ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានស្នើទៅកាន់ចៅក្រមជំនុំជម្រះ ឱ្យឃុំខ្លួនលោក កឹម សុខា ជាបណ្ដោះអាសន្នឡើងវិញ ដោយព្រះរាជអាជ្ញាចោទប្រកាន់លោក កឹម សុខា ថាបានបំពានបម្រាមរបស់តុលាការ ក្រោយលោក កឹម សុខា បានចុះជួបអ្នកគាំទ្ររបស់ខ្លួនកាលពីពេលកន្លងទៅ។
ការប្រកាសស្នើរបស់ព្រះរាជអាជ្ញារងនេះ ធ្វើឡើងក្នុងពេលចៅក្រមសាលាដំបូងរាជធានីភ្នំពេញកំពុងបើកសវនាការលើកទី៤៦ ជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា។
អ្នករាយការណ៍ព័ត៌មានវីអូឌី លោក ម៉ម មុនីរតន៍ ដែលកំពុងចូលរួមតាមដានយកព័ត៌មានក្នុងបន្ទប់សវនាការ បានឱ្យដឹងមុននេះបន្តិចថា ចៅក្រមកំពុងទុកពេលវេលា ៣០នាទី ដើម្បីឱ្យភាគីទាំងសងខាងធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ មុនពេលចៅក្រមធ្វើសេចក្តីសម្រេចថាត្រូវឃុំឬមិនឃុំខ្លួនលោក កឹម សុខា ជាថ្មីនោះ។
បើទោះជាលោក កឹម សុខា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែលោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយហាមមិនឱ្យធ្វើសកម្មភាពមួយចំនួន រួមមាន មិនឱ្យធ្វើសកម្មភាពនយោបាយ ត្រូវបង្ហាញខ្លួនរាល់ពេលមានការកោះរបស់តុលាការ និងហាមមិនឱ្យធ្វើដំណើរចេញទៅក្រៅប្រទេស។
ទោះជាយ៉ាងណា ព្រះរាជអាជ្ញារង បានលើកឡើងថា លោក កឹម សុខា បានបំពានបម្រាមរបស់តុលាការ បន្ទាប់ពីមេបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយរូបនេះ បានចុះជួបសំណេះសំណាលជាមួយអ្នកគាំទ្ររបស់ខ្លួនកាលពីពេលថ្មីៗនេះ។
លោក កឹម សុខា ត្រូវបានរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពត្រូវរ៉ូវជាមួយរដ្ឋបរទេស» ចង់ផ្តួលរំលំរដ្ឋាភិបាល។ លោកត្រូវបានតុលាការបិទសិទ្ធិធ្វើនយោបាយប្រមាណ៤ឆ្នាំមកហើយ គិតចាប់ពីថ្ងៃចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧៕