ប្រទេសកូរ៉េខាងជើង កំពុងរៀបចំផ្ដល់កងទ័ពស្ម័គ្រចិត្តចំនួន១០ម៉ឺននាក់ទៅជួយរុស្ស៊ី ដើម្បីឱ្យប្រទេសនេះឈ្នះសង្រ្គាមលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ។
អ្នកជំនាញយោធារុស្ស៊ី លោក អ៊ីហ្គ័រ កូរ៉ូឆេនកូ (Igor Korotchenko) បានថ្លែងប្រាប់សារព័ត៌មាន Channel One Russia ថា៖ «មានការរាយការណ៍ថា អ្នកស្ម័គ្រចិត្តកូរ៉េខាងជើងចំនួន១០ម៉ឺននាក់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីមកចូលរួមនៅក្នុងជម្លោះនេះ»។
សារព័ត៌មានដដែលបានរាយការណ៍ថា លោក Korotchenko បានសរសើរយោធាកូរ៉េខាងជើងថា ពោរពេញទៅដោយបទពិសោធន៍ក្នុងការធ្វើសង្រ្គាមបាញ់ស្ទាក់ ឬបាញ់ទម្លាក់មីស៊ីលចំគោលដៅសត្រូវ ដែលការណ៍នេះមានសារៈសំខាន់សម្រាប់យោធារុស្ស៊ី បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចផ្ដល់ប្រព័ន្ធ HIMARS (High Mobility Artillery Rocket Systems) ដល់អ៊ុយក្រែន។ អ្នកជំនាញយោធាម្នាក់បានប្រាប់កាសែត Insider’s Sinéad Baker កាលពីខែមុន ថាជំនួយរ៉ុក្កែតជាច្រើនគ្រាប់បានធ្វើឱ្យការប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែនប្រឆាំងរុស្សីកាន់តែមានសន្ទុះជាងមុន។
លោក Korotchenko បានលើកទឡ្ហីករណ៍ថា រុស្ស៊ីគួរស្វាគមន៍ទាហានកូរ៉េខាងជើង ដោយសារជំនាញធ្វើសង្រ្គាមរបស់ពួកគេ។
លោកបាននិយាយថា៖ «ប្រសិនបើប្រទេសកូរ៉េខាងជើងបង្ហាញបំណងចង់បំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហ្វាស៊ីសអ៊ុយក្រែន យើងគួរតែអនុញ្ញាតឱ្យពួកគេចូលរួមក្នុងជម្លោះនេះ»។
យោងតាមក្រុមប្រឹក្សាទំនាក់ទំនងបរទេស (CFR) ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានឱ្យដឹងថា យោធារបស់ប្រទេសកូរ៉េខាងជើងមានចំនួនច្រើនជាងគេលំដាប់ទី៤នៅលើពិភពលោក ដែលមានយោធាសកម្មជិត១,៣លាននាក់ ក្នុងនោះ ៦សែននាក់ទៀតគឺជាទាហានបម្រុង។
ទោះជាយ៉ាងណា អ្នកជំនាញការពារជាតិនិយាយថា យោធារបស់ប្រទេសនេះប្រើប្រាស់ឧបករណ៍និងបច្ចេកវិទ្យាហួសសម័យ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង Daily NK បានឱ្យដឹងថា កូរ៉េខាងជើងក៏គ្រោងនឹងផ្ដល់កម្មករ ដើម្បីជួយប្រទេសរុស្ស៊ីក្នុងការកសាងប្រទេសអ៊ុយក្រែនឡើងវិញក្រោយសង្គ្រាម។
ដោយដកស្រង់ប្រភពពីរុស្ស៊ី សារព័ត៌មាន Daily NK បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំផែនការបញ្ជូនកម្មករជាង១ ០០០នាក់ទៅកាន់តំបន់ដុនបាស (Donbas) ភាគខាងកើតអ៊ុយក្រែន ប្រសិនបើរុស្ស៊ីឈ្នះសង្គ្រាម។
សារព័ត៌មាន Daily NK បានរាយការណ៍ថា៖ «ដោយពិចារណាថាសង្គ្រាមមិនទាន់ចប់នៅឡើយទេ រដ្ឋាភិបាលគ្រោងនឹងបញ្ជូនកម្មករនៅពេលវេលាសមស្របណាមួយ ខណៈកំពុងតាមដានស្ថានការណ៍ជាក់ស្តែង»៕