ជនជាតិថៃចំនួន៣រូបដែលសង្ស័យថាត្រូវបានគេចាប់បង្ខាំងនិងលក់នៅកាស៊ីណូមួយកន្លែង ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស បន្ទាប់ពីពួកគេព្យាយាមបើករថយន្តក្រុមហ៊ុនត្រលប់ទៅកាន់ប្រទេសកំណើតវិញ។
បុគ្គលិកជាជនជាតិថៃទាំង៣នាក់នោះ ដំបូងឡើយ ត្រូវបានគេដឹកចេញពីខេត្តកណ្ដាលទៅកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃពុធសប្ដាហ៍មុន ដោយនៅតាមផ្លូវ ពួកគេក៏បានឆ្លៀតឱកាសចូលបើករថយន្តដោយខ្លួនឯងដើម្បីរត់គេចខ្លួន ខណៈអ្នកបើកបរឈប់សម្រាកបត់ជើងតូច។
ទោះជាយ៉ាងណា ពួកគេទាំង៣នាក់នេះត្រូវបានសមត្ថកិច្ចដេញតាម និងឃាត់ខ្លួនបាននៅក្នុងខេត្តតាកែវ។
ទាក់ទិននឹងករណីនេះ លោក សុខ សុជា អធិការរងនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងកាលពីសប្ដាហ៍មុនថា៖ «ពួកគេទាំងអស់នេះគ្មានលុយមួយរៀលក្នុងខ្លួនទេ ដោយពួកគេមានតែថង់ដាក់សម្លៀកបំពាក់តែប៉ុណ្ណោះ។ ពួកគេក៏គ្មានលិខិតឆ្លងដែនផងដែរ។ ខ្ញុំគិតថា ពួកគេអាចនឹងត្រូវបានចាញ់បោកមេខ្យល់ ហើយត្រូវបានគេលក់»។
ជាមួយគ្នានេះ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ លោក កែវ សុគន្ធា បានថ្លែងកាលពីថ្ងៃចន្ទថា ជនជាតិថៃទាំង៣នាក់នេះត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារហើយ។
លោកថា៖ «ព្រះរាជអាជ្ញាបានបើកការសាកសួរកាលពីថ្ងៃសៅរ៍ លើជនជាតិថៃទាំង៣នាក់នេះ បន្ទាប់មកក៏ត្រូវបានចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស និងឆ្លងដែនដោយខុសច្បាប់»។
លោកបន្តថា៖ «យើងបានបញ្ជូនសំណុំរឿងនេះទៅកាន់ចៅក្រម ដោយពួកគេទាំងអស់នេះត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគាររួចហើយ»។
យោងតាមអធិការនគរបាលស្រុកត្រាំកក់ លោក ឌុក ធីយ៉ា ជនជាតិថៃទាំង៣នាក់ដែលត្រូវបានចាប់ខ្លួននោះ រួមមាន បុរសអាយុ២០ឆ្នាំមួយរូប មកពីទីក្រុងបាងកក ដែលបានចូលមកកាន់ប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២១, បុរសអាយុ២៧ឆ្នាំ មកពីខេត្តឈុនបុរី ចូលមកកម្ពុជា ក្នុងខែមេសា ឆ្នាំ២០២១ និងស្ត្រីអាយុ២៩ឆ្នាំ មកពីខេត្តសាមុតសាខន ដែលចូលមកប្រទេសកម្ពុជាក្នុងឆ្នាំ២០១៥ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។
ទោះជាយ៉ាងណា អធិការនគរបាលរូបនេះបន្ថែមថា រូបលោកមិនស្គាល់ឈ្មោះកាស៊ីណូដែលជាប់ពាក់ព័ន្ធនឹងករណីនេះឡើយ ដោយគ្រាន់តែដឹងថា ពួកគេធ្វើការតាមអនឡាញ និងមានមេខ្យល់នៅពីក្រោយ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Three Thai Escapees Charged, Jailed Over Car Theft