អ្នកជំនាញ​ថា ការរឹតត្បិត​សេរីភាព​អ្នកកាសែត​មិន​ឱ្យ​យក​ព័ត៌មាន​នៅ​កន្លែង​តវ៉ា​សាធារណៈ​ជា​ការ​បំពាន​ធ្ងន់ធ្ងរ

អ្នកថតរូបឱ្យស្ថាប័នសារព័ត៌មានមួយ ត្រូវបានអាជ្ញាធរហាមចូលជិតនឹងទីតាំងតវ៉ា អំឡុងពេលចុះតាមដានករណីកូដករប្រមូលផ្ដុំធ្វើកូដកម្ម​នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)​

អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងថា ​ការរឹតត្បិតសេរីភាពសារព័ត៌មាន តាមរយៈអាជ្ញាធរបានបណ្ដេញអ្នកសារព័ត៌មាន និងបង្ខំឱ្យពួកគេលុបរូបភាពឬវីដេអូដែលថតបាន​ នៅពេលអ្នកទាំងនោះចុះរាយការណ៍ផ្ទាល់នៅទីតាំងសាធារណៈ​​ គឺ​ជាការរំលោភបំពានធ្ងន់ធ្ងរទៅលើសេរីភាពអ្នកសារព័ត៌មាន។

ការបង្ហាញកង្វល់នេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានបណ្ដេញអ្នកសារព័ត៌មានវីអូឌី (VOD) និងអ្នកសារព័ត៌មានផ្សេងទៀត ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលផង ចេញ​ពីកន្លែង​កូដកម្មណាហ្គាវើលដ៍ កាលពីម្សិលមិញ។ លើសពីនេះ កម្លាំងសន្តិសុខខណ្ឌក៏បានគំរាមកំហែង និងបង្ខំឱ្យអ្នកសារព័ត៌មានវីអូឌីលុបរូបភាពនិងវីដេអូសកម្មភាពអាជ្ញាធរនៅទីសាធារណៈនោះ ស្របពេលការរឹតត្បិតបែបនេះមិនមែនជាលើកទី១ទេដែលបានកើតឡើងលើអ្នកសារព័ត៌មានវីអូឌី។

ក្រុមអ្នកសារព័ត៌មាន និងមន្ត្រីអង្គការសង្គមស៊ីវិល ត្រូវបានអាជ្ញាធរហាមចូលជិតនឹងទីតាំងតវ៉ា អំឡុងពេលចុះតាមដានករណីកូដករប្រមូលផ្ដុំធ្វើកូដកម្ម​នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។
ក្រុមអ្នកសារព័ត៌មាន និងមន្ត្រីអង្គការសង្គមស៊ីវិល ត្រូវបានអាជ្ញាធរហាមចូលជិតនឹងទីតាំងតវ៉ា អំឡុងពេលចុះតាមដានករណីកូដករប្រមូលផ្ដុំធ្វើកូដកម្ម​នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)​

នាយក​ប្រតិបត្តិ​នៃស​ម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី ចាត់ទុកសកម្មភាពសមត្ថកិច្ចបណ្តេញអ្នកសារព័ត៌មានចេញពីកន្លែងយកព័ត៌មានកូដករណាហ្គា និងបង្ខំឱ្យអ្នកសារព័ត៌មានលុបវីដេអូទិដ្ឋភាពសមត្ថកិច្ចនៅទីតាំងតវ៉ាជាសាធារណៈ ថាជាការអនុវត្តមិនត្រឹមត្រូវ។ លោកបន្តថា អាជ្ញាធរថ្នាក់ក្រោមប្រតិបត្តិតួនាទីមិនស៊ីចង្វាក់នឹងគោលការណ៍ថ្នាក់លើឡើយ។ លោកថា សកម្មភាពនេះបង្ហាញថា សមត្ថកិច្ចមូលដ្ឋានទាំងនោះខ្វះការយល់ដឹងទូលំទូលាយពីភារកិច្ចនិងសិទ្ធិរបស់អ្នកសារព័ត៌មាន។

