សហរដ្ឋអាមេរិកបានជំរុញប្រទេសចិនកុំឱ្យមានប្រតិកម្មខ្លាំងលើសលុបចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការជំរុញនេះត្រូវបានធ្វើឡើងបន្ទាប់ពីចិនបានធ្វើការឆ្លើយតបតាមរយៈការធ្វើសមយុទ្ធយោធានៅទីតាំងចំនួន៦ ដែលក្នុងនោះរួមមាន ការដាក់ពង្រាយយន្តហោះចម្បាំង ការបាញ់មីស៊ីលផ្លោងនៅលើដែនទឹក និងដែនអាកាស ជុំវិញកោះតៃវ៉ាន់។
ថ្លែងប្រាប់ទូរទស្សន៍ MSNBC អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃឺប៊ី (John Kirby) បានលើកឡើងថា៖ «បច្ចុប្បន្ន យើងកំពុងតែតាមដានករណីនេះ [ប្រតិកម្មរបស់ចិនចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី] យ៉ាងយកចិត្តទុកដាក់។ យើងបន្តជំរុញឱ្យភាគីចិនកុំឱ្យមានប្រតិកម្មខ្លាំងពេកទាក់ទិននឹងករណីនេះ។ វាគ្មានហេតុផលអ្វីសម្រាប់ពួកគេក្នុងការចេញប្រតិកម្មបែបនេះឡើយ ខណៈវាអាចនឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងទៅវិញ»។
ទាក់ទិននឹងករណីនេះ លោកបានជំរុញឱ្យប្រទេសចិនកាត់បន្ថយនូវភាពតានតឹងដូចអ្វីដែលអាមេរិកកំពុងធ្វើ ដោយបន្ថែមថា៖ «ការគំរាមកំហែងផ្នែកយោធាមិនមែនជារឿងដែលត្រូវធ្វើឡើងឡើយ»។
គួរបញ្ជាក់ថា លោកស្រី ណានស៊ី ផេឡូស៊ី បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារកន្លងទៅ ដែលករណីនេះបានបង្កឱ្យមានជាការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន។
ទោះជាយ៉ាងណា ក្រសួងការពារជាតិរបស់តៃវ៉ាន់បានឱ្យដឹងកាលពីពេលថ្មីៗនេះថា យោធារបស់ខ្លួននឹងបន្តពង្រឹងការការពារដែនកោះរបស់ខ្លួនប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ខណៈខ្លួនក៏ត្រៀមចាត់វិធានការជាក់ស្ដែងក្នុងករណីដែលមានការឈ្លានពានពីសត្រូវផងដែរ៕