៖ «ខ្ញុំគិតថា សម្រាប់រដ្ឋាភិបាលសព្វថ្ងៃ មិនមានអ្វីប្រែប្រួលនោះទេ ដោយសារយើងឃើញហើយថា អ្វីគ្រប់យ៉ាងដែលជាទណ្ឌកម្ម ឬអ្វីដែលប្រទេសខាងក្រៅតែងតែដាក់សម្ពាធទៅលើកម្ពុជាហ្នឹង គឺរដ្ឋាភិបាលកម្ពុជាមិនដែលទទួលយកបញ្ហានេះទេ ហើយពួកគាត់តែងធានាថា អ្វីដែលគាត់ធ្វើ គឺធ្វើទៅតាមច្បាប់ដែលកម្ពុជាមាន។ ដូច្នេះ គាត់មិនខ្វល់ទេ»។

អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីពេលថ្មីៗនេះថា សេចក្តីសម្រេចចិត្តរបស់ព្រឹទ្ធសភាអាមេរិកលេខ៤២៧នេះ បញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ នៅជាធរមាន គឺមានសុពលភាពនៅឡើយ។

លោកសរសេរថា៖ «ព្រឹទ្ធសភាអាមេរិកាំងធ្វើសេចក្ដីសម្រេចចិត្តនេះ ដើម្បីបញ្ជាក់ជាថ្មីថា គេនៅតែប្តេជ្ញាគាំទ្រប្រជាពលរដ្ឋខ្មែរ និងការចង់កសាងប្រទេសកម្ពុជារបស់ពួកគេ ឱ្យកាន់តែមានសន្តិភាព ចម្រុងចម្រើន ប្រជាធិបតេយ្យ និងអធិបតេយ្យ ដើម្បីជាការប្រារព្ធខួបឆ្នាំទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