ប្រទេសនូវែលសេឡង់ បានឱ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា ខ្លួនបានបង្កើនវិធានការការពារការឆ្លងរាលដាលនៃជំងឺអុតក្តាម (FMD) ចូលមកក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីជំងឺនេះកាលពីពេលថ្មីៗត្រូវបានប្រទះឃើញមានវត្តមាននៅក្នុងតំបន់ទេសចរណ៍កោះបាលី ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Damien O’Connor រដ្ឋមន្ត្រីកសិកម្មនូវែលសេឡង់ ថ្លែងថា៖ «ខណៈជំងឺអុតក្តាមត្រូវបានរកឃើញនៅតំបន់ទេសចរណ៍នៃកោះបាលីកាលពីពេលថ្មីៗនេះ យើងបានចាត់វិធានការជាក់ស្ដែងនានា ដើម្បីជំរុញកិច្ចការពាររបស់យើងនៅតាមព្រំដែនក្នុងរយៈប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈផងដែរ»។
ទាក់ទិននឹងករណីនេះ លោកបន្តថា៖ «ខ្ញុំសូមធ្វើការអំពាវនាវឱ្យអ្នករាល់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការទាំងអស់គ្នាដើម្បីការពារសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសនូវែលសេឡង់ទាំងមូល»។
គួរបញ្ជាក់ថា ជំងឺអុតក្ដាម គឺជាជំងឺឆ្លងមួយប្រភេទដែលកើតមានលើចំពោះសត្វដែលមានចង្វែកជើងពីរដូចជា គោ ក្របី ជ្រូក ពពែ និងចៀមជាដើម ខណៈជំងឺនេះអាចនឹងបង្កឱ្យមានផលប៉ះពាល់ដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនៃប្រទេសទាំងឡាយណា ដែលកើតមានជំងឺអុតក្តាមទៅលើសត្វទាំងនោះ។
សម្រាប់ករណីក្នុងប្រទេសនូវែលសេឡង់វិញ ការផ្ទុះឡើងនៃជំងឺប្រភេទនេះ អាចនឹងបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញផលិតផលទឹកដោះគោ សាច់ក្រហម និងសាច់ជ្រូកដែលជាទំនិញសំខាន់ក្នុងប្រទេសសម្រាប់រយៈពេលជាច្រើនខែ៕