យ៉ាងណា អ្នកជំនាញផ្នែកសារព័ត៌មានរូបនេះយល់ថា ហេតុផលអាចមកពីសមត្ថកិច្ចថ្នាក់ក្រោមទាំងនោះមិនបានដឹងថា អ្នកសារព័ត៌មានអាចធ្វើអ្វីបានខ្លះ ហើយមួយទៀត គឺពួកគេដឹងពីតួនាទីហើយ ប៉ុន្តែនៅតែបំពាន។

លោកថា៖ «អ្នកសារព័ត៌មាន នៅពេលដែលគាត់ចុះទៅយកព័ត៌មានហ្នឹង គឺគាត់តែងតែមានបណ្ណសម្គាល់ខ្លួន ដែលបណ្ណសម្គាល់ហ្នឹងចេញដោយស្ថាប័ន ចេញដោយក្រសួងព័ត៌មានអ៊ីចឹងទៅទៀត។ ​នៅពេលដែលប្រើប្រាស់បណ្ណសម្គាល់ខ្លួន ​ហើយទៅយកព័ត៌មាននៅទីសាធារណៈ ត្រូវបានហាមឃាត់ រឹតត្បិតម្តងហើយម្តងទៀតបែបនេះ វាជាការរំលោភបំពានធ្ងន់ធ្ងរទៅដល់ការអនុវត្តសេរីភាពរបស់អ្នកសារព័ត៌មាន ហើយនិងបង្ហាញអំពីការគំរាមកំហែងដែរទៅដល់ការអនុវត្តតួនាទីនិងភារកិច្ចរបស់អ្នកសារព័ត៌មាន»។

បើតាមលោក ណុប វី ដើម្បីដោះស្រាយបញ្ហានេះ មានតែមន្ត្រីថ្នាក់លើបើកការអប់រំ បណ្តុះបណ្តាល ឱ្យថ្នាក់ក្រោមយល់ដឹងពីសិទ្ធិ តួនាទី ភារកិច្ចរបស់ខ្លួនឯងផ្ទាល់ និងអ្នកសារព័ត៌មានឱ្យច្បាស់ ចៀសវាងការរំខានដល់ការងារអ្នកសារព័ត៌មាន។ លោកបន្ថែមថា តាមច្បាប់ គឺអ្នកសារព័ត៌មានអាចថតនៅទីសាធារណៈបាន ដោយមិនចាំបាច់សុំការអនុញ្ញាតពីនរណាឡើយ លុះត្រាកន្លែងឯកជន។

លោកថា ការដែលសមត្ថកិច្ចព្យាយាមគំរាមកំហែងអ្នកសារព័ត៌មានតាមគ្រប់រូបភាព នឹងជះឥទ្ធិពលមិនល្អ ហើយជាការបន្ទុចបង្អាក់ដល់ការផ្តល់ព័ត៌មានជូនសាធារណជន ព្រមទាំងផ្ទុយពីគោលនយោបាយរដ្ឋាភិបាល។

ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា ចាត់ទុកការដែលអាជ្ញាធររំខានការងារអ្នកសារព័ត៌មានថា ជាការមិនយល់ពីតួនាទីរបស់អ្នកសារព័ត៌មាន។ លោកថា តាមពិត មន្ត្រីថ្នាក់លើបានយល់ហើយ តែថ្នាក់ក្រោមមិនទាន់យល់ពីតួនាទីរបស់ខ្លួន។ ហេតុនេះ ទើបក្រសួងព័ត៌មានជំរុញឱ្យមានការជួបជជែកតាមវេទិកានានាដើម្បីឱ្យយល់ពីគ្នា។

បើតាមលោក ប៉ែន បូណា អាជ្ញាធរអាចបារម្ភពីការថតផ្សាយរូបភាពរបស់គាត់ដែលកំពុងប៉ះទង្គិចជាមួយក្រុមកូដករ ទើបព្យាយាមរឹតត្បិតអ្នកសារព័ត៌មានមិនឱ្យថត។

