ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានធ្វើដំណើរទៅដល់សភារបស់តៃវ៉ាន់ហើយនៅព្រឹកថ្ងៃពុធនេះ ខណៈលោកស្រីនឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) ក៏ដូចជាសកម្មជនសិទ្ធិមនុស្សនានា ក្នុងអំឡុងទស្សនកិច្ចមកកាន់កោះមួយនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងប្រាប់សភាតៃវ៉ាន់ ប្រធានសភាអាមេរិករូបនេះបានលើកឡើងថា៖ «យើងសូមធ្វើការកោតសរសើរដល់តៃវ៉ាន់ក្នុងនាមជាសង្គមដ៏សេរីបំផុតមួយក្នុងពិភពលោក»។
ជាមួយគ្នានេះ លោកស្រីបន្តថា ច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកដែលមានគោលបំណងពង្រឹងឧស្សាហកម្មបន្ទះឈីបរបស់អាមេរិក ដើម្បីប្រកួតប្រជែងជាមួយចិន ក៏អាចផ្ដល់ជាឱកាសកាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាមេរិក និងតៃវ៉ាន់ផងដែរ។
គួរបញ្ជាក់ថា លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានធ្វើដំណើរចេញពីប្រទេសម៉ាឡេស៊ីមកដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ ខណៈលោកស្រីថា ដំណើរទស្សនកិច្ចនេះ គឺជាសញ្ញាមួយដែលបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់អាមេរិក ក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់។
ទាក់ទិននឹងករណីនេះ ប្រទេសចិនដែលតែងតែអះអាងថាកោះតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន ក៏បានថ្កោលទោសដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាមេរិករូបនេះមកកាន់កោះតៃវ៉ាន់ផងដែរ ខណៈពួកគេចាត់ទុកថាជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ដោយខ្លួនក៏បានឆ្លើយតបភ្លាមៗតាមរយៈការធ្វើសមយុទ្ធយោធា កោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំង និងប្រកាសផ្អាកការនាំចូលកសិផលជាច្រើនពីតៃវ៉ាន់ផងដែរ។