កម្មករ-កម្មការិនីធ្វើការនៅរោងចក្រ ឃែនធើរេន ស្នើស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ជួយជំរុញទៅថៅកែរោងចក្រដែលជាជនជាតិម៉ាឡេស៊ី ដោះស្រាយវិវាទការងារ តាមរយៈការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗដល់កម្មករ ក្រោយរោងចក្រនេះបិទទ្វារលែងដំណើរការ។
ការស្នើនេះបានធ្វើឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ តាមរយៈការប្រមូលផ្ដុំដាក់ញត្តិរបស់តំណាងកម្មកររោងចក្រ ឃែនធើរេន ជិត៥០នាក់ នៅមុខស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នៅខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងញត្តិរបស់សម្ព័ន្ធសហជីពចលនាកម្មករដែលដាក់ជូនឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា រោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) ដែលមានទីតាំងនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ បានបើកដំណើរការតាំងពីឆ្នាំ១៩៩៧ ដែលមានថៅកែធំឈ្មោះ YAP FUNG KONG សញ្ជាតិម៉ាឡេស៊ី និងមានកម្មករបម្រើការងារចំនួន៣២០នាក់។
ញត្តិដដែលបន្តថា រោងចក្រនេះបានបិទទ្វារលែងដំណើរការ និងបានដឹកសម្ភារខ្លះចេញពីរោងចក្រ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ កាលពីខែមេសា ដោយពុំបានទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករនិយោជិតឡើយ។
ករណីនេះ សម្ព័ន្ធសហជីពចលនាកម្មករ ដែលជាតំណាងឱ្យកម្មកររោងចក្រ ឃែនធើរេន ស្នើស្ថានទូតម៉ាឡេស៊ីជួយអន្តរាគមន៍ឱ្យថៅកែរោងចក្រ ឃែនធើរេន ដែលជាជនជាតិម៉ាឡេស៊ី ទទួលខុសត្រូវក្នុងការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ស្របតាមច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។
បើតាមញត្តិដដែល កន្លងមក តំណាងសហជីពកម្មករ និងអាជ្ញាធរពាក់ព័ន្ធ បានប្រជុំពិភាក្សាជាច្រើនលើកដើម្បីរកដំណោះស្រាយ ប៉ុន្តែមិនមានជម្រើសអ្វីក្រៅពីបង្ខំឱ្យតំណាងសហជីពកម្មករលក់ឡាយឡុងសម្ភារដែលនៅសេសសល់ក្នុងរោងចក្រ ដើម្បីយកថវិកាមកទូទាត់ជូនកម្មករនិយោជិតតាមជាក់ស្តែងប៉ុណ្ណោះ។ ចំពោះដំណោះស្រាយនេះ តំណាងសហជីព និងកម្មករនិយោជិត បានបដិសេធទាំងស្រុង ដោយយល់ឃើញថា ទង្វើរបស់ក្រុមហ៊ុនជាការគេចវេះពីការទទួលខុសត្រូវតាមផ្លូវច្បាប់ និងកេងប្រវ័ញ្ចកម្លាំងញើសឈាមរបស់កម្មករនិយោជិតទាំងស្រុង។
គួរបញ្ជាក់ថា កម្មករ-កម្មការិនីនៅរោងចក្រ ឃែនធើរេន បាននាំគ្នាតវ៉ា និងដាក់វេនគ្នាដេកយាមមុខរោងចក្រជិត២ខែមកហើយ ដើម្បីការពារមិនឱ្យមានការដឹកសម្ភារផ្សេងៗចេញពីរោងចក្រ និងទាមទារឱ្យថៅកែចេញមុខដោះស្រាយសំណងជូនពួកគេតាមផ្លូវច្បាប់ ក្រោយពីថៅកែរោងចក្រនេះបិទទ្វាររត់ចោលកម្មករ៕