ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ បានថ្កោលទោសរបបយោធាមីយ៉ាន់ម៉ា ចំពោះការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួនបួននាក់ និងបានអំពាវនាវឱ្យដោះលែងអ្នកទោសដែលត្រូវបានឃុំខ្លួនតាមអំពើចិត្តទាំងអស់ រួមទាំងប្រធានាធិបតី វីន មីអ៊ីន (Win Myint) និងលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ឱ្យមានសេរីភាពវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍ដែលត្រូវបានអនុម័តដោយសមាជិកទាំង១៥ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការសន្ទនា និងការផ្សះផ្សា «ស្របតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា» និងបញ្ឈប់ជាបន្ទាន់រាល់អំពើហិង្សា។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឱ្យមានការគោរពសិទ្ធិមនុស្ស និងផ្តល់ភាពងាយស្រួលចំពោះការទទួលបានជំនួយសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ របបយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន៤នាក់ ដែលត្រូវបានចោទប្រកាន់ថាបានចូលរួមអនុវត្ត «អំពើភេរវកម្ម» នៅក្នុងប្រទេស ដែលមានដូចជា សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោ លោក ក្យរ មីនយូ (Kyaw Min Yu) ឬត្រូវបានគេស្គាល់ថា ជីមី (Jimmy) អតីតសមាជិករដ្ឋសភារបស់លោកស្រី អ៊ុងសាន ស៊ូជី លោក ភ្យូ ហ្សេយ៉ា ថរ (Phyo Zeya Thaw) និងពីរនាក់ផ្សេងទៀត គឺលោក ឡា មីយូ អោង (Hla Myo Aung) និងលោក អោង ធូរ៉ា ហ្ស (Aung Thura Zaw)។
យ៉ាងណា កាលពីថ្ងៃអង្គារ របបយោធាមីយ៉ាន់ម៉ាបានថ្លែងការពារខ្លួនថា «ការប្រហារជីវិតសកម្មជនបក្សប្រឆាំង គឺដើម្បីរកយុត្តិធម៌ជូនប្រជាជន»៕