បែបនេះក្តី លោកថា អ្នកសារព័ត៌មានគួរវៃឆ្លាត មានវិធីថតរូប ដោយកុំទៅកៀកពេក ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងត្រូវមានទម្លាប់សហការជាមួយអាជ្ញាធរ។

លោកថា៖ «ការថតរូបភាពយកព័ត៌មានអីដែលកើតនៅជាទីសាធារណៈហ្នឹង ជាទូទៅ អ្នកសារព័ត៌មានយើងអាចថតយកបាន ពីព្រោះវានៅក្នុងទីសាធារណៈ ដែលមិនស្ថិតនៅក្នុងកន្លែងគេហាមឃាត់។ ដូច្នេះ យើងមានសិទ្ធិក្នុងការថតរូប ផ្តិតយកព័ត៌មានបាន។ ប៉ុន្តែជួនកាល អាជ្ញាធរសមត្ថកិច្ចខ្លះ លោកមិនទាន់បានយល់អំពីសិទ្ធិទាំងអស់ហ្នឹង ហើយគាត់ក៏មានការចេញសកម្មភាពអីមួយឬវិធានការអីមួយដែលគាត់ជ្រុល និយាយទៅ គាត់អត់ចង់ឱ្យមានផ្សាយរូបភាពហ្នឹង។ ហើយអ៊ីចឹងទេ បានជាកន្លងទៅ ឃើញមានគាត់ហាមឃាត់ ឬក៏គាត់មិនអនុញ្ញាត»។

ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ ទទួលស្គាល់ថា សមត្ថកិច្ចថ្នាក់ក្រោមមួយចំនួនពិតជាមិនបានយល់ដឹងពីតួនាទីរបស់ខ្លួន ហើយបានអនុវត្តប្រាសចាកពីភារកិច្ច។ បញ្ហានេះ លោកថា ទាមទារឱ្យក្រសួងព័ត៌មានជជែកជាមួយក្រសួងមហាផ្ទៃ សមត្ថកិច្ច និងស្ថាប័នមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយឱ្យពួកគេបានយល់ និងដើម្បីកុំឱ្យសមត្ថកិច្ចមួយចំនួនរឹតបន្តឹងខុសគោលការណ៍ចំពោះអ្នកសារព័ត៌មានតទៅទៀត។

លោកថា៖ «ខ្ញុំបានជជែកការងារនេះដែរ ប្រហែលជាអាចថា សមត្ថកិច្ចថ្នាក់ក្រោមអីគាត់អត់បានយល់ដឹងអំពីបញ្ហាហ្នឹងដែរ។ អ៊ីចឹងខ្ញុំមានគំនិតដែរ ប៉ុន្តែមិនទាន់បានសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីអនុវត្តនៅឡើយទេ។ អ៊ីចឹងប្រហែលជាយើងថ្នាក់ដឹកនាំនៅតាមអង្គភាពមួយៗ គាត់ពិបាកដោះស្រាយ ឬជួនកាលគាត់មានបញ្ហាចែកមិនដាច់រវាងអ្នកសារព័ត៌មាន ឬក៏ជាមួយប្រជាពលរដ្ឋចូលតវ៉ាអ៊ីចឹង។ អ៊ីចឹងប្រហែលជាខ្ញុំទាមទារឱ្យមានជា Tools [ការកំណត់អត្តសញ្ញាណ] ជាអី ចេញដោយក្រសួង សម្រាប់បញ្ជាក់ថា អ្នកដែលចូលទៅយកព័ត៌មាននៅក្នុងទីតាំងទាំងអស់ហ្នឹងត្រូវតែមានអីដែលគេអាចមើលពីចម្ងាយទៅដឹងបានអ៊ីចឹង»។

អ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បដិសេធការលើកឡើង ដែលថាអាជ្ញាធរខណ្ឌ​រឹតត្បិត មិនឱ្យអ្នកសារព័ត៌មានផ្តិតយកទិដ្ឋភាពទូទៅនៅកន្លែងកូដកម្មណាហ្គា។ លោកថា ​មិនមានការរឹតត្បិតព័ត៌មានអ្វីទេ លើកលែងតែរង្វង់ប្រតិបត្តិការកំពុងបំពេញការងារ គឺអាជ្ញាធរបារម្ភថាមានបាតុភាពណាមួយដែលមិនអាចដឹងមុនកើតឡើងជាយថាហេតុប៉ុណ្ណោះ។

