តុលាការខេត្តព្រះសីហនុ សម្រេចចោទប្រកាន់ជនជាតិចិន៣នាក់ ពីបទ «គំរាមកំហែងថានឹងសម្លាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ពាក់ព័ន្ធសំណុំរឿងចាប់ជំរិតមិត្តភក្តិដែលជាជនជាតិចិនដូចគ្នា ដើម្បីទារប្រាក់ជាង១លានដុល្លារពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការដោះលែងវិញ។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លី ចាន់ដារ៉ា មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចបានចាប់ខ្លួនបុរសជាជនជាតិចិនចំនួន៣នាក់ រួមមាន ឈ្មោះ Wang Ying ហៅ អាយន្តហោះ អាយុ២៨ឆ្នាំ, ឈ្មោះ Jin KaiBin ហៅ Lin Yi ឬ Xiao Bin អាយុ២៥ឆ្នាំ និងឈ្មោះ Yang QianJun ហៅ Ta Jing អាយុ៣៦ឆ្នាំ ដែលបានចាប់ជំរិតមិត្តភក្តិរបស់ខ្លួនដែលជាជនជាតិចិនដូចគ្នា ដើម្បីទារប្រាក់១,២លានដុល្លារអាមេរិកពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការដោះលែងវិញ។
លោកបន្តថា ពួកគេទាំង៣នោះជាសន្តិសុខ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ចំណែកជនរងគ្រោះឈ្មោះ Yu Liang ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរអ្នករកស៊ី ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបានសម្រេចចោទប្រកាន់ពួកគេពីបទ «គំរាមកំហែងថានឹងសម្លាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ខណៈអ្នកពាក់ព័ន្ធផ្សេងទៀត ចៅក្រមស៊ើបកំពុងបន្តតាមនីតិវិធីច្បាប់ផងដែរ។
លោកមានប្រសាសន៍ថា៖ «នេះជាបទចោទពួកគាត់។ ចំពោះការបិទការស៊ើបសួរហ្នឹង គឺនៅទេ! ហើយគេបញ្ជូនពួកគាត់ទៅឃុំខ្លួនហើយ។ ចំពោះអ្នកផ្សេងកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតរបស់ចៅក្រម មិនអាចបង្ហើបជូនបានទេ ព្រោះជាសមត្ថកិច្ចរបស់ចៅក្រមស៊ើប»។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី សង្កេតឃើញថា មួយរយៈចុងក្រោយនេះ បទល្មើសជំរិតទារប្រាក់តែងតែកើតមានឡើងជាហូរហែ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការជាបន្តបន្ទាប់។ ប៉ុន្តែលោកស្រីមិនដឹងថា តុលាការដាក់ទោសពួកគេប៉ុន្មានឆ្នាំនោះទេ ដោយសារសង្គមស៊ីវិល និងអ្នកសារព័ត៌មានខ្លះ តាមដានត្រឹមតែដំណាក់កាលចោទប្រកាន់តែប៉ុណ្ណោះ ខណៈដំណាក់កាលជម្រះនិងប្រកាសសាលក្រមហាក់មានភាពស្ងប់ស្ងាត់ទៅវិញ។
ករណីនេះ លោកស្រីជំរុញទៅតុលាការធ្វើការកាត់សេចក្តីឱ្យមានតម្លាភាព និងផ្តន្ទាទោសទៅជនល្មើសឱ្យធ្ងន់ធ្ងរ រួមទាំងប្រកាសសាលក្រមជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង ហើយជាគំរូល្អ កុំឱ្យមានរឿងបែបនេះកើតឡើងបន្តទៀត។
លោកស្រីថា៖ «ផ្សាយឱ្យដឹងផង! បន្តរឿងហ្នឹងឱ្យបានចប់មក ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងថា អ្នកដែលចាប់ខ្លួនថ្ងៃមុន អត់រួចខ្លួនទេ! គេ[តុលាការ]ដាក់គុកប៉ុណ្ណេះៗឆ្នាំ ដើម្បីបង្ហាញថា ជនល្មើសគ្រប់រូបត្រូវបានផ្តន្ទាទោសតាមច្បាប់កម្ពុជា អត់មានការលើកលែង»។
គួរបញ្ជាក់ថា ស្របពេលសំណុំរឿងចាប់ជំរិតនេះកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តព្រះសីហនុបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៤នាក់ផងដែរ ករណីពួកគេបាញ់ប្រហារនិងបង្ករបួសស្នាមលើមន្ត្រីនគរបាលក្រុងព្រះសីហនុមួយរូប។ ជាមួយគ្នានោះ សមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៣ ក៏បានអះអាងថា នៅយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមិថុនា ក៏មានករណីបាញ់ប្រហារមួយផ្សេងទៀតបានកើតឡើង បណ្តាលឱ្យបុរសជាជនជាតិចិនម្នាក់រងរបួសផងដែរ។
ដោយសារក្តីបារម្ភចំពោះបញ្ហាទាសភាព ឧក្រិដ្ឋកម្ម ការចាប់ជំរិតជាដើមនោះ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន៣៦ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ អំពាវនាវឱ្យរដ្ឋាភិបាលលុបបំបាត់រាល់ទម្រង់បទល្មើសទាំងនេះ ដើម្បីធានាសន្តិសុខ ស្ថិរភាពសង្គម និងកិត្តិយសកម្ពុជា។
ការស្នើនោះ ក្រោយពេលក្រុមអង្គការសង្គមស៊ីវិលទាំងនោះរកឃើញថា មានមនុស្សរាប់ពាន់នាក់ដែលភាគច្រើនជាជនបរទេស ត្រូវបានជាប់នៅក្នុងស្ថានភាពទាំងអស់នេះ។ ពួកគេត្រូវបានចាប់ជំរិត លក់ ជួញដូរ ឬត្រូវបានបោកបញ្ឆោតឱ្យទទួលបានការងារនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែនៅពេលមកដល់កម្ពុជា ពួកគេត្រូវបានឃុំខ្លួនក្នុងបរិវេណអគារធំៗ និងត្រូវបង្ខំឱ្យធ្វើការ ដែលជាញឹកញាប់ជាការងារទាក់ទងនឹងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតផងដែរ៕