លោកថា៖ «មិនមានការរឹតត្បិតព័ត៌មានអ្វីទេ លើកលែងតែរង្វង់ប្រតិបត្តិការកំពុងបំពេញការងារក៏ដោយ ខ្លាចមានបាតុភាពណាមួយដែលមិនអាចដឹងមុនកើតឡើងប៉ះពារជាយថាហេតុតែប៉ុណ្ណោះ។ ហើយនេះក៏ជាភារកិច្ចរបស់ពួកគាត់ ដើម្បីរក្សាសុវត្ថិភាពជូនអ្នកទាំងអស់គ្នាតែប៉ុណ្ណោះ។ គួរកុំចូលជិតរង្វង់ដែនប្រតិបត្តិការការងារ អាចថតពីចម្ងាយ ព្រោះកាមេរ៉ាសម័យនេះថតបានល្អៗណាស់។ ណាមួយរឿងសុវត្ថិភាពយើងខ្លួនឯង»។

អ្នកសារព័ត៌មានសេរីដែលធ្លាប់ចុះយកព័ត៌មានអំពីសកម្មភាពធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍​ អ្នកនាង កាន់ វិច្ឆិកា លើកឡើងថា ជាទូទៅ សន្តិសុខដែលចាំឃ្លាំមើលនៅទីតាំងតវ៉ានោះ ​តែងតែរឹតត្បិតមិនឱ្យអ្នកសារព័ត៌មានបានផ្តិតយករូបភាពទេ។ ជាក់ស្តែង អ្នកនាងផ្ទាល់ តែងតែរងការបណ្តេញចេញ យកអាល់កុលបាញ់លើកាម៉េរា និងរំខានតាមរូបភាពផ្សេងៗទៀត ដោយអាជ្ញាធរមិនបានបញ្ជាក់ពីហេតុផលនោះឡើយ។ ​

អ្នកនាង កាន់ វិច្ឆិកា យល់ថា អាជ្ញាធរនៅតែអនុវត្តលើសពីច្បាប់ និងលើសពីអ្វីដែលថ្នាក់លើបញ្ជា ខណៈអ្នកសារព័ត៌មានមានសិទ្ធិផ្តិតយក ប៉ុន្តែសន្តិសុខនៅខណ្ឌដូនពេញ តែងតែហាមឃាត់ និងរំលោភសិទ្ធិ។ យ៉ាងណា អ្នកនាងថា ការរំលោភសិទ្ធិ រិតត្បិតនេះ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពសារព័ត៌មានរួចទៅហើយ។

អ្នកនាងថា៖ «សាលារាជធានី ឬមួយក៏អាជ្ញាធរថ្នាក់លើអីជាដើមហ្នឹង គួរតែមានការប្រមូលផ្តុំពួកគាត់ ឫក៏ហៅប្រជុំគ្នា ឬក៏យ៉ាងហោចណាស់ក៏មានការបញ្ជា ឬក៏លិខិតអីណាមួយបញ្ជាក់ប្រាប់ពួកគាត់ថា គួរតែមានការអនុវត្តយ៉ាងម៉េចជាមួយអ្នកសារព័ត៌មាន។ ឬក៏អាចប្រាប់ពួកគាត់ថា កុំរារាំង ឬក៏កុំឃាត់អ្នកសារព័ត៌មាន ដូចអ្វីដែលពួកគាត់បាននិងកំពុងធ្វើ គឺត្រូវតែធានាថា អ្នកសារព័ត៌មានអាចទៅយកព័ត៌មានប្រកបដោយសិទ្ធិនិងសេរីភាពពេញលេញ ហើយមិនមានការហាមឃាត់ មិនមានការបង្ខំឱ្យលុបរូបភាពឬក៏វីដេអូអីជាដើម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